លាង សុផាឡែន ខ្លាច​សំឡេងខ្លួន​ឯង ដល់​ថ្នាក់​ព្រឺសម្បុរគីង្គក់ (វីដេអូ)

  • 2018-01-24 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង ​កញ្ញា លាង សុផាឡែន បាន​លើក​ឡើង​ថា នាង​មាន​អារម្មណ៍​ខ្លាច​សំឡេង​ខ្លួន​ឯង​​ដល់​ថ្នាក់​ព្រឺសម្បុរគីង្គក់ គ្រា​ដែល​នាង​ច្រៀង​​មួយ​បទ​ដើម្បី​បញ្ចូល​ក្នុង​រឿង​"ធ្មប់"​ឲ្យ​ផលិតកម្ម​មាតុ​ចក្រ កាល​ពី​ពេល​ថ្មីៗ​នេះ។

សុផាឡែន ថ្លែង​ឲ្យ​ដឹង​បែប​នេះ​គ្រា​ដែល​នាង​បាន​ឡើង​ច្រៀង​បទ​ចម្រៀង​មួយ​បទ​នេះ ក្នុង​ថ្ងៃ​សម្ពោធ​​ភាពយន្ត​ខាង​លើ​នៅ​នៅ​ឯ​រោងភាពយន្ត​ Major Cineplex by Smart ផ្សារ​ទំនើប​ AEON ក្រោម​វត្ត​មាន​សិល្បករ​សិល្បៈ​ការិនី​ថ្មី​ចាស់ជា​ច្រើន​នាក់។ នាង​ថា ពេល​ដែល​នាង​ចូល​ក្នុង​ស្ទូឌីយោ​ថត​សំឡេង ហើយ​គួបផ្សំ​​ក្នុង​ស្ទូឌីយោ​ មាន​ភាព​ងងឹត​​ បូក​ជាមួយ​ភ្លេងលន្លង់លន្លោច​​ស្ងាត់ជ្រងំ​ផង​នោះ គឺ​ពិត​ជា​បាន​ធ្វើ​ឲ្យ​នាងភ័យ​​ខ្លាច​សំឡេង​ខ្លួន​ឯង​​ដល់​ថ្នាក់​ព្រឺសម្បុរគីង្គក់​​ពិត​មែន។

បទ​ចម្រៀង​ដែល ​កញ្ញា លាង សុផាឡែន ច្រៀង​នោះ មាន​ចំណង​ជើង​ថា ​"ធ្មប់" ដូច​នឹង​ចំណង​ជើង​រឿង​តែម្ដង ដោយ​បទ​ចម្រៀង​នោះ និយាយ​ពីការ​ខឹងសម្បា​របស់​មនុស្ស​ម្នាក់ទៅ​លើ​ធ្មប់​ដែល​បាន​ព្យាបាទ​សម្លាប់​ក្រុមគ្រួសារ​ខ្លួន ដោយ​ទាម​ទា​ឲ្យ​ធ្មប់​នោះសង​ជីវិត​ក្រុម​គ្រួសារ​ខ្លួន​មក​វិញ។

តាម​ការ​ឲ្យ​ដឹង​បទ​ចម្រៀង​១បទ​នេះ ក្រុម​ការងារ​​ផលិតកម្ម​មាតុចក្រ របស់​លោក ហ៊ុយ យ៉ាឡេង ​បាន​សរសេរ​ឡើង ហើយ​បាន​​ពឹង​​ សុផាឡែន ​ជួយ​ច្រៀង​ឲ្យ ដើម្បី​មក​បញ្ចូល​ក្នុង​​ខ្សែភាពយន្ត​មួយ​នេះ ក្នុង​នាម​ជា​អ្នក​រាប់​អាន​គ្នា។

សុផាឡែន ថ្លែង​ថា កន្លង​មក​នាង​មិន​ធ្លាប់​ច្រៀងដល់​ថ្នាក់​ខ្លាច​សំឡេង​ខ្លួន​ឯង​បែប​នេះ​ឡើយ ហើយ​នាង​សង្ឃឹម​ថា បទ​ចម្រៀង​មួយ​បទ​នេះ​នឹង​ទទួល​ការ​គាំទ្រ​ពីទស្សនិកជន​ជាក់​ជា​មិន​ខាន ស្រប​ពេល​ដែល​​ភាពយន្ត​មួយ​នេះ​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​​ថ្ងៃ​ទី២៥ មករា​នេះ​ផង​នោះ ៕

ទស្សនា និងស្តាប់ចម្រៀង «ធ្មប់» ខាងក្រោមនេះ៖

អត្ថបទៈ ស៊ុនហួត

អត្ថបទពេញនិយម