មក​សាក​រសជាតិ​ក្រឡាន​ឆ្ងាញ់​ នៅក្រចេះ​ម្ដង​មើល៎!

  • 2018-01-18 08:38:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រឡាន​ជា​​អាហារ​បស់​ខ្មែរ​​យើង​ ដែល​មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ​។ ភូមិថ្មគ្រែ​ ក្នុងខេត្តក្រចេះ ត្រូវបាន​គេ​ទទួល​ស្គាល់​ថា ជាទី​ដែល​ធ្វើ​នំ​ក្រឡាន​ឆ្ងាញ់​ជាងគេ។ ដូច្នេះ ថ្ងៃ​នេះ Sabay សូម​ណែនាំ វិធី​ធ្វើ​នំ​មួយ​នេះ ពី​អ្នក​ស្រី វ៉ាន់ មីត ប្រកប​របរ​ដុត​ក្រឡាន​លក់​ នៅ​ភូមិ​ថ្មគ្រែ ដូច​ខាង​ក្រោម៖

1.អ្នក​ស្រី វ៉ាន់ មីត អាយុ ៣៥ ឆ្នាំ ប្រកប​របរ​ដុត​ក្រឡាន​លក់​ នៅ​ភូមិ​ថ្ម​គ្រែ​លើ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ។ អ្នក​ស្រី​ប្រកប​របរ​នេះ តាំង​ពី​ឆ្នាំ ២០១៣ មក​ម៉្លេះ​។ បច្ចុប្បន្ន​អ្នក​ស្រី​មាន​ម៉ូយ​ជា​ប្រចាំ​ចំនួន ៥​នាក់ ដែល​អាច​ទទួល​ទិញ​ក្រឡាន​ពី​អ្នក​ស្រី ប្រមាណ​ពី ១០០ ទៅ ២៥០​គីឡូ​ក្រាម ក្នុង​មួយ​ថ្ងៃ​។

2.អ្នក​រួម​ការ​ងារ​ របស់​អ្នក​ស្រី វ៉ាន់ មីត កំពុង​សក​សម្បក​ប្ញស្សី​ដែល​មាន​សាច់​ក្រាស់​ចេញ បន្ទាប់​ពី​គាត់​កាត់​វា​ជា​កង់ៗ​រួច​។ ការ​សក​នេះ ធ្វើ​ឱ្យ​ក្រឡាន​ដុត​ឆាប់​ឆ្អិន។ ប្ញស្សី​ដែល​គេ​យក​មក​ដុត​ធ្វើ​ជា​ក្រឡាន​នេះ​ ភាគ​ច្រើន​ទិញ​មក​ពី​ខេត្ត​ព្រៃ​វែង និង ស្វាយ​រៀង​។

3.អ្នក​ស្រី វ៉ាន់ មីត និង​កូន​ស្រី កំពុង​ច្រក​អង្ករ​ដំណើប​ដែល​លាយ​គ្រឿង​រួច​ជា​ស្រេច ចូល​ទៅ​ក្នុង​បំពង់​ប្ញស្សី​។ ចំណែក​ស្រ្តី​ម្នាក់​ទៀត​ កំពុង​ញាត់​កម្ទេច​ប្ញស្សី លាយ​ស្រកី​ដូង ចូល​ទៅ​ក្នុង​បំពង់​ប្ញស្សី ដើម្បី​បិទ​ភ្ជិត​មាត់​បំពង់ មុន​នឹង​យក​ទៅ​ដុត​។ ការ​ច្រក​អង្ករ​ និងដុត​ ធ្វើ​ឡើង​ចាប់​ពី​​ម៉ោង ១២ ឬម៉ោង ១​រំលង​អាធ្រាត្រ រហូត​ទល់​ភ្លឺ។

4.អ្នក​រួម​ការ​ងារ​ម្នាក់​ទៀត របស់​អ្នក​ស្រី វ៉ាន់ មីត កំពុង​រៀប​បំពង់​ប្ញស្សី​ជា​ជួរ ហើយ​ដុត។ ការ​ដុត​ក្រឡាន​នេះ ធ្វើ​ឡើង​យ៉ាង​មមារ​ញឹក​ និង​ថែ​ភ្លើង​យ៉ាង​ដិត​ដល់​។ ពេល​ក្រឡាន​ឆ្អិន​ល្អ​ហើយ ក្រុម​ការងារ​ផ្សេង​ទៀត​ ជញ្ជូន​ក្រឡាន​ទៅ​សក​សម្បក​ប្ញស្សី​ម្តង​ទៀត ដើម្បី​សំអាត​កន្លែង​ឆេះ​ខ្លោច និង​ សិត​សម្បក​ប្ញស្សី​ឱ្យស្តើង ​រលោង​ស្អាត​ និង​ងាយ​ស្រួល​បក។

5.ក្រឡាន​ថ្ម​គ្រែ គឺ​ជា​ផលិត​ផល​ដ៏​ល្បី​ល្បាញ​របស់​ខេត្ត​ក្រចេះ​។ ប៉ុន្តែ​ក្នុង​ចំណោម​៣​ភូមិ (ភូមិ​ថ្ម​គ្រែ​លើ ភូមិ​ថ្ម​គ្រែ​កណ្តាល និង ភូមិ​ប្ញស្សី​ចារ) នៅ​ក្នុង​ឃុំ​នេះ មាន​តែ​ភូមិ​ថ្ម​គ្រែ​លើ​ប៉ុណ្ណោះ​ដែល​មាន​ពលរដ្ឋ​ដុត​ក្រឡាន​ច្រើន​ជាង​គេ​។ បច្ចុប្បន្ន​អ្នក​ដុត​ក្រឡាន​នៅ​ក្នុង​ភូមិ​នេះ មាន​ជាង​៣០​គ្រួសារ៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទពេញនិយម