ប្លែកមែន! ណាខុន និង ឌុច លីដា តាមគ្នាស្អិតដូចគូស្នេហ៍កំលោះក្រមុំទើបចាប់ផ្ដើមគ្រាដំបូង

  • 2018-09-20 03:45:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ​​មាន​ពាក្យ​​ចចាមអារ៉ាម​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​ថា​តារា​សម្ដែង​ ឌុច លីដា និង ណាខុន កំពុង​តែ​លួច​បង្កាត់​ភ្លើង​ស្នេហ៍​ក្រៅ​ឆាក​ក្រោយ​​អ្នក​ទាំង​ពីរ​បាន​ប៉ះ​គ្នា​លើ​ដំបូង​ក្នុង​​ខ្សែភាពយន្ត​ភាគ​រឿង "ម្ចាស់​ចម្ការ"។

ជុំវិញ​ការ​លើក​ឡើង​ដូច្នេះ​ដោយ​សារ​តែ​​មួយ​រយៈ​​ចុង​ក្រោយ​នេះ​គេ​ឧស្សាហ៍​ឃើញ​អ្នក​ទាំង​ពីរ​ដឹក​ដៃ​គ្នា​ទៅ​ចូល​រួម​កម្មវិធី​តូច​ធំ​ដូច​គូស្នេហ៍​​កំលោះ​ក្រមុំ​ ទើប​ផ្ដើម​ស្នេហ៍​គ្រា​ដំបូង​ដែល​មិន​អាច​ខ្វះ​គ្នា​បាន។សម​ដូច​ពាក្យ​ចាស់​លោក​ពោល​ថា៖"ទីណា​មាន​ទឹក​ទីនោះ​មាន​ត្រី ទីណា​មាន​ ណាខុន ទីនោះ​មាន​ ឌុច លីដា"។

ដើម្បី​ស្រាយ​មន្ទិល​នូវ​ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ​ ឌុច លីដា ទទួល​ស្គាល់​ថា អំឡុង​ពេល​នេះ​នាង និង ណាខុន ពិត​ជា​មាន​ទំនាក់​ទំនង​ពិសេស​មែន​ តែ​មិន​មែន​ក្នុង​ន័យ​ស្នេហា​ទេ។​មូល​ហេតុ​​អ្នក​ទាំង​ពីរ​ឧស្សាហ៍​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ដោយ​សារ​តែ ធ្វើ​តាម​សំណូមពរ​ហ្វេនៗ​​​ដែល​ចង់​ឲ្យ​ពួក​គេ​ទាំង​ពីរ​ក្លាយ​ជា​គូស្នេហ៍​ពិត​ប្រាកដ មួយ​វិញ​ទៀត​តម្រូវ​ចិត្ត​ម្ចាស់​​កម្មវិធី។

រីឯ​ណា​ ណាខុន វិញ​បាន​អះ​អាង​ថា ខណៈ​ពេល​នេះ​ទំនាក់​ទំនង​លោក ជា​មួយ​ ឌុច លីដា ក្នុង​នាម​ជា​មិត្តភ័ក្ដិ​រួម​ការ​ងារ​ជាមួយ​គ្នា ឲ្យ​ទៅ​ជា​លក្ខណៈ​ស្នេហា​ស្រី​ និង​ប្រុស​គឺ​មិន​អាច​ទេ។ តែ​ប្រសិន​បើ​ថ្ងៃ​ណា​មួយ​អ្នក​ទាំង​ពីរ​មាន​ស្នេហា​ជាមួយ​គ្នា​ពិតមែន​នោះ​គ្មាន​អ្វី​ត្រូវ​លាក់​បាំង​ឡើយ នឹង​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​ឲ្យ​បាន​ដឹង។

ទោះ​បី​ជា​សាមី​ខ្លួន​ទាំង​ពីរ​បដិសេធ​ថា ទំនាក់​ទំនង​​កន្លង​មក​មិនមែន​ជា​ស្នេហា​ក្ដី​​ក៏​មជ្ឈដ្ឋាន​​ទូទៅ​​នៅ​តែ​គិត​ថា​ពួកគេ​​ពិត​ជា​មាន​ទំនាក់​ទំនង​ពិសេស​លើស​ពី​មិត្ត​ ព្រោះ​គ្មាន​​អ្នក​ណា​បណ្ដើរ​គ្នា​ដូច​គូស្នេហ៍​នោះ​ទេ​បើ​មិន​ស្រឡាញ់​គ្នា៕​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន