លេច​សកម្មភាព​ប្លែក​ៗ​របស់​តារា​ល្បី​ៗ​ក្នុង​កម្មវិធី​លំដាប់​ពិភព​លោក​មួយ PNN កំពុង​សម្ងំ​ថត

  • 2019-06-20 06:06:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ល្បី​ៗ​ជា​ច្រើន​ដួង​បាន​ចូល​រួម​ក្នុង​កម្មវិធី​លំដាប់​ពិភព​លោក​មួយ ដែល​ស្ថានីយ​ទូរទស្សន៍ PNN បាន​ទិញ​សិទ្ធិ​ពី​បរទេស​មក បច្ចុប្បន្ន​បាន និង​កំពុង​សម្ងំ​ថត ត្រៀម​នឹង​ចាក់​ផ្សាយ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។

តារា​ទាំង​នោះ​មាន លោក ទេព រិនដារ៉ូ ប៉ែន ចំរុង ខាត់ វ៉ៃហាំង ជា សំណាង នីតា វរវង្ស និង អ៊ុន សិទ្ធា ជា​ដើម។ ពួក​ទាំង​នោះ ត្រូវ​បាន​អ្នក​ដឹក​នាំ​កម្មវិធី​តម្រូវ​ឲ្យ​រំលេច​ស្ទីល​​ផ្ទាល់​ខ្លួន​ប្លែក​ៗ​រៀង​ខ្លួន មុន​ចូល​ដល់​កម្មវិធី​ថ្មី​បំផុត​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ។ សកម្មភាព​របស់​ពួក​គេ ប្លែក​ៗ និង​មើល​ទៅ​គួរ​ឲ្យ​អស់​សំណើច។

តាម​ការ​ឲ្យ​ដឹង កម្មវិធី​នោះ មាន​ឈ្មោះ​ថា "Family Feud Cambodia" ជា​កម្មវិធី​កម្សាន្ត បែប​ល្បែង​ល្បង​ប្រាជ្ញា ដែល​មាន​របៀប​លេង​ប្លែក​ពី​គេ មាន​ភាព​ទាក់​ទាញ និង​បង្ក​ការ​សប្បាយ​ទាំង​អ្នក​ចូល​រួម​លេង​ផ្ទាល់ និង​ទស្សនិកជន​ដែល​កំពុង​ទស្សនា។ ជា​ពិសេស​ទៅ​ទៀត​នោះ ទឹក​ប្រាក់​ជា​ច្រើន ក៏​ត្រៀម​សម្រាប់​អ្នក​មាន​សមត្ថភាព​ផង។

តាម​ព័ត៌មាន​ពី​អ្នក​ដឹកនាំ​កម្មវិធី បាន​ឲ្យ​ដឹង​ថា កម្មវិធី​មួយ​នេះ PNN ទើប​នឹង​ទិញ​សិទ្ធិ​ពី​សហរដ្ឋ​អាមេរិក​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ។ លោក ប៉ែន ចំរុង ដែល​ត្រូវ​ជ្រើស​រើស​ជា​ពិសេស​ធ្វើ​ជា​ពិធី​ករ​ក្នុង​កម្មវិធី​ថ្មី​នេះ បាន​ឲ្យ​ដឹង​ថា "Family Feud” គឺ​ជា​កម្មវិធី​ដ៏​ល្បី​ដ៏​សហរដ្ឋ​អាមេរិក និង​នៅ​ទូទាំង​ពិភព​លោក ក្នុង​នោះ​ប្រទេស​ចំនួន ៦០ បាន និង​កំពុង​ដំណើរ​ការ​កម្មវិធី​ខាង​លើ តាម​រយៈ​ការ​ទិញ​សិទ្ធិ​ដូច​គ្នា។

ដោយ​ឡែក​កម្ពុជា ជា​ប្រទេស​ទី ៦១ ដែល​បាន​សម្រេច​ទិញ​សិទ្ធិ​យក​មក​ត្រៀម​នឹង​ដំណើរ​ផ្ដល់​ការ​សប្បាយ​ដល់​ប្រិយមិត្ត នៅ​ក្នុង​ប្រទេស​កម្ពុជា។

បច្ចុប្បន្ន​កម្មវិធី ស្ថិត​ក្នុង​ការ​ថត​ទុក ដោយ​ក្នុង​នោះ​ក្រុម​ការងារ​ដឹកនាំ​កម្មវិធី​របស់ PNN បាន និង​កំពុង​មមាញឹក​ក្នុង​ការ​ពន្លឿន​ដំណើរ​ការ​ថត ស្រប​ពេល​សិល្បករ​ដែល​ចូល​រួម​ក្នុង​ដំណាក់​កាល​ដំបូង​របស់​កម្មវិធី បាន​បង្ហាញ​នូវ​ការ​ពេញ​ចិត្ត។

លោក ទេព រិនដារ៉ូ សិល្បករ​ជើង​ចាស់ បាន​ឲ្យ​ដឹង តាម​ធម្មតា លោក​កម្រ​នឹង​ចូល​រួម​ក្នុង​កម្មវិធី​កម្សាន្ត​តាម​ទូរទស្សន៍​ណាស់។ ប៉ុន្តែ​លោក​សម្រេច​ចូល​រួម​ជាមួយ "Family Feud Cambodia" ដោយ​សារ​យល់​ថា ជា​កម្មវិធី​កម្សាន្ត​ល្អ ផ្ដល់​ទាំង​ការ​កម្សាន្ត ទាំង​ចំណេះ​ដឹង និង​បង្កើត​ភាព​ឈ្លាសវៃ បង្កើន​សមត្ថភាព​ខួរ​ក្បាល​ថែម​ទៀត។

ងាក​មក​រៀម​ច្បង​ម្នាក់​ទៀត គឺ​លោក ជា សំណាង បញ្ជាក់​ថា លោក​ក៏​ពេញ​ចិត្ត​កម្មវិធី​របស់​អាមេរិក​មួយ​នេះ​ដូច​គ្នា។ លោក​លើក​ឡើង​ថា "សម្រាប់​ខ្ញុំ​ផ្ទាល់​ខ្ញុំ​គិត​ថា ល្អ​ព្រោះ​កម្មវិធី​បំផុស​ឲ្យ​យើង​រិះគិត និង​ជួយ​បណ្ដុះ​ល្បឿន​នៃ​ការ​គិត ដូច្នេះ​បើ​យើង មិន​មាន​ការ​យល់​ដឹង​ច្រើន ឬ​ក៏​យល់​ដឹង​ច្រើន​ហើយ តែ​គិត​មិន​បាន​លឿន គឺ​យើង​នឹង​ចាញ់ អីចឹង​សម្រាប់​ខ្ញុំ គិត​ថា​ល្អ​ណាស់​សម្រាប់​កម្មវិធី​នេះ!”។

“Family Feud” គឺ​ជា​កម្មវិធី​កម្សាន្ត​តាម​ទូរទស្សន៍​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Mark Goodson ជា​ផលិតករ​កម្មវិធី​ទូរទស្សន៍​ដ៏​ល្បី​របស់​សហរដ្ឋ​អាមេរិក ដែល​មាន​ជំនាញ​ក្នុង​ការ​បង្កើត​កម្មវិធី​កម្សាន្ត​លើ​ទូរទស្សន៍​នានា។ របៀប​លេង​នៃ​កម្មវិធី​នេះ គឺ​អ្នក​ចូល​លេង​ទាំង​អស់​មាន​២​ក្រុម(១​ក្រុម​គ្នា​៤នាក់) នឹង​ធ្វើ​ការ​ប្រកួត​គ្នា តាម​រយៈ​ការ​ឆ្លើយ​សំណួរ​អំពី​ចំណេះ​ដឹង​ទូទៅ ដើម្បី​ស្វែង​រក​ក្រុម​ឈ្នះ​បន្ត​ទៅ​វគ្គ​បន្ទាប់។បន្ថែម​ពី​លើ​នេះ អ្នក​ឈ្នះ​ដែល​រក​បាន​ពិន្ទុ​ដល់ ២០០ នឹង​ទទួល​បាន​រង្វាន់​ធំ​ប្រចាំ​សប្ដាហ៍។ យ៉ាង​ណា ចម្លើយ​របស់​ក្រុម​ដែល​ចូល​លេង ត្រូវ​យក​ទៅ​ផ្ទៀងផ្ទាត់​របស់​ចម្លើយ​ដែល​បាន​មនុស្ស ១០០​ផ្សេង​ទៀត ដែល​កម្មវិធី​បាន​រៀប​ចំ។

ប្រសិន​បើ​ចម្លើយ​ដូច​គ្នា ទើប​សន្មត់​ថា នោះ​ជា​ចម្លើយ​ត្រឹម​ត្រូវ​ដែល​អាច​បន្ត​ទៅ​កាន់​សំណួរ​បន្តបន្ទាប់​ទៀត ដែល​នេះ គឺ​ជា​ចំណុច​ខុស​ប្លែក និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​របស់ "Family Feud” ធៀប​នឹង​កម្មវិធី​ដទៃ។

កាន់​តែ​ពិសេស​ក្រុម​ឈ្នះ​ប្រចាំ​សប្ដាហ៍​ណា ដែល​អាច​ឈ្នះ​ដល់​​៥​សប្ដាហ៍​ជាប់​គ្នា​ជាមួយ​ពិន្ទុ​ដល់ ២០០​រហូត មាន​ឱកាស​កាន់​តែ​ច្រើន​ទទួល​បាន​រង្វាន់​ធំ​ប្រចាំ​កម្មវិធី​ហៅ​ថា "Jackpot Price”។ កម្មវិធី​នេះ គ្រោង​នឹង​ផ្សាយ​ផ្លូវ​ការ​លើ​កញ្ចក់​ទូរទស្សន៍ PNN ក្នុង​រង្វង់​ដើម​ខែ​កក្កដា​នេះ។ ដើម្បី​ចុះ​ឈ្មោះ​ចូល​រួម​បាន សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​របស់​កម្មវិធី https://www.facebook.com/familyfeudcambodia/

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម