​កប់! ដឹងតម្លៃ​ចំណាយ​លើ​គម្រោង​ព្រលាន​យន្តហោះ​​ថ្មីៗទាំង៣​នៅ​កម្ពុជា​ហើយ​​​ ស្ទើរ​មិន​ជឿ

  • 2018-01-14 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រលាន​យន្តហោះ​អន្តរជាតិ​ ៣​ កន្លែង​ក្នុង​ខេត្ត​ផ្សេង​គ្នានៅ​កម្ពុជា​គ្រោងនឹង​​ដំណើរ​ការ​សាងសង់​នា​ពេល​ខាង​មុខ ​និង​​ចំណាយ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​ តាម​រយៈ​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​បរទេស។ តើ​ព្រលាន​យន្តហោះ​អន្តរជាតិ ៣​កន្លែង​នោះ​ ស្ថិត​នៅ​ខេត្ត​ណា​ខ្លះ? សួមអាន​អត្ថបទ​ដូច​ខាង​ក្រោម​៖

១. ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​

ព្រលាន​យន្តហោះ​ថ្មីក្នុង​ប្រទេស​កម្ពុជា​ ដែល​ប្រកាស​នឹង​សាងសង់​លើផ្ទៃ​ដីទំហំ​ប្រមាណ​ ២ ៦០០​ហិកតា ​ស្ថិតនៅ​ក្រុង​តាខ្មៅ​ ​ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​។ ​គម្រោង​នេះ​នឹងចំណាយ​ទុន​រហូត​ដល់​ទៅ ១ ៥០០ លាន​ដុល្លារ​កន្លះ​ ​ក្នុងនោះ​ទឹកប្រាក់​ ​១ ១០០លានដុល្លារ​ ជាកម្ចីពី​ធនាគារ​បរទេស​ និង ២៨០លាន​ដុល្លារ​ជា​របស់ក្រុម​ OCIC របស់​ឧកញ៉ា​ ពុង ឃាវសែ ​ហើយ​ដើម​ទុន​ចុះបញ្ជី​មាន ១២០លានដុល្លារអាមេរិក។

(រូបតំណាង)

​​ឯកឧត្តម ​កែវ ស៊ីវន ​អគ្គនាយក​បច្ចេកទេស​នៃអាកាស​ចរណ៍​កម្ពុជា​ បាន​បញ្ជាក់​ Sabay ថា គម្រោងនេះ​នៅមិន​ទាន់​មាន​ប្លង់ (Master Plan) ​នៅឡើយ​ ដែល​អាច​ចំណាយ​រៀប​ចំប្លង់​ចេញ​ជា​ផ្លូវការ​យ៉ាង​​យូរ​បំផុត​នៅដើមឆ្នាំ​ក្រោយ​។

២. ព្រលាន​យន្តហោះ​អន្តរជាតិ​នៅ​ខេត្ត​សៀមរាបថ្មី

ព្រលាន​យន្តហោះ​ថ្មីក្នុង​ខេត្ត​សៀមរាប ​​គ្រោង​ចំណាយ​ថវិកា​​ជាង ៨០០លាន​ដុល្លារ ​និងមាន​ទីតាំង​នៅ​ក្នុង​ស្រុក​សូត្រ​និគម ខេត្ត​សៀមរាប ​ស្ថិត​នៅ​លើ​ផ្ទៃដី ប្រមាណ ​៧៥០​ហិចតា ជាការវិនិយោគ​ និងសាងសង់​ដោយ​​ក្រុមហ៊ុន​YUNAN Development Group ។

(រូបមួយក្នុងចំណោមប្លង់ជម្រើសទាំង៤)

បើតាម​លោក ​ស៊ិន ចាន់​សិរី​វុត្ថាអ្នកនាំពាក្យ​រដ្ឋ​លេខាធិការ​ដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​កន្លងទៅ​​ថា ព្រលាន​យន្តហោះ​នេះ នឹង​សាងសង់​ជា​ពីរ​ដំណាក់កាល ​ដោយ​ដំណាក់កាល​ទី​១ គ្រោង​ចំណាយ​ថវិកា​៥០០​លាន​ដុល្លារ ​ដែល​​អាច​ឲ្យ​​ចុះចត​យន្តហោះ​ខ្នាត​មធ្យម​សម្រាប់​យន្តហោះ​ខ្នាត​4E និង​ដំណាក់កាល​ទី​២ គ្រោង​ចំណាយ​ថវិកា​​ជាង ៣០០លាន​ដុល្លារ​ទៀត ទើប​អាច​ចុះចត​យន្តហោះ​ខ្នាត​យក្ស​បាន។ ចំណែក​ឯ​ការសាងសង់​ព្រលាន​យន្តហោះ​នេះ​អាច​ចំណាយ​ពេល​ពី​៣​ទៅ​៥​ឆ្នាំ ដើម្បី​បញ្ចប់​ទាំង​ដំណាក់កាល​ទី​១​និង​ដំណាក់កាល​ទី២។

៣. ព្រលាន​យន្តហោះ​អន្តរជាតិ​ដំបូងនៅ​ខេត្ត​កោះកុង

​ព្រលាន​យន្តហោះ​លំដាប់​អន្តរជាតិ​ថ្មី​មួយទៀត​​នៅ​ខេត្ត​កោះកុង ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​Union Development Group (UDG) របស់​ប្រទេស​ចិន ​គ្រោង​វិនិយោគ​ទឹកប្រាក់​ចន្លោះ​ពី ​៣០០​​ទៅ​៣៥០​លាន​ដុល្លារ។

​បច្ចុប្បន្ន​នេះ ​កំពុង​ចាប់​ផ្ដើម​ឈូស​ឆាយ​ដី ដើម្បី​រៀបចំ​ជា​ការដ្ឋាន​ហើយ​។ ព្រលាន​យន្តហោះ​នេះ​មាន​ទំហំ​ដី​៧៥០​ហិកតា ​ជា​លក្ខណៈ​​ខ្នាត​អន្តរជាតិ​តែ​ម្ដង​ ​ហើយ​អាច​ទទួល​ការ​ចុះចត​យន្តហោះ​មកពី​គ្រប់ទិសទី​។ នេះបើតាមប្រភពពីមន្ត្រីអាកាសចរណ៍៕

អត្ថបទ៖ ស៊ិន សាវ៉េត