រៀនIT ទេ តែចេះច្នៃ​ម៉ូត​សម្លៀក​បំពាក់​លើ​តុក្កតាបាន​ស្អាត គួរឲ្យ​ភ្ញាក់​ផ្អើល​

  • 2018-01-18 01:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​​ខ្មែរ​លើ​រូបតុក្កតា​ស្រី​បាប៊ី​ (Barbie Dolls) នឹង​បង្ហាញ​ស្នា​ដៃ​ច្នៃ​ប្រឌិត​របស់​ខ្លួន​សារ​ជាថ្មី​ទៀត តាម​រយៈ​ការ​តុប​តែង​ឈុត​សម្លៀកបំពាក់​​តំណាង​រាជធានី​ខេត្ត​ទាំង​ ២៥​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។

(លោក ជៀប ស៊ីបូរ៉ា អ្នកជំនាញ​ច្នៃម៉ូត​សម្លៀក​បំពាក់​អប្សរាលើ​តុក្កតា​បាប៊ី/រូបភាព៖ ជៀប ស៊ីបូរ៉ា)

លោក​ ជៀប ស៊ីបូរ៉ា ដែល​គេស្គាល់​ថា​ជាអ្នក​ជំនាញ​ច្នៃម៉ូត​សម្លៀក​បំពាក់​អប្សរាលើ​តុក្កតា​បាប៊ី ​ឲ្យ​Sabay ​ដឹង​ថាការ​ បង្កើត​ស្នាដៃ​ច្នៃប្រឌិតនេះ​ដើម្បី​បង្ហាញ​ពី​គំនិត​ច្នៃប្រ​ឌិត​បែប​ថ្មី ដែលបង្កប់នូវ​ការអភិរក្ស​។ ជាង​នេះ​ទៅទៀត​លោក​ថាការធ្វើដូចនេះ​ក៏​ដើម្បី​បណ្តុះ​ទឹកចិត្ត​ដល់​យុវជន​ឲ្យមាន​គំនិត​ច្នៃប្រឌិត​​ផងដែរ។ ​

លោក​ឲ្យដឹងទៀតថា​ ពេលនេះ​លោក​កំពុង​តែ​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​បែប​សហសម័យ​  ដែល​ជា​ការ​បូក​បញ្ចូល​នូវ​ម៉ូត​សម្លៀក​បំពាក់​ខ្មែរ​ជាច្រើន​សម័យ​កាល​ទៅ​លើ​រូប​តុក្កតា​តែមួយ​ ដើម្បី​ឲ្យ​ក្លាយ​ជា​ឈុត​តំណាង​ រាជធានី​ ខេត្តនានា​របស់​កម្ពុជា​។

(តុក្កតា បាប៊ី គ្រង​សម្លៀកបំពាក់ដែលច្នៃ​ដោយ​លោក ជៀប ស៊ីបូរ៉ា/រូបភាព៖ ជៀប ស៊ីបូរ៉ា)

លោក​បញ្ជាក់ថាៈ «ប្រាក​ដ​ណាស់​បង​ បើ​យើង​ច្នៃម៉ូត​សម្លៀក​បំពាក់​ខ្មែរ​ទៅ​លើ​រូប​តុក្កតា​ស្រីបរ​ទេស វា​នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​លេច​ធ្លោ​នៃ​ម៉ូត​សម្លៀក​បំពាក់​ទាំង​នោះ ជា​ពិសេស​ទៅ​ទៀត​យើង​ក៏​ធ្វើ​ឲ្យ​ស្រប​ទៅតាម​អ្វីដែល​ខេត្ត​នីមួយៗ​មាន​ដែរ​។ ជាក់​ស្ដែង​ដូច​ជា​ខេត្ត​សៀម​រាប​ខ្ញុំបាន​​បូក​បញ្ចូល​នូវ​ម៉ូត​សក់​សម័យ​អង្គរ និង​សម្លៀ​កបំពាក់​សម័យ​អង្គរ​បញ្ចូល​​ជាមួយ​សម័យ​ចតុមុខ តុប​តែង​លើ​រូប​តុក្កតា​ស្រី​បាប៊ី​ ដើម្បី​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​តែ​ម្ដង»។

សម្រាប់​ខេត្ត​ផ្សេងទៀត លោក​ថា លោក​នឹង​រៀបចំតុបតែងទៅ​តាម​អ្វី​ដែល​ជា​វត្ថុតំណាង​ ឬអ្វី​ដែល​ល្បី​ប្រចាំ​ខេត្ត​ទាំង​នោះ។

(រូបភាព៖ ជៀប ស៊ីបូរ៉ា)

ស្សិត​រៀន​ផ្នែក​ព័ត៌​មាន​វិទ្យា​ ដែល​ភ្ជាប់​ខ្លួន​នឹង​ការ​ច្នៃម៉ូត​សម្លៀក​បំពាក់​លើ​តុក្កតា​រូប​នេះ​ឲ្យ​ដឹង​បន្ថែម​ថា ​រហូត​មក​ដល់​ពេល​នេះ​លោក​បាន​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​លើ​តុក្កតា​​តំណាង​រាជធានី ខេត្ត​​បាន​ចំនួន​ ១៥​រួច​ហើយ ​និង​​គ្រោង​​បញ្ចប់​គម្រោង​របស់​ខ្លួន​នៅ​ចុង​ខែមករា​នេះ​។

ទោះយ៉ាងណា​ លោក​មិន​ទាន់​មាន​គម្រោង​នឹង​បង្ហាញ​រូបតុក្កតា​អប្សរា​២៥ រាជធានី​ ខេត្តនេះ​នៅ​ក្នុង​ព្រឹត្តិការណ៍​ណា​មួយ​នៅ​ឡើយ​ទេ ​ប៉ុន្ដែ​លោក​នឹង​បង្ហាញ​រូបទាំង​នេះ​នៅ​លើ​ Facebook page  របស់ លោក​ជាមុនសិន ហើយបើ​មាន​អ្នក​​ទាក់ទង​ ​លោក​នឹង​នាំ​រូប​ទាំង​នោះ​ទៅ​បង្ហាញ​ខ្លួន​បន្ត​ទៀត​។

(រូបភាព៖ ជៀប ស៊ីបូរ៉ា)

លោក​ ជៀប ស៊ីបូរ៉ា បាន​ចាប់​ផ្ដើម​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ខ្មែរ​លើ​រូប​តុក្កតា​ស្រី​បរទេស​ ឬ Barbie Dolls តាំង​ពីឆ្នាំ២០១១ មកម្ល៉េះ ដោយ​លោក​បាន​ឲ្យឈ្មោះ​ទៅលើ​តុក្កតាស្រី​ដែល​លោក​គ្រង​សម្លៀក​បំពាក់​បុរាណ​ខ្មែរ​ថាអប្សរា​បាប៊ី​ដូល។ គិតរហូត​មក​ដល់ពេលនេះ​លោកបានច្នៃម៉ូត​សម្លៀក​បំពាក់​លើ​តុក្កតា​បានជាង ១០០ម៉ូតហើយ៕

អត្ថបទដោយ៖ រស់ សុជាតិ​

អត្ថបទថ្មី