និពន្ធ​នាយក៖ បេសកកម្ម​មួយ​ត្រូវ​សម្រេច​ឲ្យ​បាន របស់​អ្នក​​ឆ្នាំ​នេះ ជា​អ្វី?

  • 2017-12-30 03:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បរាជ័យ​ឆ្នាំ​ចាស់៖ ប្រាកដ​ជា​រឿង​ខកចិត្ត​ធំ ឬ​សោកសៅ​បំផុត​មួយ​ដែល​មិន​អាច​វាស់​បាន ពី​ការ​មិន​សម្រេច​សមិទ្ធផល គ្រោង​ទុក ពី​សកម្មភាព ឬ​ការ​ប្រឹងប្រែង​ទាំង​ថ្ងៃ​ទាំង​យប់ ទាំង​ឈឺ​ទាំង​ជា។ អ្នក​គិត​ហើយ តែ​មិន​ទាន់​ធ្វើ គឺ​ដូច​តែ​អ្នក​ធ្វើ​ហើយ តែ​មិន​ទាន់​ជោគជ័យ​ដូច​គ្នា។ ច្បាស់​ណាស់​ម្នាក់ៗ តែង​មាន​ក្ដីស្រមៃ​រៀងៗខ្លួន​ ប៉ុន្តែ​ក្ដីស្រមៃ គ្រាន់​តែ​ជា​ការ​ស្រមៃ ប្រសិន​បើ​យើង​មិន​រៀបចំ​ផែនការ និង​សកម្មភាព យក​ឲ្យ​បាន ឬ​ទៅ​ឲ្យ​ដល់ ចំណុច​ដែល​ខ្លួន​ចង់​បាន។ ខ្លី​ទេ បើ​មិន​ចង់ ស្ថិត​ក្នុង​ក្រឡោន សម្រេច​អី​ដុំ​កំភួន មិន​បាន​រាល់​ឆ្នាំ ឈប់​បន្ទោស​ខ្លួន​ឯង ត្រូវ​ខ្នះខ្នែង ឬ​សុំ​យោបល់ ពិភាក្សា​ពី​មនុស្ស​ជុំវិញ​ខ្លួន ដែល​មាន​បទពិសោធន៍​ក្រាស់ក្រែល​ជាង។

ជោគជ័យ៖ រឿង​មិន​អាក្រក់​គ្រប់​គ្នា​ទេ។ ស្នាម​ញញឹម ជោគជ័យ​ដែល​សម្រេច​បាន​ ទាំង​ពេល​ខ្លះ មិន​ដែល​នឹក​ស្មាន​ដល់​ក៏​មាន។ ធ្វើ​បាន​ល្អ​បំផុត លើ​រឿង​អ្វី​មួយ ចាត់​ទុក ឬ​យើង​ទទួល​បាន "ស្នាដៃជីវិត" ថ្មី​មួយ។ ជោគជ័យ​មួយ ស្នាដៃ​មួយ បើ​ធ្វើ​ល្អ​បាន​កាន់​តែ​ច្រើន នោះ​ជីវិត យើង​ក៏​ប្រសើរ​តាម​នោះ​ដែរ។ យ៉ាង​ណា​ក៏​ដោយ ពេលវេលា​កន្លង​ផុត​ទៅ​ហើយ ក៏គួរ​កុំ​សាទរ​មិន​ឈប់ មាន​អំនួត​លើ​សមិទ្ធផល​ធំ​មួយ​នេះ ដែល​សម្រេច​បាន​ ភ្លេច​ត្រៀម​ខ្លួន នឹង​រឿង​ទៅ​ថ្ងៃ​មុខ​នោះ​ទេ។

ការ​រីកចម្រើន​នៃ Digital Media ជា​សញ្ញាណ​ល្អ​មួយ ហើយ​ការ​ប្រកួតប្រជែង​កាន់​តែ​ច្រើន ក៏​រឹត​តែ​ហុច​ផល​ដល់ "មហាជន" កាន់​តែ​ច្រើន​ដូច​គ្នា ប្រសិន​បើ​សារព័ត៌មាន​អនឡាញ​ទាំង​នោះ មិន​ព្យាយាម​បោកបញ្ឆោត ឬ​កេង​ចំណេញ​ពី​អ្នក​អាន។

