ហេតុ​ផល​ពីរ​យ៉ាង ជំរុញឲ្យនិស្សិតជប៉ុន​មួយក្រុមខំហោះ មក​ជួយ​សាងសង់​ផ្ទះ​ជូនពល​រដ្ឋក្រីក្រខ្មែរ

  • 2018-02-12 10:36:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ពួក​យើង​បាន​មក​ដល់​កម្ពុជា​តាំង​ពីថ្ងៃទី៤ ខែ​កុម្ភៈ មក​ម្ល៉េះ ដើម្បី​ជួយ​សាង​សង់​ផ្ទះ​ជូន​ប្រជា​ជន​ខ្មែរ​...ប្រវត្តិ​សាស្ដ្រ​ដ៏ជូរ​ចត់​របស់​កម្ពុជា និង​ទំនាក់​ទំនង​ដ៏ល្អ​រវាង​កម្ពុជា-ជប៉ុន ជា​កត្តា​ដ៏​សំខាន់​ជំរុញ​​ឲ្យ​យើង​​ខ្ញុំ​មក​ទីនេះ​ដោយស្ម័គ្រចិត្ត»។ នេះ​ជាការ​លើក​ឡើង​របស់​លោក Keiji Takahashi ប្រធាន​ក្រុម​និស្សិ​ត​ស្ម័គ្រ​ចិត្ត​សាកល​វិទ្យាល័យ Kwansei Gakuin របស់​ប្រទេស​ជប៉ុន ក្នុង​អំឡុង​ពេល​កំពុង​សាង​សង់​ផ្ទះ​ ជូន​ប្រជាជន​ខ្មែរ​ក្រីក្រ​ក្នុងទឹក​ដីខេត្ត​សៀមរាប​។

(ក្រុម​និស្សិត​ជប៉ុន និង​ពល​រដ្ឋខ្មែរ​កំពុង​លាយ​ស៊ីម៉ងត៍​សម្រាប់​សង់​ផ្ទះ)

លោក Takahashi បានឲ្យដឹងថា ក្រុមនិស្សិ​តស្ម័គ្រ​ចិត្ត​របស់លោ​ក​ធ្លាប់​បាន​មកកម្ពុជា​ម្ដងរួច​មក​ហើយ​កាលពី៤ឆ្នាំមុន។ ចំពោះ​បេសក​កម្ម​មកកាន់​កម្ពុជា​លើក​នេះ ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​របស់​លោក​មាន​សមាជិក ១៣នាក់​ និង​​ចំណាយ​ពេលចំនួន​១៣ថ្ងៃ​ ដោយ​បាន​សហការជា​មួយ​អង្គការលំនៅ​ដ្ឋាន​អន្តរជាតិ Habitat។

លោក​បញ្ជាក់​ពីមូលហេតុ​ដែលជំរុញ​ឲ្យ​ក្រុម​​របស់​លោក​មក​កម្ពុជាថាៈ «កម្ពុជា​ជាប្រទេស​មួយ​ដែល​មាន​​រឿង​រ៉ាវ​ប្រវត្តិសាស្ដ្រ​ជាច្រើន ជាពិសេស​គឺ​របប​ខ្មែរក្រហម​ដែល​យើង​ធ្លាប់​បានសិក្សា​ របប​នេះ​ថ្វី​បើ​ដួលរលំ​ទៅ​ហើយ​ក្ដី ក៏ប៉ុន្ដែ​វា​ក៏​នៅ​តែបង្កផល​ប៉ះពាល់​ដល់សតិអារម្មណ៍ និង​ជីវភាព​របស់​ប្រជាជន​កម្ពុជា...ម្យ៉ាង​ទៀត​បច្ចុប្បន្ន​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ជប៉ុន និង​កម្ពុជា​ មាន​ភាពល្អប្រ​សើរ​ណាស់​ ទាំង​នេះ​ជាហេតុផល​ដ៏សំខាន់​មួយ​ជំរុញ​​ឲ្យ​ពួកយើង​ស្ម័គ្រមក​ទីនេះ​ម្ដង​ហើយម្ដង​ទៀត»។

សម្រាប់​ការ​ស្ម័គចិត្ត​សង់ផ្ទះនេះ​ លោក Takahashi បញ្ជាក់ថា​ពួកលោកបាន​ត្រឹម​​ជួយ​ជា​កម្លាំង​ក្នុង​ការ​សាង​សង់​ប៉ុណ្ណោះ​។

សម្រាប់​ការ​សាង​សង់នេះគឺ​ស្ថិត​ក្នុង​គម្រោង​របស់​អង្គការលំនៅ​ដ្ឋាន​អន្តរជាតិ Habitat ដែល​គម្រោង​នេះ​មាន​រយៈ​ពេល​ប្រាំឆ្នាំ សង់​ផ្ទះជូនជន​ក្រី​ក្រ​ជិត​១ ០០០​ខ្នង នៅ​ខេត្ត​បាត់​ដំបង សៀមរាប និង​ភ្នំពេញ។​

លោក Takahashi ឲ្យ​ដឹង​បន្ថែមផងដែរ​ថា ប្រជា​ជន​កម្ពុជា​ពិត​ជាមាន​ភាព​រួសរាយ​រាក់​ទាក់​ចំពោះ​ជន​បរទេស​ណាស់ ហើយ​នេះក៏ជាបទ​ពិសោធន៍​មួយ​ដែល​ក្រុមរបស់​លោក​មិនអាច​បំភ្លេច​បានឡើយ​។

ក្រៅពីនេះ​ក្រុមនិស្សិ​ត​ស្ម័គ្រចិត្ត​ជប៉ុនទាំង១៣នាក់ ក៏បានសិក្សា​ស្វែងយល់​អំពី​វប្បធម៌ និង​របៀប​របប​រស់នៅ​របស់​ប្រជាជនកម្ពុជាផងដែរ។ អ្នក​ទាំង​១៣​នាក់​​នឹងត្រឡប់​ទៅកាន់​ប្រទេស​ជប៉ុនវិញ​នៅ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨​។

អត្ថបទដោយ៖ រស់ សុជាតិ​

អត្ថបទថ្មី