ដឹងប្រវត្តិ​បទ"អានី"ដែល​​អ្នក​​ស្ដាប់​​ច្រឡំថា ជា​សំនៀង​​​ដើម​​របស់អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត

  • 2018-01-03 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"អានី" គឺ​ជា​ចម្រៀង​១​បទ​ ដែល​នៅ​តែ​អាច​រក្សា​ភាព​ល្បីល្បាញ​បាន​យូរអង្វែង​ និង​ទទួល​បាន​ការ​​និយម​ចូលចិត្ត​​អ្នក​ស្ដាប់​ស្ទើរ​គ្រប់​សម័យ​កាល។ ជាក់​ស្ដែង សូម្បី​តែ​​យុវវ័យ​សម័យ​បច្ចេកវិទ្យា​នេះ ​ក៏​អាច​ច្រៀង​ចម្រៀង​ដែល​មាន​អាយុ​កាល​ជាង​៦០ឆ្នាំ​នេះ យ៉ាង​ចាំ​ស្ទាត់​ដែរ។

បទ "អានី" សំនៀង​លោក ស៊ិន ស៊ីសាមុត

សង្កេត​ឃើញ​ថា នា​ពេល​បច្ចុប្បន្ន បទ​ "អានី" តែង​តែ​រណ្ដំ​ចិត្ត​អ្នក​គាំទ្រ​ជានិច្ច​ នៅ​តាម​ក្លិប​ និង​ភោជនីយដ្ឋាន​នានា ព្រោះ​អ្នក​ចម្រៀង​ក្មេងៗ​​សម័យ​នេះ មិន​ដែល​ភ្លេច​ឡើយ​ក្នុង​ការ​លើក​យក​មក​បក​ស្រាយ​ ដើម្បី​កំដរ​បរិយាកាស​ជូន​អតិថិជន។​​ លើស​ពី​នោះ បទនេះថែម​ទាំង​​ត្រូវ​បាន​ តារា​ចម្រៀង​ប្រុស​ល្បី​​ៗ​គ្រប់​ជំនាន់​ដូច​ជា ​លោក ហួរ ឡាវី ព្រាប សុវត្ថិ ឯក ស៊ីដេ និង ឆាយ វីរៈយុទ្ធ យក​មក​ថត​ឡើង​វិញ​ ថែម​ទៀត។

បទ "អានី" សំនៀង​លោក ហួរ ឡាវី

កន្លង​មក អ្នក​ស្ដាប់​ច្រើន​​យល់​ថា ចម្រៀង​ខាង​លើ គឺ​ជា​សំនៀង​ដើម​របស់ អធិរាជ​សំឡេង​មាស ស៊ិន ស៊ីសាមុត តែ​ការ​ពិត​លោក​គ្រាន់​តែ​ជា​បុគ្គលទី២​ដែល​ច្រៀង ក្រោយ​​ទទួល​បាន​សិទ្ធិស្រប​ច្បាប់​ក្នុង​ការ​ថត​បទ​នេះ​ឡើង​វិញ​តែ​​ប៉ុណ្ណោះ។ ​

លោក ស៊ិន ស៊ីសាមុត

បើ​តាម​​ការរក​ឃើញ​ពី​អ្នក​និយម​ស្រាវជ្រាវ​ប្រវត្តិ​បទ​ចម្រៀង​ជា​ច្រើន​នាក់បាន​​ឲ្យ​ដឹង​ថា​ ***ដើម​ឡើយ​ "អានី" គឺ​ជា​ស្នាព្រះហស្ថនិពន្ធ​​ទំនុកច្រៀង បទភ្លេង​ ​និង​ច្រៀង ​ដោយ​​​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណ្ណារ៉ា សិរីវុឌ្ឍ រួម​ជា​មួយ​ទឹក​ដៃ​​​​សម្រួល​តន្ត្រី ដោយ​លោក​ ហួរ ឡុញ នៅ​ដើម​ទសវត្សរ៍ឆ្នាំ​៦០ ក្នុង​វង់តន្ត្រី "​អប្សរា​តន្ត្រី​" របស់​ទ្រង់*** ។ ជុំវិញ​​​​​ដើម​កំណើត​បទ​នេះ ព្រះអង្គ​ផ្ទាល់​ក៏​ធ្លាប់​មាន​បន្ទូល​បញ្ជាក់​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ក្នុង​ស្រុក​​មួយដែរ កាល​ពី​ពាក់កណ្ដាល​ឆ្នាំ​២០១៧ កន្លងទៅ។

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណ្ណារ៉ា សិរីវុឌ្ឍ

ក្រៅ​ពី​នោះ ​មាន​ការ​លើក​ឡើង​បន្ថែម​ទៀត​​ថា ចម្រៀង​លួង​លោម​​ក្រោម​​នាម​នារី​ម្នាក់​នេះ​ ជា​សាច់​រឿង​​របស់​អ្នក​អង្គ​ម្ចាស់​ផ្ទាល់​ ដោយ​កាលណោះ​ទ្រង់​ទត​ឃើញ​នារី​ម្នាក់​ក្នុង​រង្គ​សាល​១ ហើយ​​នាង​មាន​ឈ្មោះ អានី​​

ប្រភព​ពី​​អ្នក​និពន្ធ​សៀវភៅ​ "មាស​ស្រោប​នគរ" សេង តារា​ ធ្លាប់​លម្អិត​ក្នុង​កម្មវិធី "ចម្រៀង​សំណូម​ពរ​ប្រិយមិត្ត​" របស់​ CTN ថា បន្ទាប់​ពី​​ទ្រង់​លើក​​យក​មក​ច្រៀង​ក្នុង​វង់តន្ត្រី និង​មាន​ការ​ចាក់​ផ្សាយ​តាម​វិទ្យុជាតិ បទ​ "អានី" ទទួល​បាន​ការ​គាំទ្រ​យ៉ាង​សម្បើម​ រហូត​ត្រូវ​បាន​គេ​យក​ទៅ​បញ្ចូល​ក្នុង​ប្រលោមលោក​ល្បី​រឿង "បាត់​អូន​ម្ដេច​បាន?”។

ក្រោយ​មក​ទៀត ប្រលោមលោក​ដដែល​​ ត្រូវ​បាន​លើក​មក​​ថត​ជា​ភាពយន្ត ក្នុង​ផលិតកម្ម​ដែល​ជា​កម្មសិទ្ធិ​របស់ ​អ្នក​អង្គ​ម្ចាស់ក្សត្រី​ នរោត្តម រស្មី ជា​មួយ​គ្នា​នេះ ​អ្នក​អង្គ​ម្ចាស់ក្សត្រី​បាន​សម្រេច​ទិញ​សិទ្ធិចម្រៀង "អានី" ​មក​ថត​ឡើង​វិញ​ដោយ​ឲ្យ លោក ស៊ិន ស៊ីសាមុត ច្រៀង​ថត​ដាក់​ថាស ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៦០ និង​បន្សល់​កិត្តិនាម​ល្បីល្បាញ​រហូត​មក​៕

ចុចអាន៖

អត្ថបទ៖ សុខណា