ខ្លាំង​បាត់​! ក្រុមហ៊ុន​ចិន​ Geely ចង់ទិញ​ភាគហ៊ុន​របស់​មេ​ Mercedes

  • 2017-12-18 11:57:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ចិន​ Geely ​បាន​បង្ហាញ​មហិច្ចតា​របស់​ខ្លួន​ទិញ​យក​ភាគហ៊ុន​ Daimler ​ក្រុមហ៊ុន​មេ​របស់​ Mercedes ​បន្ទាប់​ពី​ក្រុមហ៊ុន​បង្កើត​តាំង​ពី​៣១​ឆ្នាំ​មុន​ទិញ​បាន​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ Terrafugia (​ផលិត​រថយន្ត​ហោះ​), Lotus ​និង​ភាគហ៊ុន​មួយ​ផ្នែក​របស់​ Proton ។

ទូរទស្សន៍​គ្រប់​គ្រង​ដោយ​រដ្ឋ​ China Central Television ​បាន​រាយការណ៍​ថា​ Geely ​ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ក្រុមហ៊ុន​រថយន្ត​ Volvo ​និង​ក្រុមហ៊ុន​ Lynk & Co ​គ្រោង​នឹង​ទិញ​ភាគហ៊ុន​ចន្លោះ​ពី​ ៣% ​ទៅ​ ៥% ​ពី​ក្រុមហ៊ុន​មេ​ Daimler ​របស់​ Mercedes ក្នុង​កិច្ច​ព្រមព្រៀង​មួយ​ដែល​មាន​តម្លៃ​ប្រហែល​ ៤,៧ ​ប៊ីលាន​ដុល្លារ​ហើយ​បើ​សិន​កិច្ច​ចរចារ​ទៅ​យ៉ាង​រលូន​នោះ​មាន​ន័យ​ថា​ Geely ​នឹង​ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន​ធំ​ជាង​គេ​លំដាប់​ទី​ពីរ​របស់​ Daimler ​ហើយ​ក្រុមហ៊ុន​នឹង​នាំ​មុខ​ Renault Nissan Mitsubishi Alliance ​ដែល​កាន់​កាប់​ភាគហ៊ុន​ ៣,១% ។ ចំណែក​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​គឺ​ប្រទេស​ គូវ៉ែត​មាន​ ៦,៨% ​ហើយ​ភាគហ៊ុន​នៅ​សេសសល់​គ្រប់គ្រង​ដោយ​បណ្តា​វិនិយោគិន​រដ្ឋ​និង​ឯកជន​ ។

Geely ​កំពុង​សម្លឹង​មើល​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ Daimler ​ក៏​ដូចជា​ការ​បង្កើត​ក្រុមហ៊ុន​បណ្តាក់​ទុន​រួម​គ្នា​ផលិត​រថយន្ត​អគ្គិសនី​ក្នុង​ប្រទេស​ចិន​ខណៈ​ Daimler ​បាន​បង្កើត​ក្រុមហ៊ុន​ជាមួយ​ក្រុមហ៊ុន​ចិន​ BYD ​កាល​ពី​ឆ្នាំ​ ២០១២ ​ដែល​វា​នឹង​ទទួល​ខុស​ត្រូវ​សម្រាប់​ផលិត​ម៉ាក​រថយន្ត​អគ្គិសនី​ Denza ។ យ៉ាងណាមិញ​សារ​ព័ត៌មាន​ Reuters ​ឱ្យ​ដឹង​កាល​ពី​ខែ​វិច្ឆិកា​ថា​ Daimler ​បាន​ទាត់​ចោល​សំណើរ​សុំ​ទិញ​ភាគហ៊ុន​ ៥%​ពី​ Geely នៅ​ចំណុច​តថ្លៃ​មួយ​ដែល​អាច​ធ្វើ​ឱ្យ​ភាគហ៊ុន​របស់​ម្ចាស់​ភាគហ៊ុន​ដែល​មាន​ស្រាប់​ធ្លាក់​ចុះ​តែ​ Daimler ​ប្រាប់​ Geely ​ថា​ ខ្លួន​អាច​ទិញ​ភាគហ៊ុន​ក្នុង​ទីផ្សារ​បើក​ចំហរ​បាន​ ។

គួរ​បញ្ជាក់​ថា​ Geely ​ក៏​ដូចជា​ក្រុមហ៊ុន​រថយន្ត​ដទៃទៀត​ក្នុង​ប្រទេស​ចិន​ស្ថិត​ក្រោម​សម្ពាធ​ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី​ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ "រថយន្ត​ថាមពល​ថ្មី" ​នៅ​ក្នុង​តំបន់​ដើម្បី​បំពេញ​តាម​ស្តង់ដារ​ថ្មី​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​ ។ ស្តង់ដារ​ទាំងនោះ​រួមមាន​គោលដៅ​សម្រាប់​រថយន្ត​អគ្គិសនី​ផលិត​ឱ្យ​បាន​យ៉ាងហោចណាស់​មួយ​ភាគ​ប្រាំ​នៃ​ការ​លក់​រថយន្ត​នៅ​ឆ្នាំ​ ២០២៥ ​ជាមួយ​នឹង​ប្រព័ន្ធ​កូតា​ដោយ​ចាប់ផ្តើម​នៅ​ដើម​ឆ្នាំ​ ២០១៨ ​ខាង​មុខ​ ។ លើសពីនេះ​ទៅ​ទៀត​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​ត្រូវ​តែ​ផលិត​រថយន្ត​អគ្គិសនី​យ៉ាង​តិច​ណាស់​ ១ ​គ្រឿង​សម្រាប់​លក់​នៅ​ឆ្នាំ​ ២០១៩ ​ខណៈ​ប្រទេស​ចិន​កំពុង​ពិចារណា​លើ​ការ​ហាមឃាត់​ទាំង​ស្រុង​រថយន្ត​ប្រើ​សាំង​ និង​ម៉ាស៊ូត​ ៕

ប្រភព៖ motorauthority.   ប្រែ​សម្រួល៖ សិរីបុទ្រ