ចូលរួមទប់ស្កាត់កូវីដ១៩ «ធីតាឯកសង្ក្រាន» បានផ្តល់ម៉ាសជិត ២ម៉ឺនជូនពេទ្យរុស្សី និងចាក់អង្រែក្រោម
- 2020-03-28 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមទប់ស្កាត់កូវីដ១៩ «ធីតាឯកសង្ក្រាន» បានផ្តល់ម៉ាសជិត ២ម៉ឺនជូនពេទ្យរុស្សី និងចាក់អង្រែក្រោម
ចន្លោះមិនឃើញ
កាលពីថ្ងៃទី២៧ មីនា ២០២០ ក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធេនម៉ិន ឯ.ក (FUN Entertainment) បានដឹកនាំ បេក្ខនារី «ធីតាឯកសង្ក្រាន» ដែលបានឆ្លងកាត់វគ្គជម្រុះសម្ភាសន៍ផ្ទាល់មាត់ចូលរួមនូវសកម្មភាពសប្បុរសធម៌ ដោយបានឧបត្ថម្ភម៉ាស និងសំភារៈពេទ្យមួយចំនួន ជូនដល់មន្ទីរពេទ្យមិត្តភាពខែ្មរ-សូវៀត និង មណ្ឌលសុខភាពបង្អែក ចាក់អង្រែក្រោម។
អំណោយសប្បុរសធម៌រួមមានម៉ាស ១៧,៥០០ម៉ាស និងឈុតការពារ មេរោគសម្រាប់ពេទ្យ ១១០កំផ្លេ និង វែនតាពាក់ការពារមេរោគ ១៨០វែនតា សម្រាប់ទីតាំងមន្ទីរពេទ្យទាំងពីរខាងលើ។
ជាក់ស្តែង មេរោគកូរ៉ូណា ឬ កូវីដ១៩ កំពុងរីករាលដាលយ៉ាងខ្លាំងជុំវិញពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ តួយ៉ាង មន្ទីរពេទ្យមិត្តភាពកម្ពុជា- សូវៀត ឬ ពេទ្យរុស្សី ត្រូវបានកំណត់ជា មន្ទីរពេទ្យគោលក្នុងការទទួលពិនិត្យធ្វើរោគវិនិច្ឆ័យមេរោគនេះ ឯមណ្ឌលសុខភាពបង្អែក ចាក់អង្រែក្រោម គឺជាទីតាំងមួយសម្រាប់ដាក់អ្នកជំងឺដាច់ដោយឡែកនាពេលបច្ចុប្បន្ននេះ។
« យើងចង់ចូលរួមលើកទឹកចិត្តដល់គ្រូពេទ្យជួរមុខ ដែលកំពុងដុតដៃដុតជើង មើលថែអ្នកជំងឺដោយផ្ទាល់ និងកំពុងប្រយុទ្ធប្រឆាំងជាមួយមេរោគកូវីដ១៩ ។ យើងសង្ឃឹមថាការផ្តល់ជូននេះ នឹងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ភ្លាមៗ រួមទាំងអាចជួយសម្រាលដល់កិច្ចការងាររបស់ពួកគាត់ក្នុងគ្រានេះ» ។ នេះបើតាមការលើកឡើងរបស់ អ្នកនាង សំណាង ពុទ្ធានី អ្នកនាំពាក្យ និងជាតំណាងក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធេនម៉ិន ឯ.ក (FUN Entertainment) ។
ជាមួយគ្នានោះ អ្នកនាំពាក្យ របស់ក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធេនម៉ិន ឯ.ក (FUN Entertainment) អ្នកនាង សំណាង ពុទ្ធានី បានអំពាវនាវ ដល់ជនរួមជាតិ ទូទាំងប្រទេសទាំងអស់ សូមចូលរួមទាំងអស់គ្នាក្នុងការបង្ការ និងទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដោយរក្សានូវអនាម័យ លាងសំអាតដៃឲ្យបានញឹកញាប់ ជាពិសេសសូមរក្សាគម្លាតពីគ្នាយ៉ាងតិចពី ១,៥ម៉ែត្រ ទៅ ២ម៉ែត្រ ក្នុងកំឡុងពេលធ្វើការទំនាក់ទំនងជាមួយអ្នកដទៃ ៕