ទ្រាំចិញ្ចឹម​ចៅប្រាំនាក់ ទុកឱកាស​ឲ្យ​កូនៗទៅ​ស្រុក​ថៃ សង្ឃឹម​បាន​ប្រាក់​កសាងជីវភាព

  • 2018-02-08 08:43:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប​ច្ចុប្បន្ន​និន្នាការម្តាយ​ឪ​ពុក​​វ័យ​ក្មេង​ទុក​កូនៗ​ឲ្យ​នៅ​ជាមួយ​ជីដូន ជីតា ហាក់​កំពុង​កើន​ឡើង​ខណៈ​ដែល​អ្នក​ទាំង​នោះ​បាន​ចំណាក​ស្រុក​មក​ធ្វើ​ការ​នៅ​ទីក្រុង ឬ​ទៅ​ក្រៅ​ប្រទេស​។ ការ​ចំណាក​ស្រុក​នេះ មិន​មាន​អ្វី​ក្រៅពី​ការ​រក​ចំណូល​ដើម្បី​ជីវភាព​នោះ​ទេ។

​មិន​ខុស​ពី​គ្រួសារ​អ្នក​ផ្សេងដែរ​ ស្រ្តី​វ័យ​៦០​ឆ្នាំ​ម្នាក់​រស់​នៅ​ស្រុកទ្រាំង ខេត្ត​តាកែវ លើក​ឡើង​ថា​អ្នកស្រី និង​ស្វាមី​ទទួល​ចិញ្ចឹម​ចៅ​ចំនួន​ប្រាំ​នាក់​ ខណៈ​ដែល​កូន​ៗ​អ្នកស្រី​ ជាមួយ​នឹង​ស្វាមី​ចំនួន​បី​គ្រួសារ​បាន​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ប្រ​ទេស​ថៃ។ ​

(អ្នកស្រី មាន ភុំ កំពុង​រៀបចំ​ដាំបាយ​ពេលល្ងាច​សម្រាប់​គ្រួសារ)

កំពុងរៀបចំ​ឆ្នាំង​ដាំ​បាយ​សម្រាប់​អារហារ​ពេល​ល្ងាច​អ្នកស្រី មាន ភុំ បន្តថា​ដោយ​សារ​ជីវ​ភាព​កូន​ៗ​ខ្វះ​ខាត អ្នកស្រី និង​ស្វាមី​ក៏​សុខចិត្ត​ទទួល​ចិញ្ចឹម​ចៅ​ទាំង​ប្រាំ ដើម្បី​ទុក​ឱកាស​ឲ្យ​កូន​ និង​កូន​ប្រសារ​បាន​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ថៃ​។​ ទៅធ្វើ​ការ​នៅ​ប្រ​ទេស​ថៃ ដោយ​រំពឹង​ថា​នឹង​បាន​ចំណូល​ខ្លះ​ជួយ​ឲ្យ​ជីវ​ភាព​ធូរធា​រ និង​ដោះ​បំណុល​​។ អ្នកស្រី​បន្ថែម។

អ្នកស្រី​ឲ្យ​ដឹង​យ៉ាង​ដូចនេះ​ទៀតថាៈ «ការ​តស៊ូ​ចិញ្ចឹម​ចៅ​ទាំង​ប្រាំ​នាក់​នេះ​ពិត​ជា​មាន​ការ​លំបាក​ខ្លាំង​ណាស់​ដោយ​សារ​តែ​គ្រួសារ​ខ្ញុំ​មាន​ជីវភាព​ក្រីក្រ​ម៉្យាង​ទៀត​ពួក​គេ​មាន​អាយុ​តិច​ជា​ពិសេស​ចៅស្រី​ម្នាក់​ដែល​អាយុ​ត្រឹម​តែ២​ឆ្នាំ​នោះ រិត​តែ​ធ្វើ​ឲ្យ​លំ​បាក​នៅ​ពេល​ពួក​គេនឹក​ឪពុក​ម្តាយ​ម្តងៗ​តែង​តែ​ស្រែក​យំ​រក​តែ​ម៉ាក់​ប៉ា»។

ការសិក្សា​មួយ​របស់​អង្គការ​Missouri Families ​លើក​ឡើងថា​កុមារ​ដែល​រស់​នៅ​ជា​មួយ​ជីដូន ជីតា នឹង​មាន​ភាពជិត​ស្និទ្ធ ជាមួយជីដូនជីតា ជាង​ឪពុក​ម្តាយ​បង្កើត។ មួយ​វិញ​ទៀត កុមារ​ទាំង​នោះ​ក៏មិន​សូវ​ចង់​នៅ​ជាមួយ​ឪពុក​ម្តាយ​បង្កើត​ផងដែរ​នៅពេល​ធំឡើង។

ផ្ទុយទៅវិញ​កុមារ​ទាំង​នោះ​នឹងនៅតែ​​ស្រឡាញ់ និង​ចូលចិត្ត​ជីដូនជីតា​របស់​ខ្លួនជាង​ម្តាយ​ឪពុក​បង្កើត។ ការ​សិក្សា​ដដែល​លើក​ឡើង​ថា​កុមារី ដែល​ត្រូវ​ឪ​ពុក​បោះ​បង់ចោល នៅពេល​ធំឡើង​កុមារី​នោះ​នឹង​មាន​អារម្មណ៍​ខឹង​នឹង​ឪ​ពុក សម្រាប់​ក្មេង​ប្រុសវិញ នឹង​មាន​អារម្មណ៍​សោក​សៅ។

