Alba ស្វាគមន៍​ដៃ​ពីរ បើ Griezmann មក Barca មែន

  • 2017-12-18 13:35:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប​ឆ្វេង Jordi Alba កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​និយាយ​ថា ខ្លួន​ស្វាគមន៍​បើ​កីឡាករ​បារាំង Antoine Griezmann ចាក​ចេញ​ពី​ Atletico Madrid មក​ចូល​រួម​ជាមួយ Barcelona មែន។

Alba បាន​និយាយ​ប្រាប់ Onda Cero ថា៖ "គេ (Griezmann) ​គឺ​ជា​កីឡាករ​មួយ​ដ៏​កំពូល ដែល​លេង​បាន​យ៉ាង​ល្អ​ណាស់​នៅ​ក្លឹប Atletico ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ អ៊ីចឹង​បើ​គេ​មក​ចូល​រួម​ជាមួយ​យើង​មែន ខ្ញុំ​ស្វាគមន៍​ណាស់"។ ខ្សែ​ការពារ​អេស្ប៉ាញ​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ "ប៉ុន្តែ ក្រុម​យើង​បច្ចុប្បន្ន​ក៏​មិន​ណយ​ដែរ យើង​លេង​បាន​ល្អ​ណាស់​ក្នុង​ពេល​ឥឡូវ​ហ្នឹង។ យើង​នឹង​ចាំ​មើល​ទាំង​អស់​គ្នា​ថា​តើ​នឹង​មាន​អី​កើត​ឡើង​ក្នុង​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​ខាង​មុខ"។

ការ​ថ្លែង​របស់ Alba ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សារព័ត៌មាន​អេស្ប៉ាញ​ជា​ច្រើន​រាយ​ការណ៍​ថា ប្រធាន​ក្លឹប​អ្នក​មាន​បុណ្យ Josep Maria Bartomeu បាន​ធ្វើ​ការ​ជួប​គ្នា​ជាមួយ​ក្រុម​គ្រួសារ​របស់ Griezmann កាល​ពី​ពេល​ថ្មីៗ​នេះ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ គឺ​របាយការណ៍​ទាំង​អស់​នេះ លេច​ឡើង​បន្ទាប់​ពី​អ្នក​ចាត់​ការ Atletico លោក Diego Simeone កាល​ពី​សប្ដាហ៍​មុន បាន​និយាយ​ថា Griezmann អាច​ចេញ​ពី​ក្លឹប​បាន បើ​សិន​ជា​ចង់។

Antoine Griezmann បាន​មក​ចូល​រួម​ជាមួយ​ក្លឹប Atletico ពី Real Sociedad កាល​ពី​ឆ្នាំ ២០១៤ ហើយ​បាន​អភិវឌ្ឍ​ខ្លួន​រហូត​ក្លាយ​ជា​កីឡាករ​ដ៏​ល្អ​មួយ​រូប​ក្នុង​លោក។ កន្លង​មក ពាក្យ​ច​ចាម​អារាម​ជា​ច្រើន​បាន​លេច​ឡើង​ថា Griezmann នឹង​ចូល​រួម​ Manchester United នៅ​រដូវ​កាល​ក្រោយ។ ទោះ​ជា​យ៉ាង​ មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​របាយការណ៍​ជា​ច្រើន​ដែល​ថា កីឡាករ​វ័យ ២៦​ឆ្នាំ​រូប​នេះ អាច​ទៅ​ចូល​រួម​ជាមួយBarcelona ទៅ​វិញ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី