បើគម្រោងនេះរួចរាល់ អ្នកទៅលេងកំពង់ភ្លុក ដឹងតែស្រួលហើយ
- 2018-01-17 09:13:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើគម្រោងនេះរួចរាល់ អ្នកទៅលេងកំពង់ភ្លុក ដឹងតែស្រួលហើយ
ចន្លោះមិនឃើញ
អាជ្ញាធរខេត្ដសៀមរាប គ្រោងនឹងស្ដារប្រឡាយទឹកប្រវែងជាង៤ពាន់ម៉ែត្រ ដើម្បីជាការសម្រួលឲ្យកាណូតធ្វើដំណើរនិងដឹកជញ្ជូនភ្ញៀវទេសចរ ចូលក្នុងតំបន់ទេសចណ៍ធម្មជាតិនិងវប្បធម៌កំពង់ភ្លុកនៅរដូវប្រាំង។
កំពង់ភ្លុកស្ថិតក្នុងឃុំកំពង់ភ្លុក ស្រុងប្រាសាទបាគង ភ្ញៀវទេចរទៅទីនោះដើម្បីទស្សនាព្រៃលិចទឹកបឹកទន្លេសាបនារដូវវស្សា និងការរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះ ដោយប្រាំមួយខែរស់លើទឹក និងប្រាំមួយខែរស់នៅលើគោក។ ជាមួយគ្នានោះដែរអ្នកទេសចរប្រាថ្នាទៅទស្សនាថ្ងៃលិចនៅលើបឹងទន្លេសាប ដែលគេថាជាទេសភាពដ៏ស្រស់ត្រកាល។
លោក នឹង នី ប្រធានក្រុមប្រឹក្សាឃុំកំពង់ភ្លុក មានប្រសាសន៍ឲ្យដឹងថា គម្រោងស្ដារប្រឡាយទឹកនេះនឹងធ្វើឡើងនៅខែមីនា ឆ្នាំ២០១៨ ក្នុងប្រវែង៤ ០០០ម៉ែត្រ ទំហំមាត់លើ៥០ម៉ែត្រ និងជម្រៅ៣ម៉ែត្រ ។
លោកឲ្យដឹងទៀតថា សហគមន៍កំពង់ភ្លុក ស្ថិតនៅជាប់បឹងទន្លេសាប និងជាតំបន់ទេសចរណ៍ធម្មជាតិនិងវប្បធម៌ ដែលមានភ្ញៀវទេសចរជាតិ និងអន្ដរជាតិទៅទស្សនារាប់រយនាក់ ជារៀងរាល់ថ្ងៃ។
ប៉ុន្ដែលោកថា ផ្លូវទឹកសម្រាប់កាណូតដឹកជញ្ជូនភ្ញៀវនាពេលបច្ចុប្បន្ននេះលំបាក ដោយសារទឹករាក់នៅរដូវប្រាំង ។ ដូចនេះ ការិយាល័យផ្នែកហិរញ្ញវត្ថុខេត្ដសៀមរាប បានរៀបចំគម្រោងស្ដារឡើងវិញនូវផ្លូវទឹកលើប្រឡាយទឹកចាស់ ដើម្បីងាយស្រួលទូកកាណូតធ្វើចរាចរដឹកជញ្ជូនភ្ញៀវទេសចរចូលទៅទស្សនាព្រៃលិចទឹក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់បឹងទន្លេសាបនារដូវប្រាំង។ លោកបន្ថែម។
តំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌កំពង់ភ្លុក មានទីតាំងជាប់បឹងទន្លេសាប ដែលមានផ្ទៃដីព្រៃលិចទឹកសម្រាប់អភិរក្ស៤៨ហិកតានៃផ្ទៃដីសរុបរបស់ឃុំជាង១៣ ២០០ហិកតា។
សហគមន៍នេះមានទូកដឹកជញ្ជូនភ្ញៀវទេសចរជាង៦០០ទូក និងទូកអុំជាង៨០០ទូក។ ឃុំនេះមានពលរដ្ឋរស់នៅ៨៦៤គ្រួសារ ក្នុងនោះពលរដ្ឋ៧៥ភាគរយជាអ្នកនេសាទ និង២៥ភាគយមានមុខរបរដឹកជញ្ជូនភ្ញៀវទេសចរតាមទូក។បើតាមក្រុមប្រឹក្សាឃុំកំពង់ភ្លុក ដដែល នៅឆ្នាំ២០១៧ មានភ្ញៀវទៅទស្សនា ជិត៩ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្ដរជាតិជិត៦ម៉ឺននាក់៕