វេជ្ជបណ្ឌិតជំនាញបារម្ភពីការប្រើប្រាស់កញ្ចប់ច្រកថ្នាំ ពុំមានព័ត៌មានគ្រប់គ្រាន់
- 2017-12-18 07:36:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេជ្ជបណ្ឌិតជំនាញបារម្ភពីការប្រើប្រាស់កញ្ចប់ច្រកថ្នាំ ពុំមានព័ត៌មានគ្រប់គ្រាន់
ចន្លោះមិនឃើញ
ក្រុមវេជ្ជបណ្ឌិតជំនាញបានបង្ហាញការព្រួយបារម្ភពីផលប៉ះពាល់ដល់សុខភាពអ្នកជំងឺ ខណៈឱសថស្ថាន ឬគ្លីនិកមួយចំនួនពុំបានប្រើប្រាស់កញ្ចប់ថ្នាំមានព័ត៌មានគ្រប់គ្រាន់ឱ្យទៅអ្នកជំងឺ ឬអតិថិជនរបស់ខ្លួនពេលមកទិញថ្នាំយកទៅព្យាបាលជំងឺ។ ក្រុមវេជ្ជបណ្ឌិតបានចាត់ទុកថា នេះគឺជាគុណវិបត្តិមួយធ្វើឱ្យប៉ះពាល់ទាំងសុខភាព ខាតបង់ទាំងថវិកា និងមុខមាត់វិស័យសុខាភិបាលនៅកម្ពុជា។
លោកឱសថការី លឹម រតនៈ ប្រធានសមាគមឱសថការីកម្ពុជាបានថ្លែងក្នុងសិក្ខាសិលាស្ដីពី ការអនុវត្តប្រើប្រាស់កញ្ចប់ច្រកថ្នាំថ្មី កាលពីចុងសប្ដាហ៍មុនថា កន្លងមកបណ្ដាឱសថស្ថាន ឬគ្លីនិកមួយចំនួនបានប្រើប្រាស់ថង់ ឬ ក្រដាសខ្ចប់ថ្នាំ មិនមានព័ត៌មានលំអិតដល់អតិថិជន ធ្វើឱ្យអ្នកជំងឺទទួលទានមិនត្រូវតាមក្បួនខ្នាតឱសថ។
លោកថា ថ្នាំខ្លះវេជ្ជបណ្ឌិតតម្រូវឱ្យអ្នកជំងឺបរិភោគក្រោយបាយ ប៉ុន្តែអ្នកជំងឺដឹងត្រឹមថា មួយថ្ងៃបរិភោគបីដង ដោយសារមិនមានព័ត៌មានគ្រប់គ្រាន់នៅលើកញ្ចប់ថ្នាំ។ ទីបំផុតធ្វើឱ្យប៉ះពាល់ដល់ក្រពះ ឯថ្នាំខ្លះវេជ្ជបណ្ឌិតបានណែនាំឱ្យបរិភោគមុនបាយ ប៉ុន្តែបែរជាបរិភោគក្រោយបាយធ្វើឱ្យថ្នាំត្រូវប្រតិកម្មជាមួយអាហារទៅជាប៉ះពាល់ដល់សុខភាព។
“អញ្ចឹងបើយើងមានព័ត៌មាននៅលើកញ្ចប់ហ្នឹងទៅអាចឱ្យយើងដឹងលេបនៅពេលណា? បើគាត់លេបនៅហ្នឹងវាជាបំពង់ក តែវាអាចឱ្យយើងមានជំងឺមួយទៀត គឺឈឺក្រពះ។ មានថ្នាំខ្លះទៀតគេណែនាំឱ្យយើងញ៉ាំមុនញ៉ាំបាយកន្លះម៉ោងស្រាប់តែយើងយកមកហូបក្រោយបាយ អញ្ចឹងវត្ថុធាតុដើមរបស់ថ្នាំទៅមានប្រតិកម្មជាមួយនឹងអាហាររបស់យើងវាទៅជារឿងផ្សេងមិនបានព្យាបាលជំងឺយើងឯណា។ ដល់តែនាំគ្នាទទួលទានថ្នាំមិនជាចោទថាថ្នាំស្រុកយើងក្លែងក្លាយ អត់គុណភាព ការព្យាបាលមិនមានប្រសិទ្ធភាព ជាមូលហេតុមួយនាំឱ្យប្រជាពលរដ្ឋយើងមួយចំនួនធំនាំគ្នាទៅព្យាបាលនៅស្រុកក្រៅ”។
លោកបានបន្ថែមថា ហេតុផលទាំងអស់នេះហើយទើប សមាគមឱសថការីកម្ពុជាបានរៀបចំសិក្ខាសាលានេះឡើងក្នុងន័យជំរុញឱ្យឱសថស្ថានទូទាំងប្រទេសប្រើប្រាស់កញ្ចប់ច្រកថ្នាំ ដែលមានព័ត៌មានគ្រប់គ្រាន់ ដើម្បីផ្ដល់ជាព័ត៌មានដល់អតិថិជនទទួលទានមានប្រសិទ្ធភាព។ កន្លងមកក្រសួងសុខាភិបាលក៏បានធ្វើការផ្សព្វផ្សាយច្រើនដែរ ក្នុងក្របខ័ណ្ឌសាធារណៈ។
បច្ចុប្បន្ននេះ កម្ពុជាមានឱសថស្ថានប្រហែល ១ ៧០០កន្លែង ដោយឡែកឱសថការីទទួលការបណ្តុះបណ្តាលចេញពីសាលាមានជាង ២ ០០០នាក់។ នេះបើតាមប្រសាសន៍លោកឱសថការី លឹម រតនៈ ប្រធានសមាគមឱសថការីកម្ពុជា។ លោកបានឱ្យដឹងទៀតថា ចំនួននេះនៅមិនទាន់ឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅឡើយ។ ក្រៅពីអប់រំសមាជិករបស់ខ្លួន សមាគមឱសថការីកម្ពុជាបានអំពាវនាវដល់ឱសថស្ថានទាំងអស់គួរសហការជាមួយនឹងសមាគមធ្វើយ៉ាងណាឱ្យវិស័យឱសថដើរមួយជំហានទៅមុខ ពិសេស គឺត្រូវផ្តល់ថ្នាំដល់អ្នកជំងឺត្រូវតាមក្បួនឱសថ។ ម្យ៉ាងអ្នកជំងឺខ្លួនឯងត្រូវរកទិញថ្នាំនៅឱសថស្ថានណា ដែលអ្នកលក់ផ្ទាល់គឺជាឱសថការី៕