ព្យុះភ្លៀងដែលផលិតករ​ភាព​យន្ត​​ខ្មែរ​កំពុងជួបពេលបច្ចុប្បន្ន​​

  • 2018-01-24 03:06:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជម្នះ​ផ្នត់​គំនិត​អ្នក​ទស្សនា​ ឧបសគ្គ​ការ​ហូរ​ចូល​ខ្សែ​ភាព​យន្ត​ពី​បរទេស​ កង្វះ​ធន​ធានមនុស្ស​ ថវិកា​ បច្ចេកទេស នេះ​គឺ​ជា​ព្យុះ​ភ្លៀង​ដែល​ផលិត​ករ​ខ្មែរ​កំពុង​ជួប​នា​ពេល​បច្ចុប្បន្ន និង​មាន​បញ្ហា​ជា​ច្រើន​ផ្សេងៗ​ទៀត។

ទន្ទឹម​នឹង​ភាព​មិន​ទាន់​រឹងមាំ​នៃ​ខ្សែ​ភាពយន្ត​ខ្មែរ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នេះ លោក ឆាយ បូរ៉ា ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា ថា ក៏មានបញ្ហាជាច្រើនទៀតដូចជាទីតាំងថត និងរឿងបង់ពន្ធជាដើម។

យ៉ាងណាក៏ដោយក្នុងនាមជាប្រធានសមាគមភាពយន្តកម្ពុជា ដែលទើបតែជាប់ឆ្នោតថ្មីៗនេះ លោកមិនព្រងើយកន្តើយ ចំពោះបញ្ហាទាំងនេះឡើយ ដោយលោកបានដាក់បញ្ហាចំបងៗចំនួន៣ចំណុច ដែលត្រូវដោះស្រាយបន្ទាន់ រួមមាន ទី១បញ្ហាពន្ធ លោកនឹង​ដាក់​ពាក្យ​ស្នើ​ទៅ​កាន់​ប្រមុខ​រដ្ឋាភិបាល​​ឲ្យ​លើក​លែង​ពន្ធ​​គ្រប់​ប្រភេទ​លើ​វិស័យ​ភាព​យន្ត​ខ្មែរ​​រយៈ​ពេល​១០​ឆ្នាំ​។ ទី២ ពង្រឹង​​គុណ​ភាព​​ក្នុង​ការ​ផលិត​ភាព​យន្ត​​ ដោយ​​បង្កើត​ការ​បណ្ដុះ​បណ្ដាល​​ផ្នែក​តែង​និពន្ធ​ ថត ដឹកនាំ​សម្ដែង​ កាត់ត​វីដេអូជាដើម និង ទី៣ គឺរឿង​ដើម​ទុន​ក្នុង​ការ​ផលិត​ ចំពោះ​​អ្នក​មាន​សមត្ថភាព​តែ​មិន​មាន​ធនធាន​ក្នុង​ការ​ផលិត លោកនឹងស្វះ​ស្វែង​រក​អ្នក​​មាន​ធន​ធាន​ឲ្យ​មក​សហការ​គ្នា​ជាមួយ​អ្នក​គ្មាន​ធន​ធាន​ផលិត​។​

​​​​​​ ​​ដូចគ្នា​នេះ​លោក​ លី​ វៀត​ ចាងហ្វាង​​ផលិតកម្ម​​ វី​ស៊ីន​ភី​ឈ័រ​ ក៏បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ និងផល​លំបាក​​ប្រាប់​​​ថា កញ្ចប់​ថវិកា​​ក្នុង​ការ​ថត​ខ្សែ​ភាព​យន្តភាគ​​ នៅ​មាន​ចំនួន​តិច​ ដូច្នេះ​ហើយផលិតករត្រូវ​កំណត់​ភាគ​ថត ក្នុងមួយថ្ងៃ​ៗ ដោយ​មិន​អាច​សម្រិតសម្រាំង​ការ​សម្ដែង​ខ្លាំង​ពេក​​ឡើយ។ លោក​ថា « យើង​មើល​កូរ៉េ​ ថៃ​ គេ​មាន​លុយ​ច្រើន គេ​ចង់​បាន​សកម្ម​ភាព​ល្អ​ ថត​មិន​ត្រូវ​ គេ​ថត​ម្ដងហើយ​ម្ដងទៀត​ ជួន​កាល​មួយ​ថ្ងៃ​ដល់​ល្ងាច​គេ​ថត​តែ​មួយ​ប្លង់ ចុះ​យើង? ​មួយថ្ងៃ ថត ១០​ ទៅ​ ១៦​ប្លង់ ជិត​មួយ​ភាគ​ហើយ​ហ្នឹង​ បើមិន​អញ្ចឹង​ការ​សម្ដែង​យើង​ធ្វើ​ម៉េចនឹង​ល្អ​ បើ​មិន​ធ្វើ​បែប​នេះ​យើង​ខាត​ហើយ ព្រោះ​ចាយពេល​ច្រើន​លុយ​ក៏​ច្រើន។»​

ជុំវិញ​ការ​រអ៊ូ​រទាំ​របស់​ក្រុម​ផលិត​ករ​ នេះ​ ឯកឧត្តម ​ថៃ នរ​សត្យា រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​បាន​មាន​ប្រសាសន៍​ថា ជុំវិញ​ការ​សំណើ​របស់​ផលិតករ​ រឿង​ពន្ធ​ពេល​នេះ​ក្រសួង​មិន ទាន់​សម្រេច​ទេ ដោយ​រង់ចាំ​ពិភាក្សា ជាមួយ​នាយកដ្ឋាន​ក្រ​សួង​ពាក់​ព័ន្ធ​សិន។

ចំណែក​ចំពោះ​ទី​តាំង​ថត​វិញ​ ឯកឧត្តម ​ថៃ នរ​សត្យា សំណូពរ​​ដល់អាជ្ញាធរ​ជួយ​សម្រួល​ដល់​ផលិត​ករ​ផង​ ដើម្បី​បាន​ផ្តិតទេសភាព​ស្រស់​ស្អាត​ ក្នុង​ប្រទេស​កម្ពុជា និងជា​ការ​ផ្សព្វ​ផ្សាយ​ ដល់​ ប្រជាជាតិ​ក្នុង​ពិភពលោក​បាន​ស្គាល់​ខ្មែរ។

លោក ថៃ នរ​សត្យា « ផលិតករ​គាត់​ជួប​បញ្ហា​ច្រើន​ហើយ ​អញ្ចឹង​អាជ្ញាធរ សូម​ជួយ​សម្រួល រឿង​ទី​តាំង​ផង ។ កុំ​ឲ្យ​អ្នក​លួច​ថត​បាន​​​ ​ស្រាប់​អ្នក​ដាក់​លិខិត​ជូន​ដំណឹង​ ​ទៅ​ជា​បង្ក​ភាព​លំបាក​ឲ្យ​គ្នា​​ទៅវិញ​។ ទីតាំង​ស្អាត ក្នុង​ប្រទេស​យើង​មាន​ច្រើន​ អញ្ចឹង​ ដើម្បី​ឲ្យ​ពិភព​លោក​បាន​ស្គាល់​មាន តែ​ជួយ​គ្នា​ក្នុង​ការ​ផ្សព្វផ្សាយ។»​​​​​​

តែ​ប្រធាន​សមាគម​រូបនេះ​បង្ហាញ​សុទិដ្ឋិនិយម​ថា​ បើ​ការ​លើ​លែង​ពន្ធ​ត្រូវ​បាន​អនុគ្រោះ​ នោះ​ភាពយន្ត​ខ្មែរ​នឹង​មាន​គុណ​ភាព​កាន់​តែ​ប្រសើរ​ឡើង​។ «កាលណា​ផលិត​ករ​មាន​ចំណូល​ខ្ពស់​នោះ​គេ​ក៏​អាច​អភិវឌ្ឍន៍​ផ្នែក​ សម្ភារៈ ​ឧបករណ៍​បច្ចេកទេស​ ​ អាច​បន្ថែម​ប្រាក់​​​បៀ​វត្សន៍​ដល់​កម្មករ​កុន ដែល​ធ្វើ​ឲ្យ​ពួកគាត់​អភិវឌ្ឍន៍​សមត្ថភាព​ផ្ទាល់​ខ្លួន​ និង​ដែល​ជា​កត្តា​ មួយ​ជំរុញ​ឲ្យ​ខ្សែ​ភាពយន្ត​ខ្មែរ​កាន់​តែ​មាន​គុណ​ភាព​» លោក ឆាយ បូរ៉ា បញ្ជាក់។

យ៉ាងណាក៏ដោយអ្នកវិភាគលើវិស័យភាពយន្តខ្មែរអះអាងថា គុណភាព និងបច្ចេកទេសភាពយន្តខ្មែរនាពេលបច្ចុប្បន្នហាក់មានភាពប្រសើើរឡើង រហូតរឿងខ្លះអាចយកទៅប្រកួតប្រជែង

​ បញ្ហា​របស់​ផលិតករ​ភាពយន្ត​ក្រៅ​ពីមុន​ការ​​ផលិត​ខ្សែ​ភាព​យន្ត​​នៅ​មាន​ទៀត​ គឺ ការ​ស្នើ​សុំ​សិទ្ធិ​ថត ការ​ឆ្លង​យោបល់​​ ការ​ពិនិត្យ​សាច់​រឿង​ និង​ការ​សុំ​ទីតាំង​ថត​ ពេល​ខ្លះ​ក្រសួង​មិន​បាន​អនុញ្ញាត​ឲ្យ​ថត​ចំពោះ​សាច់​រឿង​និង​​ ទីតាំង​ខ្លះ​ក៏​មាន​ដែរ។ជួនកាល​ការផលិត​បាន​សម្រេច​ជា​លទ្ធ​ផល​ហើយ​ស្រាប់​តែ​មាន​ភាគ​ ​ណាខ្លះ​រូបភាព​សាហាវ​ឬ​ស៊ិច​ស៊ី​ពេក​គឺ​ក្រសួង​ត្រូវ​កំណត់​វ័យ​អ្នក​ចូល​មើល ឬ​​ត្រូវ​កាត់​ភាគ​ចោល​ជា​ដើម។ ជាក់​ស្ដែង ដូច​រឿង«​បី​កន្លះ» ​រឿង​«ស្បែក​គង់​» រឿង​ « វិកល​ចរិក​» ជាដើម៕

អត្ថបទៈ ស្រីអូន

អត្ថបទថ្មី