បុរស​​​ម្នាក់​ធ្លាប់​ផ្ទុះ​​ព័ត៌មាន​ឡើង​គ្រែ​ជាមួយ​ អ៊ីវ៉ា និង លី អ៊ីវ៉ាធីណា ជា​អ្នកណា​?

  • 2018-01-10 09:22:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​​ត្រូវ​​បាន​ជន​អនាមិក​ Hack Account Facebook ​បង្ក​ជា​រឿង​ភ្ញាក់​ផ្អើល​​យ៉ាង​ដល់​​តារា​ស្រី​ពីរ​រូប​គឺ​ កញ្ញា លី អ៊ីវ៉ាធីណា និង អ៊ីវ៉ា ​ពាក់​ព័ន្ធ​ករណី​ថា​ រូប​គេ​ធ្លាប់​នាំ​​តារា​ចម្រៀង​ទាំង​ពីរ​នាក់​ ឡើង​​គ្រែ​ជាមួយ​។ ក្រោយ​ពី​ផ្ទុះ​រឿង​រ៉ាវ​នេះ​​រួច​មក​សាធារណៈ​មិន​ទាន់​បាន​ជ្រាប​ច្បាស់​ថា បុរស​ម្នាក់​ហ្នឹង​ជា​អ្នក​ណា​ឡើយ​។

បើ​តាម​ដំណឹង​ដែល​ Sabay ទទួល​បាន​​​ពី​លោក ឆៃ ណាតូ ​​​ដែល​ជា​ជន​រង​គ្រោះ​ដែរ​នោះ​បាន​ឲ្យ​ដឹង​ថា ​ដំបូង​ឡើយ​​ ខ្លួន​គឺ​ជា​អ្នក​សរសេរ​បទ​ចម្រៀង​ឲ្យ​ ពេជ្រ ថាណា ផុន ផានិត រ៉ាវី នៅ​ក្នុង​ផលិតកម្ម​​ថោន។​

អាជីព​ជា​អ្នក​និពន្ធ​មិន​បាន​ធ្វើ​ឲ្យ​លោក​ អាច​រក​កម្រៃ​ចិញ្ចឹម​ឆ្នាំង​បាយ​បាន​នោះ​ទេ​ ព្រោះ​បទ​ចម្រៀង​​ដែល​ចេញ​នៅ​លើ​ទីផ្សារ​មិន​សូវ​ទទួល​បាន​ការ​គាំ​ទ្រ​​ពី​មិត្ត​អ្នក​ស្ដាប់​គ្រប់​មជ្ឈដ្ឋាន​ទើប​ សម្រេច​ចិត្ត​លា​​ប្រទេស​កំណើត​ខ្លួន​ទៅ​​ស្វែង​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ ដើម្បី​ចិញ្ចឹម​ឪពុក​ម្ដាយ​ និង​កូន​ពីរ​នាក់​ ដែល​រស់​នៅ​ក្នុង​បន្ទុក​។

ទោះ​បី​ជា​មាន​ការ​ងារ​នៅ​ប្រទេស​ថៃ​ក្ដី​តែ​​ ឆៃ ណាតូ មិន​បាន​បោះ​បង់​ការ​សរសេរ​តែង​​និពន្ធ​បទ​ចម្រៀង​ចោល​ឡើយ​ ឆ្លៀត​ពេល​ទំនេរ​ពី​ការ​ងារ​លោក ​ងាក​មក​ចាប់​ចុង​ប៊ិច​​សរសេរ​បទ​ចម្រៀង​ ផ្ញើ​ជូន​ឲ្យ​ពួក​ម៉ាក់​ច្រៀង​ និង​តារា​ចម្រៀង​ពន្លក​ថ្មី​មួយ​ចំនួន​ទៀត​។

ឆៃ ណាតូ បាន​រៀប​រាប់​ថា​៖" ខ្ញុំ​ស្រឡាញ់​ ចម្រៀង​ខ្លាំង​ណាស់​បង​ តែ​មក​ពី​ខ្ញុំ​ច្រៀង​មិន​ពីរោះ​ទើប​ សរសេរ​បោះ​ឲ្យ​ពួក​ម៉ាក់ និង​តារា​ចម្រៀង​​ដែល​​ពួក​គាត់​មាន​សំឡេង​ល្អ​ឲ្យ​ច្រៀង​ជំនួស​ ហើយ​បទ​​ខ្លះ​ខ្ញុំ​ឲ្យ ពេជ្រ ថាណា គាត់​ច្រៀង​​ ព្រោះ​ខ្ញុំ​ស្គាល់​គាត់​តាម​រយៈ​ ផុន ផានិត"។

បច្ចុប្បន្ន​ ឆៃ ណាតូ មាន​អាយុ​ ៣២ ឆ្នាំ ​ជា​អ្នក​ខេត្ត​ព្រៃវែង ​ធ្លាប់​មាន​ប្រពន្ធ​ និង​កូន​២ នាក់​ ដោយ​សារ​តែ​ការ​រស់​នៅ​មិន​ចុះ​សំរុង​ជាមួយ​គ្នា​​ទើប​ខ្លួន និង​ប្រពន្ធ​បាន​សម្រេច​ចែក​ផ្លូវ​គ្នា​ដើរ​​ម្ខាង​ម្នាក់​ជាង​៣​ ឆ្នាំ​មក​ហើយ ។ ចំណែក​ឯ​កូន​ទាំង​២ ​លោក​ជា​អ្នក​រ៉ាប់​រង​ចិញ្ចឹម​។ បទ​ចម្រៀង​មួយ​ចំនួន​ដែល​ ឆៃ ណាតូ ធ្លាប់​និពន្ធ​កន្លង​មក​មាន​ដូច​ជា​បទ​៖ "​ស្រណោះ​ដៃ​ធ្លាប់​ថ្នម​" “ក្បត់​ប្ដី​ចោល​កូន​" “ប៉ោយ​ប៉ែត​ដួង​ចិត្ត​ខ្ញុំ​" និង​ជា​ច្រើន​បទ​ដែល​លោក​មិន​បាន​ចាំ​ចំណង​ជើង​៕

​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ពីហ្វេសប៊ុក​