ចង្កឹះលេខរថយន្តជាប់គាំងទាញ​មិន​ចុះ ប្រើ​ប៊ូតុង​សម្ងាត់មួយ​​ធានា​ជួយ​បាន!(វីដេអូ)

  • 2019-09-07 07:43:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចង្កឹះលេខរថយន្តជាផ្នែកមួយដ៏សំខាន់ ដែលមានតួនាទីអាចឲ្យរថយន្តចូលលេខ ទាក់កង់ឲ្យវិលដើម្បីអាចឲ្យរថយន្តបើកទៅមុខ (អក្សរ D, 2,L ឬ S) ឬក៏ថយក្រោយ (អក្សរ R) បាន។ មិនត្រឹមតែប៉ុណ្ណោះ ចង្កឹះលេខរថយន្តក៏ដើរតួនាទីជាហ្វ្រាំងផងដែរ នៅពេលដែលចតដោយ អក្សរ P (Parking) និងជួយទប់រថយន្តមិនឲ្យរំកិល។

យ៉ាងណាមិញ បញ្ហាចង្កឹះលេខរថយន្តអាចកើតឡើងជារឿយៗ ដោយមានដូចជាចង្កឹះលេខតឹងជាងមុន ឬក៏គាំងទាញមិនចុះតែម្ដង។ ដូចនេះ វាអាចបង្កជាបញ្ហាមិនអាចឲ្យរថយន្តបើកបរទៅមុខបាន ហើយបើវាជាប់គាំងត្រឹមអក្សរ R ឬ D ទៀតនោះ រថយន្តនឹងមិនអាចបញ្ឆេះបានឡើយ។ បញ្ហានេះពិតជាធ្វើឲ្យខាតពេលវេលា និងគួរឲ្យធុញទ្រាន់។

ប៉ុន្តែ បញ្ហានេះអ្នកអាចដោះស្រាយវាជាបណ្តោះអាសន្នដោយខ្លួនឯងផ្ទាល់ បើសិនជាអ្នកស្គាល់ប៊ូតុងមួយនេះ។ នៅផ្នែកប្រអប់លេខ ក្រៅពីប៊ូតុង ECT Snow មានប៊ូតុងមួយខាងលើបង្អស់ (អាច​ខាង​ឆ្វេង​ ឬ​ខាង​ស្ដាំ​ចង្កឹះ​លេខ) មើលទៅ​រា​ង​ដូច​ការ៉េ​ផត​​ចូល​ក្នុង​ ដែលលើរថយន្ត ភាគច្រើនមានពណ៌ស តែដូចលើរថយន្ត RX330 នេះវិញ វាមានពណ៌ខ្មៅ។ ប៊ូតុងនេះហៅថា Shift-Lock Override មានមុខងារសម្រាប់បញ្ជាឲ្យចង្កឹះលេខអាញទាញចុះប្រើប្រាស់បាន។ តាមពិតទៅ ប៊ូតុងនេះមានគម្របត្រឹមត្រូវពេលចេញពីរោងចក្រង តែដោយសារតែរថយន្តភាគច្រើនត្រូវបានប្រើប្រាស់លើសពី ១ ម្ចាស់ ទើបភាគច្រើនគេកម្រឃើញមានគម្របលើប៊ូតុង Shift-Lock Override នេះណាស់។ តែបើអ្នក ទិញប៉ះរថយន្តដែលនៅមានគម្របនេះពីលើ អ្នកអាចប្រើតួណឺវីសក្បាលសំប៉ែតដើម្បីគាស់វាចេញ ហើយអ្នកនឹងឃើញប៊ូតុងនោះហើយ។

មកដល់វិធីប្រើប្រាស់ប៊ូតុងនេះវិញ នៅពេលដែលចង្កឹះលេខរថយន្តជាប់គាំង ទោះបីអ្នកបញ្ឆេះរថយន្ត ដោះហ្វ្រាំងដៃ ហើយជាន់ហ្វ្រាំងជើងរួចហើយកនោះ អ្នកអាចសង្កត់ប៊ូតុង Shift-Lock Override នេះចុះក្រោមឲ្យជាប់ សឹមទាញចង្កឹះលេខរថយន្តម្ដងទៀត។

តាមហេតុផលបច្ចេកទេស ប៊ូតុងនេះនឹងបញ្ជាឲ្យប្រព័ន្ធរបស់រថយន្តអនុញ្ញាតឲ្យអ្នកអាចបញ្ជាចង្កឹះលេខបាន ទោះបីជាវាមានបញ្ហាត្រូវគាំងជាប់ក៏ដោយ។ ក្រោយពេលដែលអ្នកអាចទាញចង្កឹះលេខបានហើយ អ្នកអាចបើកបររថយន្តបានជាធម្មតា។

យ៉ាងណាមិញ ប៊ូតុង Shift-Lock Override នេះមិនមែនជាដំណោះស្រាយអចិន្ត្រៃយ៍ ពេលរថយន្តរបស់អ្នកមានបញ្ហាចង្កឹះលេខនោះទេ។ រឿងល្អបំផុតដែលគួរធ្វើគឺបន្ទាប់ពីមានបញ្ហាចង្កឹះលេខគាំងទាញមិនចុះ អ្នកត្រូវទៅរកជាងឲ្យគេឆែក និងជួសជុលភ្លាមៗ ព្រោះប៊ូតុង Shift-Lock Override នេះអាចជួយបានបណ្តោះអាសន្នតែប៉ុណ្ណោះ។

ចុចអាន៖

អត្ថបទ៖ រក្សា