អ្នកប្រដាល់ Grade A របស់កម្ពុជា៣រូប កំពុងជិះរថយន្តតម្លៃម៉ឺនដុល្លារ
- 2018-02-21 04:17:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រដាល់ Grade A របស់កម្ពុជា៣រូប កំពុងជិះរថយន្តតម្លៃម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ក្នុងចំណោមកីឡាករគុនខ្មែរជួរមុខនៅកម្ពុជា កីឡាករដ៏មានប្រជាប្រិយភាពឈានមុខ៣រូប កំពុងទាក់ទាញការចាប់អារម្មណ៍ ពីស្រទាប់អ្នកនិយមគុនខ្មែរ តាមរយៈលទ្ធភាពប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ដែលមានតម្លៃខ្ពស់គួរសម។
អ៊ុំ ចំរើន
អ៊ុំ ចំរើន កំពុងប្រើប្រាស់រថយន្តកូរ៉ូឡា Atis ដែលទិញក្នុងតម្លៃលើ ១ម៉ឺនដុល្លារតិចតួច។ ក្រៅពីមានអាជីពជាអ្នកប្រដាល់ Grade A អ៊ុំ ចំរើន ក៏មានហាងសាក់រូប ដែលអាចរកចំណួលបន្ថែម មិនក្រោមកន្លះខ្ទាស់ ទៅ១ខ្ទាស់ឡើយក្នុងមួយខែៗ។ ភាពមមាញឹក ក្នុងរបរសាក់រូបដ៏កាក់កបនេះ ក៏ជាផ្នែកមួយដែលធ្វើឲ្យ ម្ចាស់ខ្សែក្រវាត់៣ខ្សែ ធ្លាក់ដៃក្នុងការប្រកួតមួយកម្រិតផងដែរ នៅមួយរយៈចុងក្រោយនេះ។
រឿង សោភ័ណ្ឌ
ក្រឡេកទៅមើល រឿង សោភ័ណ្ឌ វិញ បានផ្លាស់មកជិះរថយន្ត Highlander ពណ៌ស្ករ ប្រមាណ១ឆ្នាំមកហើយ បន្ទាប់ពីលក់ចេញរថយន្តកាមេរីបាឡែន ដំបូងរបស់ខ្លួន។ ប្រភពដែលកៀកកិត បង្ហើបថា ម្ចាស់ខ្សែក្រវាត់៦ខ្សែ និងជាកីឡាករ ដែលមានទីផ្សារប្រកួតញឹកបំផុតនៅកម្ពុជា រឿង សោភ័ណ្ឌ បានចាយលុយ ប្រមាណ១ម៉ឺន៨ពាន់ដុល្លារ ទិញរថយន្តសេរីពេញនិយមនៅកម្ពុជាមួយនេះ។
ឃីម ឌីម៉ា
កីឡាករមានប្រភពពីបន្ទាយមានជ័យ ឃីម ឌីម៉ា ក៏កំពុងមានឡានលំដាប់ល្អគួរសម ពោលគឺ Highlander ពណ៌សមួយគ្រឿងដូច រឿង សោភ័ណ្ឌ ដែរ។ គេទើបតែឃើញនាគខ្មៅ ឃីម ឌីម៉ា ឡើងកាលីបជិះឡានពេញនិយម សម្រាប់មនុស្សគ្រប់វ័យមួយនេះ នៅប៉ុន្មានខែក្រោយស៊ីហ្គេម នាខែសីហា២០១៧ ។ ដោយគ្រានោះ ឃីម ឌីម៉ា ឈ្នះមេដាយមាស១ ដោយទទួលបានប្រាក់រង្វាន់ រាប់ម៉ឺនដុល្លារ និងប្រាក់លើកទឹកចិត្តជាច្រើនទៀត ពីអ្នកដែលនិយមគាំទ្ររូបគេ។ អ្នកដែលស្គាល់តម្លៃរថយន្ត បានប៉ាន់ប្រមាណថា រថយន្ត Highlander ពណ៌ត្រូវប៉ាន់ ដែលកីឡាករដ៏ល្បីល្បាញរូបនេះកំពុងជិះ មានតម្លៃចន្លោះពី១ម៉ឺន៦ពាន់ ទៅជិត២ម៉ឺនដុល្លារ៕