ដឹង​យ៉ាង​ណា​ខ្លះ? ពីតម្លៃ​ខ្លួន​របស់ប្រុស​ស្អាត ទ្រី ដារ៉ាវុធ ទៅ​តាម​ប្រភេទ​ការងារ

  • 2018-03-01 03:55:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ចាប់​ផ្ដើម​ពី​តួ Background តារា​សម្ដែង និង​ពិធី​ករ ទ្រី ដារ៉ាវុធ បាន​វិវត្ត​ខ្លួន​មក​ជា​តារា​ល្បី​ឈ្មោះ​មួយ​រូប ដែល​ធ្លាប់​គ្រង​តំណែង​តួឯក និង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ជា​ច្រើន​ណាស់​មក​ហើយ ហើយ​តម្លៃ​ខ្លួន​របស់​លោក ក៏​ត្រូវ​បាន​បែង​ចែក​ទៅ​តាម​នោះ​ដែរ។

ត្បិត​ថា ជា​តារា​ស្រករ​ក្រោយ ទើប​ហក់​ឡើង ប៉ុន្តែ​តារា​សម្ដែង​មក​ពី​ទឹក​ដី​ព្រែក​តា​មាក់​រូប​នេះ មាន​តម្លៃ​ខ្លួន ឬ​តម្លៃ​ពលកម្ម​មិន​ចាញ់​រៀម​ច្បង​ប៉ុន្មាន​ឡើយ។ បញ្ហា​នេះ សាមី​ខ្លួន ប្រាប់​ថា សម្រាប់​ការ​ថត​រឿង​ដុំ គឺ​លោក ទទួល​ថ្លៃ​ពលកម្ម​ចាប់​ពី​ ២០០០ដុល្លារ ឡើង​ទៅ។ តម្លៃ​នេះ គឺ​ប្រើ​ប្រួល​ទៅ​តាម​ចំនួន​ថ្ងៃ​ថត តិច ឬ​ច្រើន​ទៀត។

ដោយ​សម្រាប់​រឿង​ភាគ ដារ៉ាវុធ បញ្ចេញ​ឲ្យ​ដឹង​ថា លោក​យក​ថ្លៃ​ពលកម្ម​ចាប់​ពី ៣០០០​ដុល្លារ​ឡើង។ បន្ថែម​ពី​នេះ តម្លៃ​ក៏​ប្រែប្រួល​តាម​ចំនួន​ភាគ​ថា តិច​ឬ​ច្រើន​ដូច​គ្នា។ ដោយ​ឡែក​សម្រាប់​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​នានា​វិញ លោក​ប្រាប់​ថា មាន​ចាប់​ពី ៧០០ដុល្លារ ​ឡើង​ទៅ។

"ចំពោះ​ការ​ថត​ពាណិជ្ជកម្ម ខ្ញុំ​យក​ចាប់​ពី​ ៧០០​ដុល្លារ​ឡើង​ទៅ ហើយ​ស្ប៉ត​ខ្លះ ក៏​មាន​ដល់​ជាង ១០០០​ដុល្លារ​ក៏​មាន​ដែរ​បង អាស្រ័យ​ទៅ​តាម​ប្រភេទ​ស្ប៉ត និង Budjet ម្ចាស់​ស្ប៉ត​នីមួយ បើ​របស់​អង្គការ​អី យើង​អាច​យោគយល់​ទៅ​តាម​ហ្នឹង​ណា​បង!”។ ទ្រី ដារ៉ាវុធ បន្ថែម។

រូបភាព៖ហ្វេសប៊ុក ដារ៉ាវុធ

ដារ៉ាវុធ ចូល​សិល្បៈ​នា​ពាក់​កណ្ដាល​ឆ្នាំ ២០១៥ ដោយ​ដំបូង​ឡើយ គ្រាន់​ជា​តួ Background(តួ​អម) ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​លោក​ជាប់​ជយលាភី​លេខ​១ក្នុង​កម្មវិធី Freshie Girls & Boys ជំនាន់​ទី​១៦ មក អ្វី​ៗ​ក៏​បាន​ផ្លាស់​ប្ដូរ ដោយ​លោក​អាច​ឈាន​មក​ចាប់​បាន​តំណែង​តួឯក​បន្ត​បន្ទាប់​ក្នុង​ខ្សែ​ភាពយន្ត​សម្រាប់​រោង​កុន វីដេអូ​ភាគ​សម្រាប់​ទូរទស្សន៍។ ក្រៅ​ពី​អាជីព​សិល្បៈ ទ្រី ដារ៉ាវុធ ក៏​ជា​ថៅកែ​ហាង​កាហ្វេ​មួយ​កន្លែង​ឈ្មោះ "Artist Coffee” នៅ​លើ​ទឹក​ដី​កំណើត​ព្រែក​តាមាក់​ទៀត​ផង៕

អត្ថបទ៖ ទារិកា