(ចៅស្រីម្នាក់​ក្នុង​ចំណោម​ប្រាំនាក់​របស់​អ្នកស្រី មាន ភុំ កំពុង​លេង​ដី​នៅក្បែរ​ផ្ទះ)

សម្រាប់ចៅៗ​ក្នុង​បន្ទុក​របស់​អ្នកស្រី​ មាន ភុំ ដែល​មាន​អាយុ​ត្រឹម​តែពីរ​ទៅ​ប្រាំ​ឆ្នាំនោះ​យំនឹងក​ឪពុក​ម្តាយជា​ប្រចាំ។ ត្រង់​ចំណុច​នេះ អ្នកស្រី ថា​អ្នកស្រី​​អាណិត​ចៅៗ​ និង​បាន​ត្រឹម​តែ​និយាយ និង​ទិញ​ចំណី​លួងលោម​ប៉ុណ្ណោះ។

អ្នកស្រី​ឲ្យ​ដឹងថាៈ​«ខ្ញុំខ្លោច​ចិត្ត​អាណិត​ចៅ​ណាស់​..​.​ពេល​ខ្លះ​ដើម្បី​លួង​ចៅ​ឲ្យ​បាត់​យំ​សុខ​ចិត្ត​ខ្ចី​លុយ​ពី​អ្នក​ជិត​ខាង​ឬ​សាច់​ញាតិ​ទៅ​ទិញ​ទឹក​ដោះ​គោឲ្យ​ពួក​គេ​បៅ​ក៏​មាន»។

អ្នកស្រី មាន ភុំ និង​ស្វាមី គ្មាន​របរអ្វី​ក្រៅ​ពីធ្វើស្រែ និង​ចិញ្ចឹម​សត្វបន្តិច​បន្តួចនោះទេ តែ​ថា​របរនេះ​មិន​អាច​ផ្គត់​ផ្គង់​ជីវភាព​ប្រ​ចាំថ្ងៃ ឲ្យ​បាន​ពេញ​លេញ​នោះ​ដែរ។ និយាយ​ដល់​កូនៗ​របស់អ្នកស្រី​នៅ​ធ្វើ​ការ​ឯ​ប្រទេស​ថៃ​ឯណោះ​វិញ អ្នកស្រីថា​មួយខែ ឬពីរខែ​បាន​ផ្ញើ​ប្រាក់​មក​អ្នកស្រី​១០​ម៉ឺន​រៀល​ម្តង​ ចំនួន​នេះ​អ្នកស្រីថា​មិន​គ្រប់​នឹង​ចិញ្ចឹម​ចៅ​នោះ​ទេ​។ ​​​​

អង្គុយ​ដក​ដង្ហើម​ធំ​បន្តិច អ្នកស្រីបន្តថាៈ «ការ​មើល​ថែ​ចៅ​ទាំង​បី​គ្រួសារ​នេះ​គ្មាន​ចង់​បាន​អ្វី​ក្រៅ​ពី​សង្ឃឹម​កូន​ស្រី​ព្រម​ទាំង​កូន​ប្រសារ​ទាំង​បីគ្រួសារ​​អាច​រក​លុយ​យក​មក​កសាង​ជីវ​ភាព​នៅ​លើ​ទឹក​ដី​កំណើត​វិញទេ...​ប៉ុន្តែ​ពិបាក​រំពឹង​ណាស់​ព្រោះ​ជួន​កាល​រយៈ​ពេល​២ខែ​...​ផ្ញើ​មកឲ្យ​១០ម៉ឺន​រៀល​យក​មក​សង​បំណុល​គេ…តើ​ពេល​ណា​ទើប​រួច»។​

បើ​តាម​របាយការណ៍​សង្ខេប​របស់​អង្គការ​ILO សម្រាប់​ត្រីមាសទី​១ ឆ្នាំ២០១៧ ក្នុង​មួយ​ឆ្នាំៗ​មាន​យុវជន៣០​ម៉ឺន​នាក់​ចូល​ក្នុង​ទី​ផ្សារ​ការងារ ហើយ​ក្នុង​ចំណោម​អ្នក​ទាំងនោះ​បាន​ចំណាក​ស្រុក ទៅ​ធ្វើការ​នៅ​បរទេស ក្នុង​វិស័យ​សំណង់ កសិកម្ម នេសាទ ចិញ្ចឹមសត្វ ជាដើម។

ពលករ​ខ្មែរ​នៅ​ប្រ​ទេស​ថៃមានចំនួន​ជាង​១,១៧​លាន​នាក់​ ក្នុង​នោះ​មាន​ជាង១,១១​លាននាក់​មាន​លិខិត​ស្នាម​ត្រឹម​ត្រូវ។ ពល​ករ​ទៅធ្វើការ​ដោយស្របច្បាប់នៅ​ម៉ាឡេស៊ីមានចំនួន​ជិត​៥ម៉ឺន​នាក់ គិតពី​ឆ្នាំ១៩៩៨ ដល់​២០១៦ នៅ​កូរ៉េខាង​ត្បូង​មានចំនួន​ជាង​៤ម៉ឺន​នាក់​គិតពី​២០០៧ ដល់​២០១៥ ជប៉ុន ជាង ២ ០០០​នាក់ គិតពីឆ្នាំ២០០៧ ដល់​ឆ្នាំ២០១៦ និង​សិង្ហបុរី មាន​ចំនួន​៤០០​នាក់គិតពី​ឆ្នាំ២០១៣ ដល់​២០១៥។ នេះ​បើ​តាម​របាយការណ៍​ដដែល៕​

អត្ថបទ​ដោយ៖ ជិន វេន