អភិបាល​ខេត្ត​កំពត​រៀបរាប់​ពី​ប្រយោជន៍​​ដែល​ វឌ្ឍនាកា ទទួល​បាន​​នៅ​​ក្រៅ​ស្រុក​

  • 2017-12-15 23:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម​អភិបាល​ខេត្ត​កំពត​ពេញ​ចិត្ត​ដែល​បាន​ឃើញ​កូន​ប្រុស​ ចាន់ វឌ្ឍនាកា​ទទួល​បាន​ឱកាស​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ក្រៅ​ប្រទេស​ ពី​ព្រោះ​បាន​នាំ​អត្ថបទ​ប្រយោជន៍​ច្រើន​ដល់​ខ្លួន​ឯង​ គ្រួសារ​ និង​វិស័យ​កីឡា​នៅ​កម្ពុជា។

ឯកឧត្តម ចាន់ ចេស្តា និង ចាន់ វឌ្ឍនាកា

ពេល​ទៅ​ទទួល​កូន​ប្រុស​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ឯក​ឧត្តម​ ចាន់ ចេស្តា​បាន​រៀបរាប់​ថា​ រាល់​ការ​សម្រេច​ចិត្ត​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​របស់​ ចាន់ វឌ្ឍនាកា​​​​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រមុខ​ដឹក​នាំ​​ប្រទេស​គឺ​សម្តេច​តេជោ ហ៊ុន សែន​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ ឯក​ឧត្តម​សូម​អរគុណ​ដល់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ដែល​តែង​តែ​គាំទ្រ​ និង​អរគុណ​ដល់​សហព័ន្ធ​បាល់ទាត់​កម្ពុជា។

ឯកឧត្តម​បាន​រៀប​រាប់​ថា ការ​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​នេះ​​ ចាន់ វឌ្ឍនាកា​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​​សម្រាប់​ខ្លួន​ឯង​ និង​សង្គម​ជាតិ។ ទី​មួយ​​រូប​គេ​ទទួល​បាន​បទ​ពិសោធ​ថ្មី​​ៗ​ដើម្បី​​អភិវឌ្ឍ​ខ្លួន​ ​និង​ជួយ​ដល់​វិស័យ​បាល់ទាត់​កម្ពុជា។ ទី​២​ រូប​គេ​ជួយ​​ធ្វើ​ឲ្យ​វិស័យ​បាល់ទាត់​កម្ពុជា​កាន់​តែ​មាន​មុខ​​មាត់​ និង​កិត្តិយស​នៅ​លើ​ឆាក​អន្តរជាតិ។ ទី​៣​ រូប​គេ​ក៏​ទទួល​បាន​ប្រាក់​ចំណូល​សមរម្យ​ដើម្បី​ខ្លួន​ឯង​ និង​ក្រុម​គ្រួសារ។

សម្រាប់​ការ​ទៅ​លេង​នៅ​ជប៉ុន​មួយ​រដូវ​កាល​កន្លង​មក​ ឯកឧត្តម​បាន​សង្កេត​ឃើញ​ថា​ ចាន់ វឌ្ឍនាកា​មាន​ការ​រីក​ចម្រើន​ច្រើន​​តាម​រយៈ​កម្លាំង​កាយ​ កម្លាំង​ប្រាជ្ញា​ស្មារតី​ និង​បច្ចេកទេស​កាន់​តែ​ល្អ​ប្រសើរ។ ជា​ពិសេស​ទៀត​នោះ​ រូប​គេ​បាន​យល់​ដឹង​កាន់​តែ​ជ្រាលជ្រៅ​អំពី​របៀប​នៃ​ការ​រស់​នៅ​ក្នុង​សង្គម។

ប្រភព​ព័ត៌មាន​ទុក​ចិត្ត​បាន​ឲ្យ​ដឹង​​ថា ​ការ​ចុះ​កុងត្រា​នៅ​ក្លឹប​កំពូល​ម៉ាឡេស៊ី ចាន់ វឌ្ឍនាកា ​ទទួល​បាន​​តម្លៃ​ខ្លួន​​អាច​ជា ១៥០០០​ដុល្លារ​អាមេរិក​ឯ​ណោះ។ បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤ ខែ​ធ្នូ​ម្សិល​មិញ​ តារា​បាល់ទាត់​កម្ពុជា​ ចាន់ វឌ្ឍនាកា បាន​​ចុះ​កុងត្រា​ជា​ផ្លូវ​ការ​​កាល​ពី​ម្សិល​មិញ​ជាមួយ​ក្លឹប​ថ្មី​ PAHANG FA រយៈពេល​១​រដូវ​កាល៕

ចាន់ វឌ្ឍនាកា និង​អ្នក​គាំទ្រ

អត្ថបទ៖ ជាន ចាន់រ៉ា