កីឡាករ​១០​នាក់​របស់ Arsenal ​អាច​ដើរ​ចេញ ក្រោយ​ពី​ក្រុម​លេង​អន់​ពេក

  • 2017-12-16 02:09:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្រង់​លេង​មិន​ល្អ​នៅ​រដូវ​កាល​នេះ បាន​ធ្វើ​ឱ្យ​កីឡាករ​របស់​ក្រុម Arsenal ​១០​នាក់​អាច​នឹង​ពិចារណា​មិន​ចុះ​កុងត្រា​ថ្មី ​ឬ​រក​ក្លឹប​ថ្មី​តែ​ម្ដង​នៅ​រដូវ​ក្ដៅ​ខាង​មុខ។

រដូវ​កាល​នេះ ​ក្រុម​កាំភ្លើង​ធំ​ហាក់​ដូចជា​ដាច់​ឆ្ងាយ​មែនទែន​ហើយ ​ជាមួយ​ក្រុម​កំពូល​តារាង​លីគ​អង់គ្លេស ​ស្រប​ពេល​ដែល​ខ្លួន​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៧​ក្នុង​តារាង​ថែម​ទៀត។ ការ​នាំ​ចូល​កីឡាករ​ថ្មី ​នា​រដូវ​ក្ដៅ​កន្លង​ទៅ ​មិន​អាច​ជួយ​ក្រុម​របស់​លោក Wenger ​បាន​ច្រើន​ទាល់តែ​សោះ ដូច្នេះ​ហើយ ​ក្លឹប​មាន​គម្រោង​នឹង​រុះរើ​ក្រុម​នៅ​ខែ​មករា​ខាង​មុខ ​ឬ​អាច​នឹង​រដូវ​ក្ដៅ។

មក​ដល់​ពេល​នេះ ​មាន​របាយការណ៍​ថា​កីឡាករ​ដល់​ទៅ​១០​នាក់​ឯ​ណោះ ​អាច​នឹង​ចាកចេញ​ពី​ក្រុម​មួយ​នេះ ​ដោយ​រួម​ទាំង​តារា​ឆ្នើម Sanchez Welbeck Ramsey Giroud ​និង Ozil ​អី​ជា​ដើម។ ដូច​ដែល​បាន​ដឹង Ozil ​និង Sanchez ​ចង់​ចាកចេញ​​តាំង​ពី​រដូវ​កាល​មុន​មក​ម្ល៉េះ ​ប៉ុន្តែ​ការ​ផ្ទេរ​មិន​បាន​សម្រេច ទើប​បន្ដ​លេង​នៅ Arsenal ​១​រដូវកាល​នេះ​ទៀត។

Arsene Wenger ​និយាយ​ចំពោះ​ការ​ចង់​ចាកចេញ​របស់​កីឡាករ​ទាំង​អស់​ថា​វា​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ ដូច​ដែល​មាន​ដំណឹង​ថា Man Utd ​ចង់​បាន Ozil ​ដូច្នេះ​ដែរ។ លោក រំពឹង​ថា​ពួកគេ​នឹង​នៅ​លេង​ជាមួយ​ក្រុម​បន្ដ​ទៀត ​ហើយ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ប្រកួត​សិន ​ជា​ជាង​គិត​រឿង​ក្លឹប​ថ្មី។ នៅ​ម៉ោង​១០​យប់​នេះ ​ក្រុម​ Arsenal ​នឹង​ត្រូវ​លេង​ទល់​ក្រុម​ Newcastle United ​ក្នុង​ការប្រកួត​សប្ដាហ៍​ទី​១៨​របស់​ពួកគេ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