ប្រវត្តិជូរចត់ទម្រាំតែ Jack Ma អាច​បង្កើត​ Alibaba បានជោគជ័យដូចសព្វថ្ងៃ

  • 2018-01-31 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jack Ma ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ស្ថាបនិក​ក្រុមហ៊ុន Alibaba មាន​ដើម​កំណើត​ក្នុង​ខេត្ត Zhejiang ប្រទេស​ចិន បច្ចុប្បន្ន​មាន​វ័យ ៥៣ ឆ្នាំ។ ធ្លាប់​ឆ្លង​កាត់​រឿង​ឈឺ​ចាប់​និង​បទ​ពិសោធន៍​បរាជ័យ​រាប់​មិន​អស់ មុន​អាច​បង្កើត​ក្រុមហ៊ុន​លក់​ទំនិញ Online ខ្នាត​ធំ​មួយ ដែល​មាន​គេ​ទទួល​ស្គាល់​ជុំវិញ​ពិភពលោក។

Sabay រៀបរាប់​ពី​ដើម​ចម​នៃ​សេដ្ឋី​មាន​ប្រាក់​ជាង ៥០ ប៊ីលាន​ដុល្លារ​រូប​នេះ ដែល​មាន​ឱកាស​បង្កើត Alibaba Group ឲ្យ​ជោគជ័យ​ទល់​សព្វថ្ងៃ ទាំង​ដែល​ពី​មុន​ខ្លួន​ត្រឹម​ជា​គ្រូ​បង្រៀន​ភាសាអង់គ្លេស​មាន​ប្រាក់​ខែ ១២ ដុល្លារ​។

+ដំណើរ​ចាប់​ផ្តើម​ជីវិត​របស់ Jack Ma:

រឿងរ៉ាវ​របស់​សេដ្ឋី​រូប​នេះ កើត​មាន​ឡើង​ក្នុង​ទីក្រុង Hangzhou ដែល​មាន​ប្រជាជន​ជាង ២.៤ លាន​នាក់ ស្ថិត​ក្នុង​ត្រកូល​គ្រួសារ​ក្រ​ខ្សត់​ដោយ​មាន​ឪពុក​ម្ដាយ​ជា​អ្នក​មាន​ជំនាញ​សិល្បៈ Ping Tan។ ដើម្បី​ជម្នះ​ក្នុង​ស្ថានភាព​សិក្សា​ជាមួយ​មិត្ត​រួម​ថ្នាក់ Ma ត្រូវ​បង្ខំ​ចិត្ត​ទៅ​សណ្ឋាគារ​ក្នុង​ស្រុក​រាល់​ថ្ងៃ ដើម្បី​មាន​ឱកាស​ជួប​ជនបរទេស​និង​អនុវត្ត​ភាសា​អង់គ្លេស​ជាមួយ​ពួក​គេ ហើយ​បាន​យក​ថវិកា​ទិញ​វិទ្យុ​តូច​មួយ​ដែល​អាច​ស្តាប់​ការ​សិក្សា​​ភាសាសន្ទនា​ប្រចាំ​ថ្ងៃ។​

រូបតំណាង Jack Ma កាលធ្វើជាគ្រូបង្រៀន

ថ្វី​បើ​មាន​ជំនាញ​លើ​ភាសា​អង់គ្លេស ប៉ុន្តែ​លោក​ខ្សោយ​ខាង​គណិតវិទ្យា រហូត​ត្រូវ​ធ្លាក់​ការ​ប្រលង​បញ្ចប់​វិទ្យាល័យ​ដល់​ទៅ ២ លើក​ជាប់​គ្នា។​ ​ការ​ព្យាយាម​លើក​ទី ៣ ទើប​ទទួល​បាន​ជោគជ័យ និង​បាន​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាស្ថាន​គ្រូ​បង្រៀន​ក្នុង​ទីក្រុង Hangzhou នា​ឆ្នាំ ១៩៨៨ ។ គ្រា​នោះ​លោក​ក៏​ត្រូវ​បាន​គេ​បដិសេធ​សំណើ​សុំ​ធ្វើ​ការងារ​រាប់​មិន​អស់ មិន​ថា​តែ​​ហាង​លក់​មាន់​បំពង​ KFC ។

រូបតំណាង Jack Ma នៅវ័យកុមារ

យ៉ាងណាមិញ​ Jack Ma ក៏​មាន​ឱកាស​ក្លាយ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស ដោយ​រក​ចំណូល​បាន​ត្រឹមតែ ១២ ដុល្លារ​ក្នុង​មួយ​ខែ​នៅ​សកលវិទ្យាល័យ​ក្នុង​តំបន់។​

