អ្នក​​ខេត្ត​ទាំងនេះ​គួរ​ដឹង​ទឹក​ទន្លេមេគង្គ​អាច​នឹងឡើង​លើស​កម្ពស់​ប្រ​កាស​ឲ្យ​ប្រុងប្រ​យ័ត្ន​

  • 2019-09-03 08:45:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ធនធាន​ទឹក​ឲ្យ​ដឹងថា​ទឹក​​ទន្លេ​មេគង្គ​លើ​អាច​នឹង​ហក់​ឡើង​ខ្ពស់ជា​ងកម្រិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​នៅ​ប៉ុន្មាន​ថ្ងៃខាង​មុខ​ ខណៈ​ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង​នៅ​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​ទន្លេ​មេគង្គ។

(រូបភាព៖ក្រ​សួងធនធានទឹក)

ក្រ​សួង​ធនធានទឹក​​ចេញ​សេចក្ដី​ជូន​ដំណឹង​លើកទី​បី​របស់​ខ្លួន​ក្នុង​ថ្ងៃនេះថា​​ការបន្ត​ធ្លាក់​ភ្លៀង​ជោគ​ជាំ​នៅ​តំបន់ផ្ទៃ​អាងទន្លេ​មេគង្គ​នេះ នឹង​ជំរុញ​ឲ្យ​ទឹក​ទន្លេ​មេគង្គ​កម្ពុជាផ្នែក​ខាង​លើ​នឹង​បន្ត​កើន​ឡើង​ថែម​ទៀត។

ក្រ​សួង​ឲ្យ​ដឹងថា​ស្ថានី​យ​ជលសាស្រ្តខេត្ត​ស្ទឹង​ត្រែង​ ទឹក​អាច​នឹង​ឡើង​ដល់​កម្ពស់​១១,៦​០ម៉ែត្រ នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ២០១៩ ខណៈ​កម្ពស់​ឲ្យ​ប្រុងប្រ​យ័ត្ន​ត្រឹម​១០,៧០ម៉ែត្រ។

សម្រាប់​ស្ថានីយ​ជលសាស្រ្ត​ខេត្ត​ក្រ​ចេះ​វិញក្រ​សួង​ថា​​ទឹក​អាច​ឡើង​ដល់​​២២,៣៥​ម៉ែត្រ នៅ​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ២០១៩ ខណៈ​កម្ពស់​ប្រកាស​​ឲ្យ​ប្រុង​ប្រ​យ័ត្ន​២២ម៉ែត្រ។

បន្ទាប់​មក​ទៀត​គឺស្ថានីយជលសាស្រ្ត​ខេត្ត​កំពង់​ចាម ក្រ​សួងព្យាករថា​នៅ​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ២០១៩ ទឹក​នឹងអាច​​ឡើង​ដល់​កម្ពស់​១៥,២៥ម៉ែត្រ ខណៈ​កម្ពស់ប្រ​កាស​ឲ្យ​ប្រុង​ប្រយ័ត្ន​១៥,២០​ម៉ែត្រ។

បើ​តាម​ក្រ​សួង​មាន​តែស្ថានីយ​ជល​សាស្រ្ត​​ចតុមុខ បាសាក់ រាជធានី​ភ្នំពេញ​ទេ​ដែលទឹក​​ឡើ​ង​មិន​ទាន់​ដល់​កម្រិត​ឲ្យ​ប្រកាស​ប្រុងប្រយ័ត្ន ពោលគឺនៅ​ថ្ងៃទី​១០ ខែកញ្ញា កម្ពស់​ទឹក​អាច​នឹង​ឡើង​ដល់​៩,១៥ម៉ែត្រ ខណៈ​កម្ពស់​ឲ្យ​ប្រុង​ប្រ​យ័ត្ន​គឺ១០,៥០​ម៉ែត្រ។

​ក្រៅពីនេះ​ក្រ​សួង​ឲ្យ​ដឹងដែរថា​កម្ពស់ទឹក​នៅ​តាម​ដង​ទន្លេ​មេគង្គក្រោម ​ទន្លេ​បាសាក់ ទន្លេរសាប និង​ក្នុងបឹង​ទន្លេសាប ក៏​នឹង​មាន​ការ​កើនឡើង​បន្ត​បន្ទាប់​ផង​ដែរ៕

អត្ថបទ៖ ទូច សុខា