ផ្ទះស្នាក់ នៅសង្កាត់កោះទ្រង់​ ក្រុង​ក្រចេះ តម្លៃទាប និង​ចូលរួម​លើក​តម្កើង​វប្បធម៌

  • 2018-01-17 04:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះស្នាក់​ (Home Stay) នៅ​ភូមិ​ក្បាល​កោះ សង្កាត់​កោះទ្រង់​ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ មាន​តម្លៃ​ទាប​ នៅ​ក្នុង​ការ​ស្នាក់​នៅ ដោយ​ក្នុង​១យប់​ត្រឹម ៣ ទៅ ៤ដុល្លារ​។ ភ្ញៀវ​ទេសចរ​ដែល​បាន​មក​ស្នាក់​នៅ​ទី​នេះ គឺជ​ាផ្នែក​មួយ​សំខាន់​ផ្ដល់​ប្រាក់​ចំណូល​ដល់​អ្នក​ភូមិ​ផង និង​អាច​ស្វែង​យល់​អំពី​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​អ្នកភូមិ ជាពិសេស​ប្រពៃណី វប្បធម៌ តាម​តំបន់។

ទឹកដីភូមិក្បាលកោះ សង្កាត់​កោះទ្រង់ ក្រុង​ក្រចេះ ខេត្តក្រចេះ

1.    អ្នក​ស្រី វន សុវ៉ានី អាយុ ៤៧​ឆ្នាំ ជា​ម្ចាស់​ផ្ទះ​ស្នាក់​ទី​១ ដែល​មាន​ទី​តាំង​នៅ​ភូមិ​ក្បាល​កោះ សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ។ ផ្ទះ​ស្នាក់​របស់​អ្នក​ស្រី សុវ៉ានី ចាប់​ផ្ដើម​បើក​ទ្វារ​ទទួល​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​លើ​កោះ​ទ្រង់ នៅ​ឆ្នាំ ២០០៨ បន្ទាប់​ពី​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​។

  2.    ជា​រៀង​រាល់​ថ្ងៃ អ្នក​ស្រី វន សុវ៉ានី តែង​បោស និង​ជូត​សម្អាត រនាប​ក្ដារ ជញ្ជាំង តុ ទូ នៅ​លើ​ផ្ទះ​របស់​ខ្លួន​។ ផ្ទះ​នេះ ត្រូវ​បាន​សាង​សង់​ពី​ឈើ​ប្រក់​ក្បឿង ក្នុង​អំឡុង​ឆ្នាំ​១៩៦០។ មក​ទល់​នឹង​ពេល​នេះ ផ្ទះ​មួយ​ខ្នង​នេះ នៅ​តែ​ស្អាត និង រឹង​មាំ​នៅ​ឡើយ​។

  3.    ម្ចាស់​ផ្ទះ​ស្នាក់ កំពុង​រៀប​ចំ​មុង-ភួយ និង កន្លែង​គេង ជូន​ភ្ញៀវ​ទេសចរ​។ ភ្ញៀវ​អាច​កក់​កន្លែង​ស្នាក់​នៅ​ដោយ​ផ្ទាល់​ខ្លួន ឬ​តាម​ភ្នាក់ងារ​ទេសចរណ៍។ ផ្ទះ​ស្នាក់​នេះ អាច​ទទួល​ភ្ញៀវ​ឱ្យ​ស្នាក់​នៅ​បាន ២០​នាក់ ក្នុង​មួយ​យប់ ហើយ​ម្នាក់​តម្លៃ​ពី ៣ ទៅ ៤​ដុល្លារ​ក្នុង​មួយ​យប់​។

4.    ក្រៅ​ពី​ការ​ស្នាក់​នៅ អ្នក​ស្រី​ក៏​ទទួល​ធ្វើ​ម្ហូប​អាហារ​ដែល​ប្រកប​ដោយ​អនាម័យ និង រស​ជាតិ​ឆ្ងាញ់​ពិសា​ជូន​ភ្ញៀវ​ទទួល​ទាន​ផង​ដែរ​។ តម្លៃ​អាហារ​មាន​ដូច​ជា៖ អាហារ​ពេល​ព្រឹក​តម្លៃ ​៣​ដុល្លារ​/​ម្នាក់ អាហារ​ថ្ងៃ​ត្រង់​តម្លៃ ៤​ដុល្លារ​/ម្នាក់ និង អាហារ​ពេល​ល្ងាច​តម្លៃ ៤​ដុល្លារ​/ម្នាក់​។

5.    អ្នក​ស្រី វន សុវ៉ានី កំពុង​ហាល​កម្រាល​ពូក ​ខ្នើយ និង ភួយ​នៅ​ខាង​ក្រោយ​ផ្ទះ​អ្នក​ស្រី​។ ការ​សំអាត​សម្ភារ​ទាំង​នេះ ធ្វើ​ឡើង​ជា​ប្រចាំ​ ដើម្បី​ធានា​ផាសុក​ភាព​ជូន​ភ្ញៀវ។ ជាមួយ​គ្នា​នេះ ផ្ទះ​ស្នាក់​របស់​អ្នក​ស្រី​ ក៏​មាន​សេវា​បោក​គក់​សំលៀក​បំពាក់​ជូន​ភ្ញៀវ​ដែល​មក​ស្នាក់​នៅ​រយៈ​ពេល​យូរ​ផង​ដែរ​៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក