ផ្ទុះការលើកឡើងថា បើក្រសួងអប់រំស្រង់ពិន្ទុខុសមែន លទ្ធផលបាក់ឌុបនឹងប្រែប្រួលទូទាំងប្រទេស

  • 2018-09-11 03:32:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើរកឃើញកំហុសបច្ចេកទេស ដូចជាបញ្ជូលពិន្ទុខុស ច្រលំ បញ្ហា Error System ឬ Database លទ្ធផលបាក់ឌុបនឹងប្រែប្រួលទូទាំងប្រទេស ចំនួនភាគរយជាប់ក៏ប្រប្រួល ចំនួនសិស្សនិទ្ទេស A, B, C, D, E ក៏នឹងប្រែប្រួលដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​អ្នក​សង្កេត​ការណ៍ (ACU) ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ។

បេក្ខជន​ដែល​ជា​អ្នក​ប្រឡង ក៏​ដូចជា​លោក​គ្រូ​អ្នក​គ្រូ មួយ​ចំនួន​ធំ​បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​ថា កំហុសនៃការកែវិញ្ញាសាដូចទៅមិនរួចទេ ព្រោះមានការកែ ត្រួត​ពិនិត្យ​កិច្ចការ​សិស្ស​ម្នាក់​ច្រើន​គ្នា បើបានពិន្ទុខ្ពស់ក៏ត្រួតពិនិត្យឡើងវិញ បើបានពិន្ទុតិចពេកក៏ត្រួតពិនិត្យឡើងវិញដែរ ហើយ​មាន ACU នៅជាមួយជានិច្ច។

មន្ត្រី ACU លើក​ឡើង​ថា​ អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់គឺក្នុងថ្ងៃបញ្ចូលពិន្ទុចូលប្រព័ន្ធកុំព្យូទ័រ មាន​ការ​ធ្វើ​កោសល្យ​វិច័យ​លើសន្លឹក MCS រាប់ពាន់សន្លឹក ស្មើនឹងចំនួនសិស្សរាប់ពាន់នាក់ដែរ ពេល​នោះ​ប្រាកដ​ជាមានបញ្ហា។

ដោយ​ឡែក​ក្រសួង​អប់រំ បាន​បញ្ជាក់​ថា សិស្ស​បាក់ឌុប​ប្រឡង​ឆ្នាំ ២០១៨​ ដឹង​លទ្ធផល​រួច​ហើយ តែ​កើត​ទុក្ខ​​មិន​សុខ​ចិត្ត​នូវ​លទ្ធផល​ប្រឡង​ធ្លាក់​មុខវិជ្ជា​គណិត ឬ​មុខវិជ្ជា​ដទៃ​ទៀត​នោះ​ ​​ ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ក្រសួង​មក​​​ពិនិត្យ​ពិន្ទុ​ឡើង​វិញ​បាន​។ ទន្ទឹម​នឹង​នេះ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ឯកឧត្ដម​ហង់ជួន ណារ៉ុន បាន​បង្ហើប​ថា​ក្រសួង​នឹង​ធ្វើ​ការ​​បើក​សន្លឹក​កិច្ចការ​គណិត​វិទ្យា របស់​បេក្ខជន​មួយ​ចំនួន​ផ្ទៀងផ្ទាត់​ឡើង​វិញ។

មាន​បេក្ខជន​រាប់ពាន់​នាក់​ផ្ទុះ​ការ​តវ៉ា​ជា​បន្តបន្ទាប់ ក្រោយ​ពេល​ប្រកាស​លទ្ធផល​បាក់​ឌុប​មាន​សិស្ស​រាប់​ពាន់​នាក់​ធ្លាក់​មុខ​វិជ្ជា​គណិត។ ក្នុង​នោះ​សូម្បី​សិស្ស​ឆ្នើម​លំដាប់​អន្តរជាតិ ឆាយ លីអាន ធ្លាប់​បាន​មេដាយ​មាស​ឆ្នាំ​២០១៨ ក៏​ធ្លាក់​មុខ​វិជ្ជា​គណិត​ដែរ ដែល​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​គ្រប់​មជ្ឈដ្ឋាន។

ក្រោយ​មាន​ប្រតិកម្ម​ជា​ច្រើន រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​ស្នើ​ឲ្យ​អ្នក​ដែល​មាន​បញ្ហា​ដាក់​ពាក្យ​បណ្ដឹង​មក​កាន់​ក្រសួង​ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ៕

អត្ថបទ៖ វឌ្ឍនៈ