ទប់ទឹកភ្នែកមិនជាប់ ពេលអាន​សំបុត្រ​បណ្ដាំ​ចុង​ក្រោយ​របស់ Jonghyun

  • 2017-12-19 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង 9 ជា​សមាជិក​ក្រុម Dear Cloud និង​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​តារា​ចម្រៀង Jonghyun បាន​បង្ហាញ​សំបុត្រ​បណ្ដាំ​ចុង​ក្រោយ​របស់​ Jonghyun ជា​សាធារណៈ។

តាម​រយៈ​សារ​របស់​​តារា​ចម្រៀង 9 បាន​សរសេរ​ថា៖ "ខ្ញុំ​ទទួល​បាន​ការ​លា​គ្នា​ជា​លើក​ចុង​ក្រោយ​របស់ Jonghyun។ ខ្ញុំ​អាច​ឃើញ​ស្នាម​ញញឹម​របស់​គាត់​​ចេញ​ពី​​រូប​ថត​នៅ​កន្លែង​តម្កល់​សាក​សព ហើយ​វា​មើល​ទៅ​ដូច​ជា Jonghyun ​នឹង​ត្រឡប់​មក​រក​ខ្ញុំ​វិញ​​ ហើយ​ប្រាប់​ថា​វា​គ្រាន់​តែ​ជា​សុបិន​អាក្រក់​មួយ​ប៉ុណ្ណោះ។

ក្នុង​រយៈពេល​កន្លង​មក Jonghyun បាន​ចែក​រំលែក​រឿង​រ៉ាវ​ដ៏​ខ្មៅ​ងងឹត​របស់​គាត់​ជាមួយ​ខ្ញុំ។ គាត់​បាន​​ឆ្លង​កាត់​ ឧបសគ្គជាច្រើន​រៀង​រាល់​ថ្ងៃ។ នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​សង្ស័យ​ពី​អារម្មណ៍​ផ្លូវ​ចិត្ត​របស់​គាត់ ខ្ញុំ​បាន​ទាក់​ទង​ប្រាប់​ក្រុម​គ្រួសារ​គាត់ ឲ្យ​ព្យាយាម​ជួយ​ណែនាំ​គាត់​ ដើរ​ទៅ​គន្លង​ផ្លូវ​ដែល​ត្រឹម​ត្រូវ ប៉ុន្តែ​ទី​បំផុតវា​គ្រាន់​តែ​ជួយ​ពន្យារ​ពេល​វេលា​ចុង​ក្រោយ​របស់​គាត់​តែ​ប៉ុណ្ណោះ ហើយ​វា​មិន​គ្រប់​គ្រាន់​ក្នុង​ការ​ហាម​ឃាត់​គាត់​ឡើយ។ ទោះ​ជា​យ៉ាង​ណា ខ្ញុំ​នៅ​តែ​ស្ទើរ​មិន​ជឿ​ថា​ គាត់​លែង​នៅ​លើ​លោក​នេះ​ជាមួយ​ពួក​យើង​ទៀត​នោះ​ទេ ហើយ​វា​ពិត​ជា​ឈឺ​ចាប់​ណាស់។

ខ្ញុំ​មិន​ប្រាកដ​ចិត្ត​ថា​ ខ្ញុំ​គួរ​តែ​បង្ហោះ​បំណង​ចុង​ក្រោយ​របស់​គាត់​ ឬ​ក៏​អត់​នោះ​ទេ ព្រោះ​នៅ​តែ​គិត​ពី​ការ​ពិត ប៉ុន្តែ Jonghyun បាន​សុំ​ឲ្យ​ខ្ញុំ​បង្ហោះ​ពី​បំណង​របស់​គាត់ នៅ​ពេល​ដែល​គាត់​ចាក​ចេញ​ពី​ពិភពលោក​នេះ​ទៅ។ ខ្ញុំ​តែងតែ​សង្ឃឹម​ថា​នឹង​គ្មាន​ថ្ងៃ​នេះ​កើត​ឡើង។

ក្រោយ​ពី​បាន​ពិភាក្សា​ជាមួយ​គ្រួសារ​គាត់​រួច​មក យើង​បាន​សម្រេច​ចិត្ត​បង្ហាញ​បណ្ដាំ​របស់​គាត់។ វា​ប្រាកដ​ជា​មាន​ហេតុផល​ណា​មួយ​ដែល​គាត់​ទុក​បណ្ដាំ​នេះ​ឲ្យ​ខ្ញុំ។ ខ្ញុំ​ដឹង​ថា​រឿង​នេះ​អាច​ធ្វើ​ឲ្យ​មាន​ការ​ទាស់​ទែង​គ្នា​ខ្លះ ខ្ញុំ​ដឹង​ថា​គាត់​បាន​គិត​ពី​រឿង​នេះ​រួច​មក​ហើយ​ដែរ​ នៅ​ពេល​ដែល​គាត់​បាន​ហុច​សំបុត្រ​នេះ​មក​ឲ្យ​ខ្ញុំ ហើយ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ដើម្បី​បំពេញ​បំណង​ចុង​ក្រោយ​របស់​គាត់ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​អ្វី​ដែល​គាត់​បាន​សុំ​ខ្ញុំ​ឲ្យ​ធ្វើ​នោះ។

ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​នៅ​តែ​ដឹង​ថា​ Jonghyun មិន​នៅ​តែ​ឯង​នោះ​ទេ ហើយ​ខ្ញុំ​ក៏​ចង់​អរគុណ​គាត់ និង​សរសើរ​ដោយ​ស្មោះ​ថា​កន្លង​មក​គាត់​ពិត​ជា​ធ្វើ​​បាន​ល្អ​ណាស់។ សូម​ប្រាប់​គាត់​ផង​ថា​ គាត់​ធ្វើ​​ការ​បាន​ល្អ​ណាស់ និង​អរគុណ​សម្រាប់​ការ​អត់ទ្រាំ​នូវ​រឿង​ឈឺ​ចាប់​រហូត​មក​ដល់​ពេល​នេះ។ Jonghyun ដ៏​សង្ហា​ ខ្ញុំ​ពិត​ជា​ស្រលាញ់អ្នក​ណាស់ ហើយ​ខ្ញុំ​នៅ​តែ​ស្រលាញ់​អ្នក​ជា​រៀង​រហូត។ សូម​កុំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ទៀត​ សូម​រស់​នៅ​ទី​នោះ​ឲ្យ​បាន​សុខ"។

អម​ជាមួយ​សារ​ដ៏​វែង​នេះ​ផង​ដែរ តារា​ចម្រៀង 9 បាន​បង្ហោះ​សំបុត្រ​ដែល​ Jonghyun បាន​សរសេរ​ទុក​នោះ។ ក្នុង​សំបុត្រ​នោះ Jonghyun បាន​សរសេរ​ពាក្យ​ពេចន៍​ក្នុង​ចិត្ត​ជាច្រើន​ដែល​​បង្ហាញ​ពី​មូលហេតុ​ដែល​លោក​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​ខ្លួន​ទាំង​វ័យ​ក្មេង​បែប​នេះ៖

“ខ្ញុំ​បាន​ឈឺ​ចាប់​គ្រាំ​ចិត្ត។ ជំងឺ​ផ្លូវ​ចិត្ត​បាន​​លេប​ត្របាក់​ខ្ញុំ​បន្តិច​​ម្ដងៗ​រហូត​ដល់​រូប​រាង​កាយ​ខ្ញុំ​ទាំង​មូល ហើយ​ខ្ញុំ​មិន​អាច​​ជម្នះ​នឹង​វា​បាន។ ខ្ញុំ​ស្អប់​ខ្លួន​ឯង។ ខ្ញុំ​បាន​ចាប់​យក​​ការ​ចង​ចាំ​ដែល​​បាន​បែក​បាក់​ទាំង​ប៉ុន្មាន ហើយ​ប្រឹងប្រែង​ផ្សារភ្ជាប់​ឲ្យ​វា​ជាប់​គ្នា​សាជាថ្មី​ តែ​ខ្ញុំ​មិន​ទទួល​បាន​ចម្លើយ​អ្វី​ទាំង​អស់។ ប្រសិន​បើ​ខ្ញុំ​មិន​អាច​ជួយ​ឲ្យ​ខ្លួន​ឯង​ដក​ដង្ហើម​បាន​ស្រួល​ដូច​គេ​ផង​នោះ ខ្ញុំ​គួរ​តែ​ឈប់​ដក​ដង្ហើម​តែ​ម្ដង​ទៅ វា​ល្អ​ជាង។

ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ ដែល​មិន​អាច​ទទួល​ខុស​ត្រូវ​ចំពោះ​ខ្លួន​ឯង​បាន។ មាន​តែ​ខ្លួន​ខ្ញុំ​តែ​ម្នាក់​គត់ ខ្ញុំ​ពិត​ជា​ឯកោ​ខ្លាំង​ណាស់។ វា​​​ពិត​ជា​ងាយ​ស្រួល​ណាស់​បើ​និយាយ​ពី​​​ទី​បញ្ចប់​នោះ។ វា​ពិត​ជា​ពិបាក​ក្នុង​ការ​បញ្ចប់​វា។ ខ្ញុំ​រស់​នៅ​រហូត​មក​ដល់​ពេល​នេះ​ព្រោះ​តែ​ការ​លំបាក​ទាំង​នេះ។ ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា​ខ្ញុំ​ចង់​រត់​គេច។ ត្រូវ​ហើយ ខ្ញុំ​ចង់​រត់​គេច​ចេញ ​ពី​ខ្លួន​ឯង ពី​អ្នក​ទាំង​អស់​គ្នា។

ខ្ញុំ​បាន​សួរ​ថា​ តើ​នរណា​នៅ​ទី​នោះ? គឺ​ជា​ខ្ញុំ! គឺ​ជា​ខ្ញុំ​ទៀត​ហើយ! ហើយ​វា​នៅ​តែ​ជា​ខ្ញុំ​ដដែល។ ខ្ញុំ​​បាន​សួរ​ខ្លួន​ឯង​ថា ហេតុ​អី​បាន​ជា​ខ្ញុំ​នៅ​តែ​បន្ត​បាត់​បង់​ការ​ចង​ចាំ? នេះ​ក៏​ព្រោះ​តែ​ចរិត​របស់​ខ្ញុំ ខ្ញុំ​យល់​ហើយ​ ដូចនេះ​នៅ​ទី​បំផុត​វា​នៅ​តែ​ជា​កំហុស​របស់​ខ្ញុំ​ទាំង​អស់។ ខ្ញុំ​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​ចាប់​អារម្មណ៍​ ប៉ុន្តែ​គ្មាន​នរណា​អើពើ​នោះ​ទេ។ ពួក​គេ​មិន​ដែល​ទាំង​ជួប​ខ្ញុំ​ផង ពួក​គេ​មិន​ដឹង​ថា​ខ្ញុំ​កើត​នៅ​លើ​លោក​នេះ​ផង។

ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា​ ហេតុ​អី​បាន​ជា​ពួក​គេ​រស់​នៅ? ពួក​គេ​គ្រាន់​តែ​រស់ រស់​​បន្ត​ដង្ហើម​ទៅ​មុខ​ទៀត។ បើ​សិន​ជា​អ្នក​ទាំង​អស់​គ្នា​សួរ​ខ្ញុំ​ថា​ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​រើស​យក​ការ​ស្លាប់ ខ្ញុំ​នឹង​ឆ្លើយ​ថា​ ដោយសារ​ខ្ញុំ​ហត់​នឿយ​ខ្លាំង​ពេក។ ខ្ញុំ​ទទួល​រង​​ការ​ប៉ះ​ទង្គិច​ ហើយ​ខ្ញុំ​ក៏​បាន​គិត​វា​​យ៉ាង​ល្អិត​ល្អន់​ច្បាស់​លាស់​បំផុត​ដែរ។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​មិន​អាច​ផ្លាស់​ប្ដូរ​ការ​ឈឺ​ចាប់​នេះ​ឲ្យ​ទៅ​ជា​អ្វី​ដែល​ល្អ​ឡើង​វិញ​បាន​នោះ​ទេ។ ការ​ឈឺចាប់​ វា​អ៊ីចឹង​ឯង វា​ឈឺ។

ពួក​គេ​បាន​ស្ដី​បន្ទោស​ខ្ញុំ​ កុំ​ឲ្យ​ខ្ញុំ​ធ្វើ​រឿង​បែប​នេះ ហេតុ​អី? ហេតុ​អី​ខ្ញុំ​មិន​អាច​បញ្ចប់​រឿង​មួយ​តាម​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ? ពួក​គេ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​រក​ដើមហេតុ​​នៃ​​ការ​ឈឺ​ចាប់​របស់​ខ្ញុំ។ ខ្ញុំ​ដឹង​ខ្លួន​ឯង​ច្បាស់​ណាស់ ខ្ញុំ​ឈឺចាប់​ដោយ​សារ​តែ​ខ្លួន​ខ្ញុំ។ វា​ជា​កំហុស​របស់​ខ្ញុំ ហើយ​ទាំង​អស់​នេះ​ព្រោះ​តែ​ខ្ញុំ​ខ្វះ​ខាត​អ្វី​មួយ។ លោក​គ្រូពេទ្យ នេះ​ជា​អ្វី​ដែល​លោក​ចង់​ឮ​មែន​ទេ? អត់​ទេ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ។ នៅ​ពេល​ដែល​សំឡេង​​ដ៏​ពីរោះ​បាន​ស្ដី​​បន្ទោស​មក​លើ​ចរិត​របស់​ខ្ញុំ ខ្ញុំ​បាន​គិត​ថា ធ្វើ​ជា​គ្រូពេទ្យ​ស្រួល​អ៊ីចឹង​​សោះ។

មនុស្ស​ដែល​​ឆ្លង​កាត់​ការ​លំបាក​ខ្លាំង​ជាង​ខ្ញុំ ពួក​គេ​រស់​នៅ​ធម្មតា មនុស្ស​ដែល​ទន់​ខ្សោយ​ជាង​ខ្ញុំ ពួក​គេ​នៅ​តែ​ទ្រាំ​ទ្រ​រស់​នៅ​បាន។ ប្រហែល​វា​មិន​មែន​ជា​ការ​ពិត​នោះ​ទេ គ្មាន​នរណា​ម្នាក់​​ពិបាក​ និង​​ទន់​ខ្សោយ​ជាង​ខ្ញុំ​ ហើយ​នៅ​បន្ត​រស់​នៅ​បាន​ទៀត​នោះ​ទេ។ ខ្ញុំ​នៅ​តែ​សួរ​ខ្លួន​ឯង​ថា​ហេតុ​អ្វី​ខ្ញុំ​នៅ​តែ​ព្យាយាម​រាប់​រយ​ដង​ហើយ​ វា​នៅ​តែ​មិន​បាន​ផល​ល្អ​សម្រាប់​ខ្លួន​ឯង។ វា​សម្រាប់​អ្នក​ទាំង​អស់​គ្នា សូម​កុំ​និយាយ​អ្វី​ទាំង​អស់​ បើ​សិន​ជា​អ្នក​មិន​យល់​ពី​វា​នោះ។ រក​មូលហេតុ​ ហេតុ​អី​បាន​ជា​ខ្ញុំ​ទទួល​រង​ភាព​ឈឺចាប់? ខ្ញុំ​បាន​ប្រាប់​ហើយ​ថា​ហេតុ​អ្វី។ វា​ពិត​ជា​ខុស​ខ្លាំងណាស់​មែន​ទេ​ដែល​ត្រូវ​ឈឺចាប់​ខ្លាំង​​ដោយ​សារ​រឿង​នេះ តើ​ខ្ញុំ​គួរ​តែ​មាន​ហេតុ​ផល​ដូច​ក្នុង​រឿង​ច្រើន​ជាង​នេះ​មែន​ទេ? ហេតុផល​ច្បាស់​លាស់​ជាង​នេះ? ខ្ញុំ​បាន​ប្រាប់​អ្នក​ហើយ។ អ្នក​មិន​បាន​ស្តាប់​ឮ​ទេ? អ្វី​ដែល​អ្នក​​អាច​ឆ្លង​កាត់​បាន វា​មិន​​តាម​លង​បន្លាច​ជីវិត​អ្នក​នោះ​ទេ។ តតាំង​ជាមួយ​ពិភពលោក​ដែល​មិន​មែន​សម្រាប់​ខ្ញុំ។ ជីវិត​នៃ​កេរ្តិ៍​ឈ្មោះ​មិន​មែន​សម្រាប់​ខ្ញុំ។ នេះ​ជា​ហេតុ​ផល​ដែល​ខ្ញុំ​ឈឺចាប់។ ព្រោះ​តែ​ខ្ញុំ​ល្បី​ល្បាញ។

ហេតុ​អ្វី​ខ្ញុំ​រើស​យក​ផ្លូវ​នេះ? វា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ខ្លាំង​ណាស់។ វា​ជា​ចម្ងល់​ដែល​ស្ថិត​នៅ​ជាមួយ​ខ្ញុំ​ជា​រៀង​រហូត។ ខ្ញុំ​អាច​​និយាយ​អ្វី​បាន គ្រាន់​តែ​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​ធ្វើ​វា​បាន​ល្អ​ហើយ។ ប៉ុណ្ណឹង​គ្រប់​គ្រាន់​ហើយ ដែល​ខ្ញុំ​ប្រឹងប្រែង​បាន​យ៉ាង​នេះ។ ទោះ​បី​ជា​អ្នក​មិន​អាច​ញញឹម​បាន​តែ​កុំ​កុហក​ខ្ញុំ​ពេល​ខ្ញុំ​ចេញ​ទៅ។ អ្នក​ធ្វើ​វា​បាន​ល្អ​ណាស់ អ្នក​ប្រឹង​ប្រែង​ខ្លាំង​ណាស់។ លាហើយ។"

គួរ​រម្លឹក​ដែរ​ថា មុន​ពេល​ដែល​​តារា​ចម្រៀង​រូប​នេះ ធ្វើ​អត្តឃាត​នោះ លោក​ក៏​បាន​ផ្ញើ​សារ​ទៅ​​បង​ស្រី​របស់​លោក​ជា​លើក​ចុង​ក្រោយ​ផង​ដែរ។

សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ និង​មិត្ត​ភក្តិ​របស់ Jonghyun ផង ជាពិសេស​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​លោក​ទៅ​កាន់​សុគតិភព​កុំបីខាន៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែសម្រួល៖ អន សុភក្ត្រា