ថ្ងៃបុណ្យមាឃបូជា គួដឹងពី​ឱវាទ​ធំៗទាំង​បី របស់ព្រះសម្មាសម្ពុទ្ធ

  • 2018-01-30 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​ទេស​កាន់​​ព្រះពុទ្ធសាសនា​ថេរវាទ​មួយ​ចំនួនដូចជា​កម្ពុជា​ ឡាវ ថៃ និង​មីយ៉ាន់ម៉ា​ជាដើម​ប្រារព​ពិធី​បុណ្យ​មាឃបូជា ដូច​គ្នា​នៅ​ថ្ងៃ១៥កើត ខែមាឃ​​ ខណៈពិធីបុណ្យ​នេះ​ជា​ពិធី​ធំមួយ​សម្រាប់​​​ពុទ្ធិសាសនិក​។

ក្នុង​ឱកាសថ្ងៃ១៥ កើត ខែ​មាឃ កាលពីជាង​២៥៦០ឆ្នាំមុន​នៃពុទ្ធសករាជ​ ​ព្រះសម្មាសម្ពុទ្ធទ្រង់បាន​សម្តែង​នូវឱវាទទូន្មាន​ដល់​មនុស្ស​ជាតិ​ឲ្យ​រូច​ផុត​ពី​ទុក្ខទាំង​ឡាយ។

ព្រះភិក្ខុ វ៉ង សុភស្ត សាស្ត្រាចារ្យ​ផ្នែក​ទស្សន​វិជ្ជានៃពុទ្ធិក​សាក​លវិទ្យាល័យ​ព្រះ​សីហនុរាជ មាន​សង្ឃ​ដីកា ថា​នាឱកាស​នោះព្រះពុទ្ធបាន​ផ្តល់​ជា​ឱវាទធំៗដោយសង្ខេប​ចំនួន​បីដើម្បីប្រកាសឲ្យ​ពិភព​លោក​បាន​ដឹងពីព្រះពុទ្ធសាសនា។

ព្រះពុទ្ធោវាទទី​មួយគឺ​ហាមប្រ​ព្រឹត្តអំពើបាបទាំងឡាយ ដែលនាំឲ្យមានទុក្ខទោស ដល់អ្នកដទៃ ឬគ្រោះថ្នាក់​ដល់អ្នកដទៃ។ ពុទ្ធឱវាទទី​ពីរគឺ ធ្វើតែអំពើល្អ វៀរចាក​អំពើអាក្រក់ទាំងឡាយ មានចិត្ត​មេត្តា ករុណា មិន​សម្លាប់បៀតបៀនជីវិត​អ្នកដទៃ និង​ប្រកមដោយព្រហ្មវិហាធម៌។ ចំណែក​ពុទ្ធ​ឱវាទចុងក្រោយគឺ​ការអំរំផ្លូវចិត្ត​ លះ​បង់​កិលេស ចាក​ចេញពី​លោភៈ ទោសៈ ទាំងឡាយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ព្រះភិក្ខុ​ វ៉ង សុភស្ត ដដែល។

ព្រះអង្គបន្តថាៈ «បើមាន​រឿងអ្វីព្រះពុទ្ធឲ្យយកអហិង្សាទៅដោះស្រាយ មិន​ឲ្យ​យក​ហិង្សា​ទៅ​ដោះ​ស្រាយ​ទេ​ អ៊ីចឹង​ព្រះពុទ្ធសាសនាប្រឆាំងសង្គ្រាម​ មិនឲ្យមាន​សង្គ្រាម​ទេ បើសិនជា​ពិភពលោកនេះ​ប្រតិបត្តិតាម​ឱវាទព្រះ​ពុទ្ធបានន័យថាអត់មាន​សង្គ្រាម អត់មានផលិត​អាវុធ...ព្រះអង្គហាម​មិន​ឲ្យ​កាប់​សម្លាប់​គ្នា​ទេ...ទោះបីមាន​ការកាន់​សាសនា​ខុសគ្នា មានជំនឿខុសគ្នា​អី មិន​ឲ្យ​ប្រកាន់​រើស​អើង​គ្នាទេ បើ​និយាយ​ទៅ​ព្រះពុទ្ធសាសនា​ និង​សិទ្ធិ​មនុស្ស​គឺ​តែ​មួយ​ទេ គឺ​ដូច​គ្នា»។

ថ្វីត្បិត​តែប្រជា​ពល​រដ្ឋខ្មែរ​ភាគច្រើន​កាន់ព្រះពុទ្ធសាសនា​ក៏ពិតមែន តែព្រះអង្គ វ៉ង សុភស្ត មើល​ឃើញ​ថា​ប្រ​ជា​ពល​រដ្ឋខ្មែរខ្លះមិន​បាន​អនុវត្តតាម​ពុទ្ធោវាទ​ទាំងនេះ​ឲ្យបាន​ខ្ជាប់ខ្ជួននោះទេ។ សូម្បី​តែ​នៅ​ថ្ងៃ​ពិធី​បុណ្យ​មាឃបូជា ក៏​ព្រះអង្គថា​មាន​ពលរដ្ឋខ្លះ​មិន​បាន​ទៅ​វត្ត​ផង​ក៏មាន។

​ព្រះអង្គ​បន្តថាៈ «រាជរដ្ឋាភិបាល​ឲ្យ​ឈប់សម្រាក តែគាត់អត់នាំគ្នា​ទៅ​វត្ត ដើម្បីប្រតិបត្តិ​​សាសនា​ទេ...គាត់​អត់​ចាប់​អារម្មណ៍ អាត្មាសួរអ្នក​រត់ម៉ូតូឌុប រ៉ឺម៉ក មួយ​ចំនួន​...គាត់អត់ដឹងអត្ថន័យ អត់​ដឹង គាត់​អត់​ចាប់​អារម្មណ៍​»។

ក្រៅពី​ពុទ្ធោវាទធំៗទាំងបីនេះ​ នៅ​វេលានោះដែរ ​ព្រះសម្មាសម្ពុទ្ធ​ក៏បាន​ប្រ​កាស​ពី​ការដាក់​អាយុ​សង្ខារ​​របស់​ព្រះ​អង្គ​ផង​ដែរ៕

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី