វីវរ​ហើយ! ម៉ាឡេស៊ីកំពុង​ខ្វះខាត​ទឹក​​ជិតពាក់កណ្ដាលប្រទេស ដោយសារ​ការ​ឡើង​កម្តៅ​អាកាសធាតុ

  • 2019-03-24 01:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្ត​ចំនួន​៦​ក្នុង​ចំណោម​ខេត្ត​សរុប​ទាំង​១៣​ក្នុង​ប្រទេស​ម៉ាឡេស៊ី ត្រូវ​គេ​រំពឹង​ថា​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​​ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Channel News Asia កាល​ពី​ថ្ងៃ​សៅរ៍។

ទឹកត្រូវបានបញ្ចេញពីទំនប់​វារីអគ្គិសនី​នៅក្នុងប្រទេសម៉ាឡេស៊ី

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក ដែនដី និង ធនធាន​ធម្មជាតិ Xavier Jayakumar បាន​និយាយ​ថា​ទំនប់​វារីអគ្គិសនី​ចំនួន​៣ ដែល​១​ក្នុង​ខេត្ត​ Kedah និង ២​ទៀត​នៅ Johor បច្ចុប្បន្ន​កំពុង​ខ្វះខាត​ទឹក​ប្រមាណ​៥០%។

ស្ទើរ​តែ​ទូទាំង​ប្រទេស​ម៉ាឡេស៊ី អាកាសធាតុ​បាន​ឡើង​កម្តៅ​រហូត​ដល់ ៤០ អង្សាសេ ហើយ​ត្រូវ​រង់ចាំ​យ៉ាង​ហោច​ណាស់​ពី ៣១ ទៅ ៥៦ថ្ងៃ ​ទម្រាំ​មាន​ភ្លៀង​ធ្លាក់​ទើប​អាច​កាត់​បន្ថយ​ការ​ឡើង​កម្តៅ​ក្នុង​ប្រទេស និង មាន​ទឹក​គ្រប់គ្រាន់​មក​វិញ​ដើម្បី​ប្រើប្រាស់។

ម៉ាឡេស៊ី​ដែល​​មាន​ទាំង​ផ្ទៃដី​ និង ប្រជាជន​​ច្រើន​ជាង​កម្ពុជា​ជិត​២​ដង កំពុង​ជួប​វិបត្តិ​មិន​ខុស​ពី​កម្ពុជា ពោល​គឺ​ខេត្ត​ចំនួន​៦​ដែល​រួម​មាន៖ ចូហរ (Johor) , ណេហ្គឺរី សេម​ប៊ី​ឡាន់ (Negeri Sembilan), ផេរ៉ាក់ (Perak), ខេដា (Kedah), ប៉ាហាំង (Pahang) និង កេឡានតាន (Kelantan) កំពុង​ខ្វះ​ខាត​ទឹក​ប្រើប្រាស់។

ដោយសារ​អាកាសធាតុ​ក្តៅ និង ស្ងួត​បាន​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ជាង ២៩៧ ហិកតា នៅ​ថេរ៉ាន់ហ្គានូ (Terrengganu) កាល​ពី​ថ្ងៃ​ពុធ​ទម្រាំ​អ្នក​ពន្លត់​អគ្គីភ័យ​អាច​​ពន្លត់​ភ្លើង​ទាំង​ស្រុង​នៅ​ថ្ងៃ​សៅរ៍​នេះ៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សុខ លាងហ៊ត