សាស្រ្តាចារ្យ​ជនជាតិជប៉ុន​ ប្រើពេល​ទំនេររបស់​ខ្លួន​ដើររើស​សំរាម​នៅ​តំបន់​មួយ​ជាយក្រុង​ភ្នំពេញ​

  • 2018-09-05 05:40:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹក​ព្រលឹម​ម៉ោង​មិនទាន់​ប្រាំពីរ​ស្រួល​បួល​ផង​សាស្រ្តាចារ្យ​ជនជាតិ​ជប៉ុន​ម្នាក់​បានអូសរទេះ​របស់​ខ្លួន​ដើរ​រើស និង​ប្រ​មូល​សំរាម​នៅ​​​តំបន់​បុរី​សន្តិភាព​២ ក្នុង​មូលដ្ឋាន​សង្កាត់​ចោម​ចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

(លោក Aibiki កំពុង​បោសំរាម​តាម​ផ្លូវម្តុំបុរីសន្តិភាព២)

លោក​សា្រស្ត្រាចារ្យ​មាន​ឈ្មោះថា INOUE Koji ឬហៅ​ក្រៅ​ថា​ Aibiki ​បង្រៀន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម ​បាន​មក​រស់​នៅ​ប្រ​ទេស​កម្ពុជា​ជិត​ប្រាំ​មួយ​ឆ្នាំ​មក​ហើយ។ តាម​រយៈ​អ្នក​បក​ប្រែ លោក​មាន​ប្រសាសន៍​ថា​លោក​បាន​មើល​ឃើញ​ថាក្មេងៗ​នៅ​តំបន់​នោះ​លេង​ជាមួយ​សំរាម ហើយ​លោក​បារម្ភថា​ក្មេង​ទាំង​នោះ​អាច​មាន​ជំងឺ ឬគ្រោះ​ថ្នាក់​ដោយ​សារ​ដែកគោល ឬ​វីស​ដែល​គេ​បោះ​ចោល​នៅ​តាម​ផ្លូវ​ជាដើម។

អស់​រយៈ​​ពេល​​ប្រហែល​​១០​ខែ​មក​ហើយ​ដែល​លោក Aibiki បាន​ធ្វើ​កិច្ច​ការ​នេះ​នៅ​ក្នុង​បុរី​សន្តិភាព​២​ ដោយ​ហេតុ​ផល​ថា​៖ «ខ្ញុំ​ចូល​ចិត្ត​កន្លែង​រស់​នៅ​ស្អាត អ៊ីចឹង​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ខ្ញុំ​ចង់​ធ្វើ ដូច​ជា​ការ​រើស​សំរាម ខ្ញុំ​អាច​ធ្វើ​បាន អ៊ីចឹង​ខ្ញុំធ្វើ...ខ្ញុំ​ជាមនុស្ស​សាមញ្ញ​ម្នាក់ អ៊ីចឹង​ខ្ញុំ​ធ្វើ​អ្វីដែល​ខ្ញុំ​អាច​ធ្វើបាន...​ខ្ញុំ​គិត​ថា​បងប្អូន​ទាំងអស់​គ្នា​រវល់​រៀងៗ​ខ្លួន អ៊ីចឹង​ខ្ញុំ​មិន​ចង់​រំខាន​ពួក​គាត់ អ៊ីចឹង​ខ្ញុំធ្វើ​ដោយ​ខ្លួន​ឯង...​ដំបូង​ខ្ញុំ​គិតថា​ខ្ញុំ​ប្រ​មូល​សំរាម​ដើម្បី​កុំ​ឲ្យ​ក្មេង​ឆ្លង​ជំងឺ និង​មាន​របួស​អី​អ៊ីចឹង»។

(លោក Aibiki ពេល​ផ្តល់បទសម្ភាសន៍ជាមួយ​Sabay)

ដោយ​តំបន់​នោះមាន​​រថ​យន្ត​ចូល​ប្រ​មូល​សំរាមស្រាប់​លោក​ថា​ប្រ​ជា​ពល​រដ្ឋ​គ្រាន់​វេចខ្ជប់​សំរាម​ទុក​ដាក់​ឲ្យ​បាន​ស្រួល ជាការស្រេច ​និង​ធ្វើ​ឲ្យ​តំបន់​នោះស្អាត​។​

​លោក Aibiki បាន​ដើរ​រើស​សំរាម ជា​មួយអំបោស រនាស់​ និង​រទេះ​មួយ​។ លោក​បាន​ប្រ​មូល​សំរាម​ដាក់​ក្នុង​ថង់ នឹង​ចងទុក​ស្រួល​បូល​សម្រាប់​ឲ្យ​អ្នកប្រ​មូល​សំរាម​ងាយស្រួល​យក។ លោក​បាន​ដើរ​ប្រ​មូល​សំរាម​​នៅ​តាម​ដង​ផ្លូវ និង​របង​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​។

លោក​អះអាងថា​បើ​សិនជា​មាន​ប្រ​ជា​ពល​រដ្ឋ​ច្រើន​ចូល​រួម​គ្នា​ធ្វើ​កិច្ច​ការនេះ​ តំបន់​ដែល​គាត់​កំពុង​ប្រ​មូល​សំរាម​នឹង​ស្អាត គ្មាន​សំរាម។ លោក​ថា​លោក​ជឿថា​ប្រ​ជា​ពល​រដ្ឋ​នៅ​ទីនោះ​​នឹង​ធ្វើ​រឿង​នេះ​ទាំងអស់​ ដោយ​ថា​កន្លង​មក​ក៏​មាន​ដែ​រ​ប្រ​ជា​ពល​រដ្ឋ​ពីរ​បី​នាក់​បាន​ចូល​រួម​ប្រ​មូល​សំរាម​ជាមួយ​លោក។

លោក​បន្ថែមថា៖ «អ្វី​ដែល​ខ្ញុំ​បាន​គិត​គឺ​ថា​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ពួក​គាត់​បាន​ឃើញ បាន​យល់ បាន​ចាប់​អារម្មណ៍​​មក​លើអ្វី​ដែល​ខ្ញុំ​បាន​ធ្វើ ព្រោះ​ពួកគាត់​មិន​មែន​ជា​ក្មេង បើក្មេង​យើង​អាច​បង្រៀន តែ​មនុស្ស​ធំ​យើង​អាច​ឲ្យ​គាត់​មើល​ឃើញ ឲ្យ​គាត់​ចាប់​អារម្មណ៍ យក​ខ្ញុំ​ជា​គំរូ នេះ​ហើយ​ជាអ្វី​ដែល​ខ្ញុំគិត​ឃើញ...​ខ្ញុំ​ថាអ្វី​ដែល​ខ្ញុំធ្វើនេះ​អាច​ជាគំរូ​ខ្លះដែរ ដូច​ជាពេល​ខ្ញុំ​សម្អាត​នៅ​មុខ​សាលា​មាន​មនុស្ស​មក​ជួយ​ខ្ញុំ​ បើ​មាន​មនុស្ស​បែប​នេះ​កាន់​តែ​ច្រើន​​ប្រ​ទេស​ខ្មែរ​កាន់តែ​ស្អាត​»។

លោក​សាស្រ្តាចារ្យ​ជំនាញ​ផ្នែក​សុវត្ថិភាព​ចំណី​អាហាររូប​នេះ​បន្ថែម​ថា​ការ​គ្រប់​គ្រង​សំរាម​ គឺ​ត្រូវ​មានការ​ចូល​រួម​ទាំង​មន្ត្រី​រដ្ឋ និង​ប្រ​ជា​ពល​រដ្ឋ​មូល​ដ្ឋាន។ លោក​បន្តថានៅ​ជប៉ុន​ក៏​ធ្លាប់​ជួប​​បញ្ហា​សំរាម​​ដូច​នៅ​កម្ពុជា​ពេល​នេះ​ដែរ ហើយ​លោក​ថា​បើ​កម្ពុជា​ចាប់​ផ្តើ​មគិត​គូរ​ពី​បញ្ហា​សំរាម​ពី​ពេលនេះ​ទៅ​នោះ​ ១០​ឬ​២០​ឆ្នាំ​ក្រោយ​កម្ពុជា​នឹង​ស្អាត​ដូច​ប្រ​ទេស​ជប៉ុន​ដែរ។

លោក​ថា​តាម​ប​ទពិសោធន៍ ប្រ​ទេស​ជប៉ុន​គឺ​បង្ហាត់​ក្មេង​ៗ​នៅ​តាម​សាលា​ឲ្យ​ចេះ​ទុក​ដាក់​សំរាម និង​គ្រប់​គ្រង​សំរាម​តាំងពី​ថ្នាក់​បឋម​រហូត​ដល់​វិទ្យាល័យ ហើយ​ថា​កម្ពុជា​ក៏​អាច​ធ្វើ​ដូច​គ្នានេះ​បានដែរ៕

អត្ថបទ៖ ទូច សុខា