ចំពោះ​មហិច្ឆតា របស់​ សារព័ត៌មាន​Sabay គឺ​ធ្វើ​យ៉ាង​ណា បន្ត​វិវត្តន៍​ខ្លួន ទៅ​ជា​ Digital Platform កាន់​តែ​ធំ និង​សម្បូរ​បែប។ និយមន័យ និង​សមិទ្ធផល​ធំ​ និង​ពេញ​និយមបំផុត​នេះ សម្រេច​ទៅ​បាន​អាស្រ័យ​លើ​កត្តា​ពីរ។ ទីមួយ យុវជន​មួយ​ក្រុម​ដែល​បំពេញ​ការងារ ពី​ក្រោយ Sabay news។ ទីពីរ ពី​មហាជន។

យុវជន​មួយ​ក្រុម ដែល​ស្រឡាញ់​ការ​ប្រកួត​ប្រជែង

មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ស្មារតី​ជា​ក្រុម

បញ្ចេញ​សមត្ថភាព ដើម្បី​បង្កើត "ស្នាដៃជីវិត"

ចូលចិត្ត​ចង់​ដឹង និង​រៀន​សូត្រ​អ្វី ដែល​ថ្មី

ចែករំលែក​បន្ត ដែល​ពួក​គេ​ដឹង

ទាំង​នេះ ជា​ឆន្ទៈ របស់​យុវជន មួយ​ក្រុម​នៅ​ពី​ក្រោយ Sabay News

ការ​ចែករំលែក​បន្ត​របស់​អ្នក​អាន៖ អ្វី​ដែល​ខ្ញុំ​សំណូមពរ​ដល់​មិត្ត អ្នក​អាន ពី​សកម្មភាព​ដ៏​ល្អ និង​គួរ​ឲ្យ​គោរព​មួយ។ នោះ​គឺ ការ​ចែករំឡែក​ (SHARE) ព័ត៌មាន​បន្ត។ សូម​អរគុណ​ដល់ ប្រិយមិត្ត​រាប់​លាន​នាក់ ដែល​តាមដាន​ និង​ជឿជាក់​ Sabay News ។ ខ្ញុំ​សង្ឃឹម​ថា ការ​ ​SHARE រឿង​ល្អៗ ដែល​ក្រុមការងារ​យើង​ចេញ​ផ្សាយ​ពី Facebook Page នានា (Sabay, Sabay News, Sabay News Entertainment, Sabay News Technology, Sabay News Sport, Kanha, KleyKley, E-novel, Sabay Der) ជា​ការ​រួមចំណែក​ដ៏​ធំ និង​ចែកចាយ​ដំណឹង ឬ​ព័ត៌មាន​ល្អៗ ដល់​ពលរដ្ឋ​ច្រើន​លាន​នាក់​ផ្សេង​ទៀត។ សូម​បន្ត សកម្មភាព​នេះ។

សូម​អរគុណ​​ទាំង​អស់​គ្នា ដែល​គាំទ្រ ​និង​ការ​ជឿជាក់ ដែល​ធ្វើ​ឲ្យ Sabay ជា​ website ដ៏​ពេញ​និយម និង​ធំ​បំផុត​នៅ​កម្ពុជា កន្លង​មក​នេះ។

សង្ឃឹម​ថា​ឆ្នាំ​ថ្មី ចាប់​ពី ២០១៨​ទៅ​នេះ គ្រប់​គ្នា ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី ជម្នះ និង​សម្រេច​ឲ្យ​បាន "ស្នាដៃជីវិត" កាន់​តែ​ច្រើន។

ជូនពរ​គ្រប់​គ្នា អភិវឌ្ឍ​ខ្លួន​កាន់​តែ​ប្រសើរ ជោគជ័យ សម្រេច​រាល់​ភារកិច្ច​ធំៗ​ហូរហែ ហើយ​កុំ​ភ្លេច​រួម​ចំណែក​ទាំង​អស់​គ្នា ទាំង​ការ​គោរព​ច្បាប់​ចរាចរណ៍ និង​គ្រប់គ្រង​សំរាម។ ទាំង​អស់​នេះ សុទ្ធ​តែ​ផ្ដើម​ចេញ​ពី​ខ្លួន​យើង។

រីករាយ​ឆ្នាំ​ថ្មី ឆ្នាំ​សាកល ២០១៨។

និពន្ធ​នាយក៖ ជីព ចិត្ត

អត្ថបទថ្មី