ទាក់​ចិត្ត Angelina Jolie ឲ្យ​ត្រឡប់​មក​​ជា​ថ្មី ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា

  • 2018-01-19 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​មិញ​នេះ នៅ​មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផា​ណា​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ ដើម្បី​ប្រកាស​ការ​វិល​ជា​ថ្មី​នៃ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​ ដែល​ត្រៀម​នឹង​ធ្វើ​ជា​លើក​ទី​៨ នៅ​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០១៨​ខាង​មុខ​។

​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​​បាន​ធ្វើ​ឡើង​៧​ដង​រួច​មក​ហើយ​ ថែម​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ឡើងៗ​ជា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​​។ តួ​យ៉ាង​កាល​ពី​ឆ្នាំ​​២០១៧​កន្លង​ទៅ​ មហោស្រព​ខាង​លើ​នេះ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​សម្បើម​គួរ​ឲ្យ​កត់សម្គាល់ ពោល​គឺ​ទទួល​បាន​ទស្សនា​ជាង​២ម៉ឺន​នាក់​ក្នុង​រយៈ​ពេល​៥​ថ្ងៃ។

ចំនួន​ដ៏​ច្រើន​លើស​លប់​នេះ ត្រូវ​បាន​នាយកដ្ឋាន​ភាពយន្ត​បច្ចុប្បន្ន​ លោក ប៉ុក បូរក្ស រំលឹក​ថា​ដោយ​សារ​តែ​មហោស្រព​ទទួល​ភាពយន្ត​ជា​ច្រើន​ប្រទេស​មិន​ថា​អឺរ៉ុប​អាស៊ី បូក​រួម​ទាំង​កម្ពុជា​ផង​មក​ដាក់​បញ្ចាំង​។ ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​ដោយសារ​វត្តមាន​កំពូល​តារា​សម្ដែង​លំដាប់​ហូលីវូដ Angelina Jolie ​ចូល​រួម​ក្នុង​ពិធី​បើ​មហោស្រព​ទើប​អាច​ទាក់ទាញ​អ្នក​គាំទ្រ​បាន​យ៉ាង​សន្ធឹក​ដូច​នេះ។

​ក្នុង​នោះ​លោក Eloyan Kalyan អ្នក​ចាត់​ចែង​កម្មវិធី​ខាង​លើ ​បាន​សង្កត់​ន័យ​ថា ក្នុង​ឆ្នាំ​នេះ​លោក​និង​ក្រុម​ការងារ​បាន​ស្នើ​ទៅ​ Angelina Jolie ​ឲ្យ​ចូល​រួម​និង​គាំទ្រ​ជា​ថ្មី​​​​សម្រាប់​កម្មវិធី​នេះ។ ​​​​

Eloyan Kalyan

លោក​បន្ត​ឲ្យ​ដឹង​ទៀត​ថា មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៨ ដែល​មាន​ការ​គាំទ្រ​ដោយ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពី​ថ្ងៃ៥ ដល់​ថ្ងៃ​ទី​១១​ មិនា ឆ្នាំ​២០១៨។ ព្រឹត្តិការណ៍​ន​នឹង​ប្រមូល​ផ្ដុំ​ភាពយន្ត​​សរុប​១២០​ចំណង​ជើង​ មក​​ពី​ប្រទេស​ជា​ច្រើន​ដូចជា បារាំង ថៃ កាណាដា អូស្ត្រាលី បែលហ្សិក ជប៉ុន ថៃ កាណាដា វៀតណាម ភូមា ចិន និង​សិង្ហបុរី។

ភាពយន្ត​ទាំង​នេះ​នឹង​ត្រូវ​ដាក់​បញ្ចាំង​រឿង​​នៅ​គ្រប់​រោង​ភាពយន្ត​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផា​ណា​ និង​វាល​ហាល​ក្នុង​កោះ​ពេជ្រ៕ ​​

អត្ថបទ៖ សុខណា

អត្ថបទថ្មី