ស្លុត​ចិត្ត! ធ្លាយ​មូលហេតុ​​នាំ​ឲ្យ​ យូឌីស្កូ ខូច​ក្រលៀន​ទាំង​សង​ខាង(វីដេអូ)

  • 2018-03-09 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​​មូលនិធិ​ផ្សាយ​ផ្ទាល់​ដើម្បី​រក​ថវិកា​ជូន​លោក យូឌីស្កូ ដែល​កើត​ជំងឺ​ទឹក​នោម​ប្រៃ និង​ខូច​ក្រលៀន​ទាំង​សង​ខាង​នោះ អ្នកនាង​ ចន ច័ន្ទលក្ខិណា ដែល​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​​បាន​ស្រាយ​​ឲ្យ​ដឹង​​​ពី​មូលហេតុ​ដែល​តារា​ប្រុស​រូប​នេះ​ស្រាប់​តែ​ធ្លាក់​ខ្លួន​ឈឺ​​​ជំងឺ​កាច​សាហាវ​ទាំង​២​ខាង​លើ។

លោក យូឌីស្កូ ពេល​មិន​ទាន់​ធ្លាក់​ខ្លួន​ឈឺ

នាម​ជា​អ្នក​ខ្នះខ្នែង ដុត​ដៃ​ដុត​ជើង​រៀប​ចំ​ឯកសារ​ពេទ្យ​សម្រាប់ ​យូឌីស្កូ អ្នក​នាង ចន ចន្ទលក្ខិណា និង​សាមី​ខ្លួន​ផ្ទាល់​បាន​ប្រាប់​ថា កន្លង​មក​លោក​​មិន​ដឹង​ថា​មាន​ជំងឺ​ទាំង​នេះ​មក​រុករាន​រាង​កាយ​​ឡើយ ត្បិត​គិត​ថា​វា​ជា​ជំងឺ​ធម្មតាៗ។

“កន្លង​មក​ខ្ញុំ​ចេះ​តែ​ឈឺ​សន្លាក់​ដៃ សន្លាក់​ជើង ក៏​ចេះ​តែ​ទិញ​ថ្នាំ​នោះ​មក​លេប ហើយ​ក៏​ធូរ​ស្រាល​មួយ​គ្រា។ ​ដល់​បន្ទាប់​មក​ទៀត​ ខ្ញុំ​ក៏​ហើម​ដៃ​ហើម​ជើង ខ្ញុំ​យល់​ថា​ខ្លួន​លើស​ជាតិ​អាស៊ីត ក៏​ប្រើ​ថ្នាំ​ទប់​ស្កាត់ទៀត។ ក្រោយ​ប្រើ​ថ្នាំ​ទាំង​ហ្នឹង​អស់​យូរ​ទៅ ក៏​មាន​បញ្ហា​រលាក​តម្រងនោម ហើយ​ក៏​បណ្ដាល​ឲ្យ​ខូច​ក្រលៀន​ទាំង​សងខាង​តែ​ម្ដង"។ លោក​រៀប​រាប់។

លោក យូឌីស្កូ ពេល​មិន​ទាន់​ធ្លាក់​ខ្លួន​ឈឺ

ជា​មួយ​គ្នា​នោះ​លោក​បន្ថែម​ថា មូលហេតុ​ដែល​លោក​មិន​អើពើ​លើ​ចំណុច​​ថា​ជំងឺ​លោក​អាច​ធ្ងន់ធ្ងរ ព្រោះ​អាការៈ​ឈឺ​សន្លាក់​នឹង​ហើម​ដៃជើង​នេះ គឺ​បន្សល់​ទុក​ក្រោយ​លោក​រង​សំបក​គ្រាប់​កាំភ្លើង​កាល​ពី​ប្រមាណ​៩​ឆ្នាំ​មុន។ ​​

លោក​លម្អិត​ថា វេលា​មួយ​កាល​ពី​​៩​ឆ្នាំ​មុន​ ​លោក​​ធ្លាប់​រង​សំបក​គ្រាប់​កាំភ្លើង​ដែល​គេ​បាញ់​គ្នា​ក្នុង​ភោជនីយដ្ឋាន​មួយ ចំ​ប្រអប់​ជើង​ ហើយ​បាន​បន្សល់​ជាតិ​រំសេវ​ និង​ដាច់​សរសៃ​ផង ដែល​នេះ​ជា​មូលហេតុ​ដែល​ ជើង​លោក​ហើម​ជា​ប្រចាំ។

លោក យូឌីស្កូ ពេល​​ធ្លាក់​ខ្លួន​ឈឺ

លោក​ យូ ឌីស្កូ គឺ​ជា​អតីត​​មេ​ក្រុម​ចម្រៀង​តោមាស ក្នុង​ផលិត​កម្ម​រ៉ៃ​មាស និង​ជា​តារា​បង្ហាញ​ម៉ូដប្រុស​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​​បាន​ធ្លាក់​ខ្លួន​ឈឺ​​ធ្ងន់​​តាំង​ពី​ចុង​ឆ្នាំ​២០១៧ ដោយជំងឺ​ទឹក​នោម​ប្រៃ និង​ខូច​ក្រលៀន​ទាំង​សង​ខាង​ ដែល​តម្រូវ​ឲ្យ​លោក​លាង​ឈាម​ជា​រៀង​រាល់​២​ដង​ក្នុង​មួយ​សប្ដាហ៍។ នៅ​វេលា​ខ្សោះ​ខ្សោយ​នេះ មេ​គ្រួសារ​ដែល​មាន​ម្ដាយ និង​ប្អូន​ជា​ច្រើន​នាក់​នេះ ​ត្រូវ​ការ​ប្រាក់​​ចំនួន​៥ម៉ឺន​ដុល្លារ​សម្រាប់​ទៅព្យាបាល​នៅ​ប្រទេស​ឥណ្ឌា៕​

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម