មានសង្ឃឹមហើយ! យន្តហោះ MH370 អាចនឹងរកឃើញវិញ ក្នុងពេល៣ខែទៀត
- 2018-01-11 07:54:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានសង្ឃឹមហើយ! យន្តហោះ MH370 អាចនឹងរកឃើញវិញ ក្នុងពេល៣ខែទៀត
ចន្លោះមិនឃើញ
រដ្ឋាភិបាលម៉ាឡេស៊ី បានផ្ដល់ឲ្យក្រុមហ៊ុនអាមេរិកមួយនូវប្រាក់រង្វាន់ចំនួន ៧០លានដុល្លារ ប្រសិនបើគេអាចរកឃើញយន្តហោះ MH370 ឬ ប្រអប់ខ្មៅរបស់វាដែលបានបាត់ខ្លួនអស់រយៈពេល ជិត៤ឆ្នាំមកហើយ។
ក្រុមហ៊ុនរុករកប្រេង Ocean Infinity នឹងធ្វើការរុកយន្តហោះ MH370 ក្នុងតំបន់ថ្មីដែលមានទំហំ ២៥ ០០០គីឡូម៉ែត្រការ៉េ ដែលត្រូវបានកំណត់ដោយក្រុមអ្នកជំនាញថាជាកន្លែងនៃកម្ទេចកំទីយន្តហោះ។
ក្រុមហ៊ុនស្ថិតនៅក្នុងរដ្ឋ Texas ខាងលើមានពេល ៣ខែ ដើម្បីបំពេញភារកិច្ចនេះ ខណៈរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ម៉ាឡេស៊ី លោក Liow Tiong Lai បាននិយាយថា ពួកគេមានឱកាស ៨៥ភាគរយនៃការស្វែងរកកម្ទេចកំទីនៅក្នុងតំបន់ស្វែងរកថ្មីនោះ។
គួររំលឹកឲ្យដឹងថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ប្រភេទ Boeing 777 ដែលស្ថិតនៅលើជើងហោះហើរ MH370 បានបាត់ដំណឹងកាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៤ ក្នុងមហាសមុទ្រឥណ្ឌា ក្រោយហោះហើរចេញពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅទីក្រុងប៉េកាំង ប្រទេសចិន ជាមួយនឹងអ្នកដំណើរ ២២៧នាក់ និងនាវិក ១២នាក់ផងដែរ។
យ៉ាងណាមិញ រដ្ឋាភិបាលម៉ាឡេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ជាមួយក្រុមហ៊ុន Ocean Infinity កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ពោលគឺរយៈពេល១ឆ្នាំ បន្ទាប់ពីការស្វែងរកជាផ្លូវការដោយប្រទេសម៉ាឡេស៊ី , អូស្ត្រាលី និង ចិន នៅភាគខាងត្បូងមហាសមុទ្រឥណ្ឌាត្រូវបានលុបចោល។
លោក Liow បានបន្ថែមថា រដ្ឋាភិបាលនឹងឲ្យប្រាក់រង្វាន់ដល់ក្រុមហ៊ុន Ocean Infinity ចំនួន ២០លានដុល្លារ សម្រាប់ការស្វែងរកជោគជ័យលើទំហំដី ៥ ០០០គីឡូម៉ែត្រការ៉េ , ៣០លានដុល្លារ សម្រាប់ ១៥ ០០០គីឡូម៉ែត្រការ៉េ , ៥០លានដុល្លារ សម្រាប់ ២៥ ០០០គីឡូម៉ែត្រការ៉េ និង ៧០លានដុល្លារ ប្រសិនបើរកឃើញយន្តហោះ ឬ ប្រអប់ខ្មៅ នៅក្រៅតំបន់កំណត់ខាងលើ៕
ចុចអាន៖