ក្ដៅ! ​លទ្ធផល​ប្រលង​បាក់​ឌុប​មាន​ការ​ប្រែប្រួល ខណៈចំនួនសិស្សនិទ្ទេស A មានការកើនឡើង

  • 2018-09-13 12:21:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពី​លទ្ធផល​នៃ​ការ​រក​ឃើញ​របស់​គណៈកម្មការ​កោសល្យ​វិច័យពិន្ទុ​សិស្ស​ប្រលង​បាក់​ឌុបហើយ ដើម្បីឆ្លើយតប​​ចំពោះ​ការ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​បាក់ឌុប​សម័យ​ប្រលង​ ២០ សីហា ២០១៨ កន្លង​ទៅ។

រូបតំណាង

លទ្ធផល​ថ្មី​នេះ បង្ហាញ​ថា លទ្ធផល​ប្រលងបាក់ឌុប​ទាំង​មូល​មាន​ការ​ប្រែប្រួល ពោល​គឺ កើន​ឡើង​អ្នក​ជាប់ ហើយ​អ្នក​ជាប់​និទ្ទេស A ក៏​កើន​ឡើង​ដែរ។

គណៈ​កម្មការ​បាន​រក​ឃើញ​ថា "ដំណើរ​ការ​បូក​ស្រង់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​មាន​បញ្ហា​បច្ចេកទេស ដែល​បាន​ប៉ះពាល់​ដល់​ពិន្ទុ​វិញ្ញាសា​គណិតវិទ្យា​របស់​ថ្នាក់​វិទ្យាសាស្ត្រ ក្នុង​មណ្ឌល​មួយ​ចំនួន ដោយ​សារ​កម្មវិធី​កុំព្យូទ័រ​មិន​បាន​បូក​ស្រង់​ពិន្ទុ​មុខ​វិជ្ជា​គណិតវិទ្យា​ចំនួន ៧៤០ បន្ទប់"។

ក្រោយ​ដោះ​ស្រាយ​បញ្ហា​រួច ក្រសួង​អប់រំ​បាន​លើក​ឡើង​ថា លទ្ធផល​បាក់ឌុប​មាន​ការ​ប្រែប្រួល​ដូច​ទៅ៖ បេក្ខជន​ជាប់​សរុប ៧៦ ០៣៤ នាក់(តួលេខចាស់ ៧៥០៥៩នាក់) ត្រូវ​ជា ៦៧,០៧ ភាគ​រយ។ បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៤០៨ នាក់(តួលេខចាស់ ២៩០) B មាន​ចំនួន ២ ២២២ នាក់, C មាន​ចំនួន ៦ ០៤១ នាក់, D មាន​ចំនួន ១៥ ១៨០ នាក់ និង​ E មាន​ចំនួន ៥២,១៨៣ នាក់។ ក្រសួង​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មិន​មាន​ការ​ប្រែប្រួល​ឡើយ។

ក្រសួង​អប់រំ​នឹង​ប្រកាស​លទ្ធផល​ប្រឡង​ថ្មី សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​នៅ​ថ្ងៃ​ស្អែក​ទី ១៤ កញ្ញា​ ២០១៨ នៅ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង និង​តាម​មន្ទីរ​អប់រំ​នៅ​មួយ​ថ្ងៃ​បន្ទាប់៕

ប្រភព៖ facebook   អត្ថបទ៖ សេរី មង្គល