+ដើម​ទង​ធ្វើ​ឲ្យ​មាន​ការ​បង្កើត Alibaba:​​​

បន្ទាប់​ពី​បញ្ចប់​អាជីព​ជា​គ្រូ​បង្រៀន ក្នុង​ឆ្នាំ ១៩៩៥ លោក Ma មាន​ឱកាស​ទៅ​ទឹក​ដី​សហរដ្ឋអាមេរិក​ជា​លើក​ដំបូង ហើយ​ត្រូវ​បាន​គេ​នាំ​ឲ្យ​ស្គាល់​ពី​អ្វី​ទៅ​ជា​អ៊ីនធឺណិត។ លុះ​វិល​មក​ដល់​ស្រុក​កំណើត លោក​ក៏​បាន​បង្កើត​អាជីវកម្ម​លើ​អ៊ីនធឺណិតឈ្មោះឲ្យ China Pages ប៉ុន្តែ​រង​សម្ពាធ​នៃ​ការ​ទាមទារ​ឲ្យ​បណ្ដាក់ទុន​ជាមួយ China Telecom រហូត​ធ្វើ​ក្រុមហ៊ុន​ទាំង​មូល​បាត់បង់តុល្យភាព និង​ត្រូវ​បរាជ័យ។ នេះ​បើ​យោង​តាម​សារព័ត៌មាន The New York Times បាន​ចុះ​ផ្សាយ។

រូបតំណាង Jack Ma ជាមួយមិត្តភក្តិ ១៧ នាក់

​ភាព​អត់ធ្មត់​នៅ​ជាប់​ក្នុង​ចិត្ត​ជា​និច្ច​ជំរុញ​ឲ្យ Ma ក្រោក​ឈរ​ម្តង​ទៀត​នា​ឆ្នាំ ១៩៩៩ ហើយ​បាន​ហៅ​មិត្ត ១៧ នាក់ មក​ពិភាក្សា​ក្នុង​បន្ទប់​ជួល​មួយ ដើម្បី​បង្កើត​អាជីវកម្ម​លក់​ទំនិញ​លើ Online។​ គ្រា​នេះ​ហើយ​ដែល Alibaba.com បាន​លេច​វត្តមាន ដែល​អនុញ្ញាត​ឲ្យ​បណ្តា​អ្នក​លក់​​អាច​ធ្វើ​ការ​បង្ហោះ​ចេញ​នូវ​ទំនិញ​របស់​ខ្លួន ហើយ​អតិថិជន​អ្នក​ទិញ​មាន​សិទ្ធ​ធ្វើ​ការ​ស្វែងរក​យ៉ាង​ធំ​ទូលាយ។ សំណាង​ល្អ​ក្នុង​ខែ​តុលា ឆ្នាំ ១៩៩៩ ក្រុមហ៊ុន​ក៏​ទទួល​បាន​ការ​វិនិយោគ ៥ លាន​ដុល្លារ​ពី​ក្រុមហ៊ុន Goldman Sachs និង ២០ លាន​ដុល្លារ​ពី​ធនាគារ SoftBank ដែល​មាន​គោលដៅ​ចូល​រួម​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា។​

ភាព​ជោគជ័យ​ត្រូវ​បាន​បង្ហាញ​ទៅ​កាន់​ពិភពលោក ហើយ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ចាប់​ផ្តើម​ពង្រីក​សាខា​ទៅ​ជា​គេហទំព័រ Taobao មួយ​បន្ថែម​ទៀត ដើម្បី​ប្រជែង​ជាមួយ​ក្រុមហ៊ុន​បរទេស eBay ដែល​ព្យាយាម​វាយលុក​ទីផ្សារ​ប្រទេស​ចិន។​ រហូត​ដល់​ពាក់​កណ្ដាល​ទសវត្ស​ឆ្នាំ ២០០០ សម្ព័ន្ធ​របស់ Alibaba ក៏​ផ្តួល eBay បាន​សម្រេច ហើយ​មក​ទល់​បច្ចុប្បន្ន​ក៏​ក្លាយ​ជា​គេហទំព័រ​មួយ​ក្នុង​ចំណោម ២០ ដែល​មាន​អ្នក​ចូល​មើល​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក រួម​បញ្ចូល​ទាំង Alibaba, Tmall ផង​នោះ។​

ប៉ុន្តែ​ដល់​ឆ្នាំ ២០១៣ លោក Ma បាន​ដើរ​ចេញ​ពី​តំណែង CEO ហើយ​ឲ្យ​លោក Johnathan Lu ឡើង​ជំនួស គ្រា​នោះ​គាត់​បញ្ជាក់​ថា "វា​ងាយ​ស្រួល​ទេ​សម្រាប់​ខ្ញុំ​ក្នុង​ការលាឈប់ពី CEO ប៉ុន្តែ​ក្នុង​ការ​ក្លាយ​ជា​ប្រធាន​ធំ​ដ៏​ល្អ​ម្នាក់ ពេល​ខ្លះ​យើង​ក៏​សំបូរ​រឿង​រវល់​ជាង CEO ទៅ​ទៀត"។​

គូស​បញ្ជាក់​ថា Alibaba Group កាល​ពី​ឆ្នាំ​ទៅ​រក​ចំណូល​បាន ២៣.៨២ ប៊ីលាន​ដុល្លារ ហើយ​មាន​បុគ្គលិក​សរុប​ប្រមាណ ៥០ ០៩២ នាក់ ដោយ​ចែក​ជា​សម្ព័ន្ធ​ដៃគូ​ប្រហែល ១០ ក្រុមហ៊ុន​ជុំវិញ​ពិភពលោក។ ពាក្យ​ស្លោក​មួយ​របស់​ក្រុមហ៊ុន​​បាន​កំណត់​ថា "ដើម្បី​ទទួល​បាន​ភាព​ងាយស្រួល គឺ​ជា​ការ​ធ្វើ​អាជីវកម្ម​គ្រប់​ទី​កន្លែង"។​​​​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម