កុមារា​ខ្មែរ​ Dome ជួបយុវជនល្អជុំវិញពិភពលោក បើជាប់លើកនេះបាននៅសាលា Barcelona រហូត​

  • 2019-04-09 03:54:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​បាន​ដឹង​ហើយ​អំពី​​យុវជន​ខ្មែរ-ថៃ​ Kasidej Vasunan កូន​ប្រុស​របស់​​ប្រធាន​ក្លឹប​បឹងកេត​ទើប​ទៅ​ធ្វើ​តេស្ត​មត្ថភាព​លើក​ទី​៣​​នៅ​សាលា​បាល់ទាត់​​ FCBESCOLA ដែល​ជា​របស់​កំពូល​ក្លឹប​អេស្ប៉ាញ​ Barcelona ប៉ុន្តែ​ប្រហែល​ជា​មិន​ទាន់​ច្បាស់​​ទេ​ថា​​ លទ្ធផល​ក្រោយ​ធ្វើ​​​តេស្ត​ រូប​គេ​ធ្វើ​អ្វី​ទៀត?

Dome ពេល​តេស្ត​នៅ​លើ​ទី​លាន (រូបថត៖ Thyda Puth)

លោក​ស្រី ពុធ ធីតា ម្តាយ​បង្កើត​របស់​ Kasidej Vasunan ហៅ​ DOME​ និង​ជា​​ប្រធាន​ក្លឹប​បឹងកេត​បាន​ប្រាប់​ Sabay ថា ៖«គេ​ហៅ​ទៅ​ធ្វើ​តេស្ត​ជើង​ម្តង​ទៀត​ លើក​នេះ​ជា​លើក​ទី​៣​ហើយ​។ បើ​​ជាប់​លើក​នេះ គាត់​បាន​នៅ​ Barcelona រហូត​ ហើយ​បើ​អត់​ជាប់​ទេ​ ​ទាល់​តែ​លើក​ក្រោយ​ទៀត។ តែ​គាត់​បាន​ឆ្លង​២​ដំណាក់​កាល​ហើយ​ ហើយ​នេះ​ដូច​ជា​ដំណាក់​កាល​ចុង​ក្រោយ​ហើយ»។

លោក​ស្រី​ប្រធាន​ក្លឹប​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ធ្វើ​តេស្ត​រួច​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មេសា​ កូន​ប្រុស​របស់​លោក​ស្រី​បាន​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ។ ចំពោះ​លទ្ធផល​ ​ប្រហែល​ជា​២​ឬ៣​សប្តាហ៍​ទៀត​​ទើប​​ដឹង។ យ៉ាង​ណា លោក​ស្រី​មិន​សង្ឃឹម​ច្រើន​ឡើយ​ ពី​ព្រោះ​​លើក​ទី​៣​នេះ​ប្រជុំ​ដោយ​យុវជន​ល្អ​ៗ​ និង​មាន​ទេព​កោសល្យ​បាល់ទាត់​មក​ពី​ជុំ​វិញ​ពិភព​លោក​ដែល​ប្រជែង​គ្នា​​ដើម្បី​បាន​ជាប់​បាន​ហ្វឹកហាត់​ពេញ​សិទ្ធិ​ ដូច្នេះ​មិន​មែន​ការ​ងាយ​ស្រួល។​

Dome ពេល​តេស្ត​នៅ​លើ​ទី​លាន (រូបថត៖ Thyda Puth)

បន្ទាប់​ពី​ធ្វើ​តេស្តមាន​លទ្ធផល​​​ល្អ​២​លើក​កាល​ពី​ឆ្នាំ​២០១៨​ សាលា​បាល់ទាត់​ Barcelona (FCBESCOLA)​ បាន​ហៅ​​ Dome ​ធ្វើ​តេស្ត​ជា​លើក​ទី​៣​ដែល​អាច​និយាយ​បាន​ជា​ដំណាក់​កាល​ចុង​ក្រោយ។ បើ​ជាប់​លើក​នេះ​រូប​គេ​​នឹង​បាន​ហ្វឹកហាត់​ពេញ​លេញ​រហូត​នៅ​ប្រទេស​អេស្ប៉ាញ​ដែល​​កំពូល​ថ្នាល​បាល់ទាត់​មួយ​នៅ​លើ​លោក៕

Dome ពេល​តេស្ត​នៅ​លើ​ទី​លាន (រូបថត៖ Thyda Puth)

អត្ថបទ៖ ជាន ចាន់រ៉ា