អូស្ត្រាលី រកឃើញវិធីការពារទឹក ពីការបំពុលដោយសម្រាមនិងប្លាស្ទិក សាមញ្ញតែប្រសិទ្ធភាពខ្ពស់

  • 2018-11-25 02:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អាជ្ញាធរ​នៅ​ក្នុង​ទីក្រុង Kwinana នៃ​ប្រទេស​អូស្ត្រាលី បាន​ដំឡើង​ប្រព័ន្ធ​តម្រង​ទឹក​ថ្មី​មួយ នៅ​តំបន់​សួន​ច្បារ Henley Reserve។ ប្រព័ន្ធ​នេះ​គឺ​សាមញ្ញ​បំផុត ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​មិន​គួរ​ឲ្យ​ជឿ។ វា​គឺ​ជា​ការ​ប្រើ​សំណាញ់​ចាំ​ត្រង​ពី​ក្រោយ​បំពង់​បង្ហូរ​ទឹក ដែល​ជួយ​ទប់​កម្ទេចកម្ទី និង​ការពារ​បរិស្ថាន​បាន​យ៉ាង​ល្អ។

ប្រព័ន្ធ​ត្រង​សម្រាម​តាម​បំពង់​បង្ហូរ​ទឹក​នោះ បាន​ទប់ទល់​សម្រាម​ជា​ច្រើន​ដែល​ហូរ​ចេញ​ពី​តំបន់​លំនៅដ្ឋាន និង​តំបន់​ធម្មជាតិ។ ជា​មួយ​គ្នា​នេះ​ដែរ សម្រាម​មួយ​ភាគ​ធំ​ទៀត​តែង​ត្រូវ​នាំ​មក​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ចូល​ទៅ​ប្រព័ន្ធ​បង្ហូរ​ទឹក​នោះ។

ដំបូង​ឡើយ ពួកគេ​បាន​ចាប់ផ្តើម​ដំឡើង​វា​តែ ២ ប៉ុណ្ណោះ ហើយ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធផល ដោយ​វា​អាច​ឃាត់​សម្រាម​បាន​រហូត​ដល់​ទៅ​ជិត ៤០០ គីឡូក្រាម​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍។ ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​ក្រុង Kwinana សម្រេចចិត្ត​ដំឡើង​វា​ទូទាំង​ទីក្រុង ដើម្បី​កាត់បន្ថយ​សម្រាម​ហូរ​ចូល​ទៅ​ក្នុង​ទឹក។

គួរ​បញ្ជាក់​ថា ការ​ផលិត និង​ដំឡើង​សំណាញ់​មួយ ត្រូវ​ចំណាយ​លុយ​ប្រហែល ១០ ០០០ដុល្លារ ប៉ុន្តែ​វា​ពិត​ជា​ផ្តល់​ផល​ចំណេញ​ច្រើន និង​ប្រសិទ្ធភាព​ខ្ពស់​មិន​ធម្មតា។ នៅ​ពេល​ដែល​សម្រាម​ពេញ​សំណាញ់ ពួកគេ​បាន​លើក​វា​ឡើង​ដើម្បី​ចាក់​ចោល​ក្នុង​ឡាន​ប្រមូល​សម្រាម៕

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង