នាយ​ ពែក​មី ​ពី​កម្មករ​សំណង់​ក្លាយ​ជា​តារា​កំប្លែង

  • 2016-01-03 17:51:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយ ​ពែក​មី ​ជា​តារា​កំប្លែង​របស់​បណ្តាញ​ស្ថានីយ៍​ទូរទស្សន៍ ​CTN​ និង​ កំពុង​ទទួល​បាន​ការ​គាំ​ទ្រ​ជា​​ខ្លាំង​​ពី​សំណាក់​មហាជន​ទាំង​ចាស់​​-ក្មេង​តាម​រយៈ​ទេពកោសល្យ​និយាយ​កំប្លុក​កំប្លែង​ដ៏​ប៉ិន​ប្រសព្វ។ តារា​កំប្លែង​រូប​នេះ​បាន​រៀបរាប់​ពី​ដំណើរ​​ជីវិត​ធ្លាប់​តស៊ូ​ធ្វើ​ជា​ កម្មករ​សំណង់​យ៉ាង​លំបាក​វេទនាជា​មួយ​Sabay​។

 

ប្រវត្តិ​រូប​សង្ខេប

 

ឈ្មោះ

ថ្ងៃ ខែ​ឆ្នាំ​កំណើត

ទី​កន្លែង​កំណើត

ជនជាតិ

សញ្ជាតិ

កម្ពស់

ទម្ងន់

ចែម ចាន់ដារ៉ា

ហៅ ពែកមី

០១ កក្កដា ១៩៨១

ស្វាយ​រៀង

ខ្មែរ

ខ្មែរ

១៧០​សង់ទីម៉ែត្រ

៧៥គីឡូក្រាម

 

 

 

 

លោក ចែម ចាន់ដារ៉ា ​ហៅ​នាយ ពែកមី ​កើត​​​នៅ​ថ្ងៃ​ទី​០១ ខែ​កក្កដា ​ឆ្នាំ​១៩៨១​នៅ​ភូមិ​ពពែត ឃុំ​ពពែត ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​។ នាយ​ជា​កូន​ច្បង​ក្នុង​ចំណោម​បង​ប្អូន​៧​នាក់​(ប្រុស៥ស្រី២)​ដែល​មាន​ឪពុក​ ឈ្មោះ ងួន សារឹម ជា​កសិករ​ ម្តាយ​ឈ្មោះ ស៊ឹម ស៊ីម៉ាន ជា​កសិករ។ នាយ​ពែកមី​ក៏​មាន​ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​ ចែម​ សារឿន ហៅ​នាយ គ្រឿន ដែល​មាន​​និស្ស័យ​ខាង​សិល្បៈ និង​បាន​ចូល​រួម​កំប្លែង​នៅ​ក្នុង​ក្រុម​របស់​នាយ​ផង​ដែរ​។

 

កាល ​ពី​កុមារភាព​ ចែម ចាន់ដារ៉ា ជួប​ការ​លំបាក​​ច្រើន​ដែល​មិន​សូវ​ទទួល​បាន​នូវ​ភាព​ស្រណុក​សុខ​ស្រួល​ឡើយ ​ដោយ​សារ​ក្រុម​គ្រួសារ​រស់​នៅ​ក្រោម​បន្ទាត់​​ភាព​ក្រី​ក្រ​។ ក្រៅ​ពី​ទៅ​ក្រេប​ជញ្ជក់​យក​ចំណេះ​​ដឹង​នៅ​សាលា​ ចាន់ដារ៉ា ត្រូវ​ទៅ​រក​ត្រី​យក​ទៅ​លក់​ដើម្បី​ជួយ​ឪពុក​ម្តាយ​។ «បន្ទាប់​ពី​ខ្ញុំ​ត្រឡប់​មក​ពី​សាលា​វិញ​ខ្ញុំ​តែង​តែ​ទៅ​រក​ត្រី​ដាក់​ ទ្រូ​ដាក់​មង​ដាក់​ប្រកៃ​យក​ត្រី​ទៅ​លក់​នៅ​ផ្សារ​ជី​ភូ​គឺ​មិន​សូវ​មាន​ពេល ​ទំនេរ​នោះ​ទេ​» ពែក​មី​និយាយ។ បើ​តាម​ការ​ឲ្យ​ដឹង​កុមារា​ ចាន់ដារ៉ា ជា​ក្មេង​ឧស្សាហ៍​ព្យាយាម​និង​មាន​និស្ស័យ​រប៉ិលរប៉ូច​ធ្វើ​ឲ្យ​អ្នក​ផង​ ទាំង​ពួង​ស្រលាញ់​ចូល​ចិត្ត​ហើយ​ត្រូវ​បាន​គេ​សរសើរ​ថា​ ជា​ក្មេង​ឆ្លាត​ទៀត​ផង​។

 

ប្រវត្តិសិក្សា

 

ចែម ចាន់ដារ៉ា ត្រូវ​បាន​ឪពុក​ម្តាយ​បញ្ជូន​ឲ្យ​ចូល​សិក្សា​នៅ​សាលា​បឋមសិក្សា​ថ្នល់​កែង​ ចាប់​តាំង​ពី​អាយុ​៦​ឆ្នាំ​ហើយ​នៅ​ឆ្នាំ​១៩៩៣ នាយ​ក៏​បាន​សិក្សា​បន្ត​នៅ​អនុវិទ្យាល័យ​ជីភូ​ស្ថិត​នៅ​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ប៉ុន្តែ​ដោយសារ​សាលា​នៅ​ឆ្ងាយ​ពី​ផ្ទះ​ជាង​១០​គីឡូម៉ែត្រ និង​គ្មាន​មធ្យោបាយ​ធ្វើ​ដំណើរ​​ផង​នោះ ​នាយ​ក៏​បង្ខំ​ចិត្ត​ឈប់​សិក្សា​ត្រឹម​ថ្នាក់​ទី​៩​ ដោយ​ងាក​មក​បំរើ​ខាង​ព្រះ​ពុទ្ធសាសនា​បួសជា​ព្រះ​សង្ឃ​នៅ​វត្ត​សុវណ្ណរង្សី​ ​នៅ​ស្រុក​កំណើត​របស់ខ្លួន។

 

ពែកមី ពោល​​ថា «ពេល​នោះ​គ្រួសារ​​ខ្ញុំ​ជួប​ការ​លំបាក​ខ្លាំង​ណាស់​ក្រី​ក្រ​ខ្វះ​ខាត​ គ្រប់​បែប​យ៉ាង​គឺ​រស់​នៅ​ពឹង​លើ​មុខ​របរ​ធ្វើ​ស្រែ​ទាំង​ស្រុង​ដែល​មាន​ ដីស្រែតិចតួចបំផុត ហើយ​ដោយសារ​គ្មាន​លទ្ធភាព​ទិញ​កង់​ជិះ​ទៅ​រៀន​ខ្ញុំ​ក៏​ឈប់​សិក្សា​ត្រឹម​ អនុវិទ្យាល័យ​ចូល​បួស​ជា​ព្រះ​សង្ឃ​តែ​ម្តង​»។ បន្ទាប់​ពី​បួ​ស​បាន​​បីវស្សា(៣​ឆ្នាំ​) ​ដោយ​​សំឡឹង​ឃើញ​ស្ថានភាព​គ្រួសារ​កាន់​តែ​យ៉ាប់យឺន​ទៅ​ៗ​នោះ​ នាយ​ក៏​សម្រេច​ចិត្ត​លាចាក​សិក្ខាបទ​ឆ្ពោះ​មក​រក​ការងារ​ធ្វើ​នៅ​ទី​ក្រុង​ ភ្នំពេញ​ក្នុង​ក្តី​រំពឹង​ជួយ​សម្រាល​បន្ទុក​គ្រួសារ​។

 

 

ជីវិតតស៊ូ

 

នៅ​អំឡុង​ឆ្នាំ​២០០០ ចែម ចាន់ដារ៉ា បាន​តំរង់​គោល​ដៅ​របស់​ខ្លួនម​ក​ស្វែង​រក​ការងារ​ធ្វើ​នៅ​ទី​ក្រុង​ភ្នំពេញ​ ជា​មួយនឹង​បង្វិច​ខោ​អាវ​បី​បួន​កំប្លេរ និង​មាន​ប្រាក់​តែ​៤​ទៅ​៥​ម៉ឺន​រៀល​សម្រាប់​ធ្វើ​សោហ៊ុយ​តាម​ផ្លូវ​តែ​ ប៉ុណ្ណោះ​។ ​ការងារ​ដែល​នាយ​ចាប់​ផ្តើម​ក្នុង​ឆាក​ជីវិត​លើក​ដំបូង​នោះ​គឺ​ធ្វើ​ជា​ កម្មករ​សំណង់​ដោយ​ទទួល​បាន​ប្រាក់​កំរ៉ៃ​តិច​តួច​បំផុត​ដែល​តម្រូវ​ឲ្យ​អត់​ ធ្មត់​​ក្នុង​ការ​ចាយ​វាយ​ត្បិត​ត្បៀត​ដើម្បី​សន្សំ​ប្រាក់​ជួយ​ផ្គត់ផ្គង់​ គ្រួសារ​។ ពែកមី​និយាយ​ទាំង​ទឹក​មុខ​ស្រពោន​ថា «ពេល​ខ្ញុំ​ចូល​ធ្វើ​កម្មករ​សំណង់​លើក​ដំបូង​គឺ​ទទួល​បាន​ប្រាក់​កំរ៉ៃ​តែ​ ៦០០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ហើយ​ខ្ញុំ​ពិត​ជា​មិន​ហ៊ាន​ចាយ​វាយ​ផ្តេះ ​ផ្តាស​នោះ​ទេ ដោយ​ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​ចំណាយ​តែ​២០០០​រៀល​ដើម្បី​ទិញ​ម្ហូប​ហូប​ចំនួន​ ពីរ​ពេល​។ ចំពោះ​ប្រាក់​ដែល​ខ្ញុំ​សន្សំ​បាន​ខ្ញុំ​ត្រូវ​ផ្ញើរ​ទៅ​​ឲ្យ​ឪពុក​ម្តាយ»​។ តារា​កំប្លែង​រូប​នេះ​បញ្ជាក់​ថា ថ្ងៃ​ណា​ដែល​នាយ​គិត​ថា ហ៊ាន​ចាយ​ធំ​បំផុត​នោះ​នៅ​ពេល​នាយ​សម្រេច​ចិត្ត​ទិញ​បាយ​ស្រូប​មួយ​ប្រអប់​ តម្លៃ​២០០០​រៀល​សម្រាប់​អាហារ​ពេល​ព្រឹក​។

 

បន្ទាប់ ​ពី​ពែកមី​តស៊ូ​ធ្វើ​ជា​កម្មករ​សំណង់​ដែល​គ្មាន​ទីស្នាក់​អាស្រ័យ​ពិត​ប្រាក ​ដ​ ​រយៈ​ពេល​មួយ​ឆ្នាំ​នាយ​ក៏​ចូល​ធ្វើ​ជា​កម្មករ​រោង​ចក្រ​វិញ​ម្តង​ដែល​ពេល​ នោះ​ធ្វើ​នៅ​រោង​ចក្រ​សាន់ហាន់​ម្តុំ​ទួល​សង្កែរ​ផ្នែក​តំបាញ​។ ពែក​មី​និយាយ​ថា «ខ្ញុំ​គិ​ត​​ថា ​ការងារ​រោងចក្រ​ធ្វើ​នៅ​ក្នុង​ម្លប់​ត្រជាក់​ស្រួល​ជាង​ការងារ​សំណង់ ប៉ុន្តែ​ការងារ​នោះ​មិន​បាន​ជួយ​ឲ្យ​​ជីវភាព​ខ្ញុំ​ធូរធារ​នោះ​ទេ​ ពោល​គឺ​ប្រាក់​ខែ​ដែល​ខ្ញុំ​ទទួល​បាន​គ្រាន់​តែ​ចំណាយ​លើ​ថ្លៃ​ផ្ទះ​ជួល និង​ការ​ហូប​ចុក​ស្ទើ​រ​មិន​គ្រប់​ផង​»។ ក្រោយ​ពីធ្វើ​ជា​កម្មករ​រោង​ចក្រ​បាន​មួយ​ឆ្នាំ​ដោយ​គិត​ថា ​មិន​អាច​ជួយ​ឲ្យ​​ជីវភាព​រីកចំរើន​បាន​ ណា​មួយ​ខ្លួន​មិន​មាន​ចំនេះ​វិជ្ជា​ជ្រៅ​ជ្រះ​ពិបាក​នឹង​ស្វែង​រក​ការ​ងារ​ បាន​ល្អ​ជាង​នេះ​ នាយ​ក៏​ស្ម័គ្រ​ចិត្ត​ចូល​បំរើកងទ័ព​ដោយ​ស្ថិត​នៅ​ក្នុង​កង​ពល​តូច​ អន្តរាគមន៍​លេខ​១​ប្រចាំ​តំបន់​លង្វែក​ ខេត្តកំពង់ឆ្នាំង។

 

ខណៈ ​ពេល​ចូល​បំរើ​ជាតិ​ការពារ​ទឹក​ដីសុវណ្ណភូមិ​បាន​រយៈ​ពេល​២​ឆ្នាំ​ដោយ​សារ​ គ្រួសារ​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង និង​មាន​តែ​រូប​នាយ​ជា​គោល​ជំហរ​នៅ​ក្នុង​គ្រួសារ​នោះ​ពែកមី​ក៏​ងាក​មក​ចាប់ ​អាជី​ព​ជា​កម្មក​រ​សំណង់​សា​​ថ្មី​។

 

ពែកមី​ពោល​ថា «ក្នុង​អំឡុង​ពេល​ខ្ញុំ​នៅ​បំរើ​កង​ទ័ព​គ្រួសារ​ខ្ញុំ​កំពុង​ជួប​ភាព​ទី​ ទាល់​ស្ទើរ​តែ​គ្មាន​អង្ករ​ច្រក​ឆ្នាំង​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ដក​ខ្លួនពី​ ជួរ​​កង​ទ័ព​មក​ធ្វើ​កម្មករ​សំណង់​ម្តង​ទៀត​ដើម្បី​ជួ​យ​យឹត​យោង​គ្រួសារ​»។ ដោយ​​សារ​ការ​ខិតខំ​ប្រឹង​ប្រែង​​យក​​ចិត្ត​ទុក​ដាក់​គួប​ផ្សំ​នឹង​ភាព​វ័យ​ ឆ្លាត​ក្នុង​ការងារ​ទៀត​នោះ​មិន​យូរ​ប៉ុន្មាន​ពែកមី​ក៏​ក្លាយ​ជា​មេការ​ សំណង់​គ្រប់​គ្រង​ការដ្ឋាន​ទាំង​មូល​។​«បន្ទាប់​ពី​ខ្ញុំ​មក​ចាប់​យក​អាជីព​ នេះ​សា​ជា​ថ្មី​ជា​មួយ​នឹង​ការ​តស៊ូរ​អត់​ធ្មត់​គ្រប់​បែប​យ៉ាង​បាន​រយៈ​ពេល ​មួយ​ឆ្នាំ​ខ្ញុំ​ក៏​បាន​ឡើង​តួនាទី​ជា​មេការ​សំណង់​រហូត​ខ្ញុំ​មាន​លទ្ធភាព ​ជួយ​សម្រាល​បន្ទុក​គ្រួសារ​បាន​មួយ​កម្រិត​» ពែកមី​រៀប​រាប់។

 

ចំណងអាពាហ៍ពិពាហ៍

 

នាយ ​ ពែកមី ​បាន​រៀបការ​នៅ​ឆ្នាំ​២០០៨ ជា​មួយ​នារី​ជា​កម្មកា​រិនី​កាត់​ដេរ​ឈ្មោះ​ជា សុធីម ហៅ ​ច្រិប ​បច្ចុប្បន្ន​មាន​វ័យ​២៤​ឆ្នាំ​។ នាង​ជា​កូន​អ្នក​ចំការ​មាន​ស្រុក​កំណើត​នៅ​អ្នក​លឿង​ ខេត្តព្រៃវែង​។ នាយ​មាន​កូន​ពីរ​នាក់​ជា​ចំណង​ដៃ​នៃ​អាពាហ៍ពិពាហ៍​។ កូន​ស្រី​ច្បង​ឈ្មោះ រឹម សុរ៉ាស៊ី វ័យ​២​ឆ្នាំ និង​កូន​នៅ​ក្នុង​ផ្ទៃ​ទើប​មាន​អាយុ​៥​ខែ​នៅ​ឡើយ​។ ពែក​មី​មិន​មាន​គម្រោង​យកបុត្រ​បន្ថែម​ទៀត​ទេ បើ​ទោះ​បី​ជា​កូន​ទី​ពីរ​ប្រសូត្រ​មក​ប្រុស​ឬ​ស្រី​ក្តី​។

 

ជំហានចូលសិល្បៈ

 

នាយ ពែកមី មាន​និស្ស័យ​ខាង​សិល្បៈ​តាំង​តែ​ពី​តូច​ម្ល៉េះ គឺ​ស្រលាញ់​ផ្នែក​ចម្រៀង ហើយ​ក៏​ធ្លាប់​ដាក់​ពាក្យ​ប្រឡង​ចម្រៀង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩​កាល​ពី ​អំឡុង​ឆ្នាំ២០០០​ម្តង​ដែរ​ តែសំណាង​មិន​ល្អ​​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​ពោល​គឺ​ចាប់​តាំង​ពី​ធ្វើ ​តេស្ត​លើក​ដំបូង​ម្ល៉េះ​។ ចាប់​តាំង​ពីពេ​ល​នោះ​មក ពែកមី មិន​ធ្លាប់​រំពឹង​ថា នឹង​បាន​ក្លាយ​ជា​អ្នក​សិល្បៈ​តាម​ការ​ស្រមើ​ស្រមៃ​នោះ​ឡើយ​។ ទើ​ប​នៅ​ឆ្នាំ២​០០៩​ស្ថានីយ​ទូរទស្សន៍​CTN​បាន​ជ្រើស​រើស​តារា​កំប្លែង​តាម​ រយៈ​កម្មវិធី​«មហាកំប្លែង»​ហើយ​នាយ​ ពែកមី​ក៏​មាន​ឱកាស​ដាក់​ពាក្យ​ប្រឡង​ប្រជែង​រហូត​ឆ្លង​កាត់​ការ​ជម្រុះ​៥​ វគ្គ និង​បាន​ជាប់​ដោយ​ជោគ​ជ័យ​រួច​ក៏​បាន​ក្លាយ​ជា​តារា​កំប្លែង​ប្រចាំ​ស្ថានីយ ​ទូរទស្សន៍​CTN​។

 

 

 

ពែក ​មី ​រៀប​រាប់​ថា​ «​ពេល​ខ្ញុំ​ដាក់​ពាក្យ​ប្រឡង​កំប្លែង​ដំបូង​ខ្ញុំ​មិន​សង្ឃឹម​ថា​បាន​ជាប់​ នោះ​ទេ ​គ្រាន់​តែ​គិត​ថា​បាន​ចេញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​ម្តង​ក៏​អស់​ចិត្ត​ដែរ ​ តែ​ខ្ញុំ​ពិត​ជា​រំភើប​ចិត្ត​ខ្លាំង​ណាស់​ពេល​ខ្ញុំ​បាន​ឆ្លង​ផុត​វគ្គ​ទី​ ១”​។ នាយ​បន្ថែម​ថា បន្ទាប់​មក​លោក​ក៏​មិន​រំពឹង​ថា​អាច​បាន​ជាប់​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ​ ដែរ​ត្បិត​អី​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន​ទៀត​ដែល​មាន​បេក្ខជន​ប្រឡង​ រាប់​រយ​នាក់​ តែ​លោក​ក៏​ទទួល​បាន​ជោគជ៏យ​នៅ​វគ្គ​ទី​២​។ ខណៈ​នោះ​លោក​ចាប់​ផ្តើម​ជឿ​ជាក់​លើ​ខ្លួន​ឯង និង​គិត​ថា​ត្រូវ​តែ​ប្រឹង​ប្រែង​ដើម្បី​យក​ពាន​រង្វាន់​ឲ្យ​បាន​។ ទី​​បំផុតលោក​​ក៏​ទទួល​បាន​ជោគ​ជ៏យ​ស្ទើ​រ​មិន​នឹក​ស្មាន​ដល់​។

 

ពែកមី ​បន្ថែម​ថា នាយ​អត់​បាន​ដឹង​ថា​ ខ្លួន​ឯង​មាន​ទេពកោសល្យ​ខាង​ផ្នែក​កំប្លែង​នោះ​ទេ ​ត្បិតតាំងពី​​តូច​​ចូល​ចិត្ត​តែ​ខាង​ច្រៀង​។ ប៉ុន្តែ​តារា​កំប្លែង​រូប​នេះ​ក៏​ជា​បុគ្គល​ចូល​ចិត្ត​ខាង​តែង​និពន្ធ​ផង​ ដែរ​។ ជាង​នេះ​ទៅ​ទៀត​នាយ​ជា​មនុស្ស​រប៉ិលរប៉ូច​ចូល​ចិត្ត​និយាយ​ប្រូ​ឲ្យ​គេ​សើច​ ។ នាយ ពែកមី ចាប់​ផ្តើម​មា​ន​ឈ្មោះ​បោះ​សម្លេង​តារ​យៈ​រឿង​កំប្លែង​«ថាងចេង»​ហើយ​កាន់​តែ ​ល្បីល្បាញ​ទៀត​នោះ​នៅ​ពេល​នាយ​បាន​និពន្ធ​កំណាព្យ​កំប្លែង​ជា​ច្រើន​ដែល​ ត្រូវបា​ន​អ្នក​គាំទ្រ​បាញ់​ប្លូ​ធូសត​ៗ​គ្នា​រួម​មាន​កំណាព្យ «ទំនួញឆ្កែ»​«ច្បាប់ផឹកស៊ី»​«ច្បាប់សុំទាន»​«លក់ថ្នាំស្រែង»​ «អង្វរម៉ែក្មេក»…។

 

ការ ​ឈោង​ចាប់​នូវ​ភាព​ល្បីល្បាញ​នៅ​លើ​វិថី​សិល្បៈ​នាយ ពែកមី​បាន​ប្រើ​ពេល​វេលា​តិច​បំផុត​បើ​ធៀប​​នឹង​តារា​កំប្លែង​ដទៃ​ទៀត​។ ពែកមី​ថ្លែង​ថា​«កត្តា​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​ឆាប់​ទទួល​បាន​​ប្រជា​ប្រិយ​ភាព ​យ៉ាង​ឆាប់​រហ័ស ​ដោយ​សារ​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ស្ថាប័ន​ដែល​ល្បី​ ខ្ញុំ​បាន​កំប្លែង​ក្នុង​កម្មវិធី​ល្បី​ៗ​មាន​អ្នក​ដឹក​នាំ​ល្អ​ជា​មួយ​នឹង​ ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្ញុំ​ទៀត​នោះ​ ទើប​ធ្វើ​ឲ្យ​​​ខ្ញុំ​មាន​​ឱ​កាស​​ច្រើ​ន​ក្នុង​ការ​ទាក់​ទាញ​សម្លេង​គាំទ្រ ​»។​ តារា​កំប្លែង​រូប​នេះ​បញ្ជាក់​ថា បើ​គ្មាន​ការ​ជួយ​ជ្រំ​ជ្រែង​ពី​ប៉ុស្តិ៍​CTN​ទេ​នោះ​ នាយ​ក៏មិ​ន​មាន​ថ្ងៃ​នេះ​ដែ​រ។

 

 

បច្ចុប្បន្ន ​តារា​កំប្លែង​ដែល​ជាប់​កុង​ត្រា​​នៅ​ប៉ុស្តិ៍​CTN​រូប​នេះ​បាន​កំប្លែង​នៅ​ ក្នុង​កម្មវិធី​មួយ​ចំនួន​ដូច​ជា​កម្មវិធី​«រាត្រី​កំសាន្ត»​​ «សំណើចតាមភូមិ»​«សុខគាលក្ខិណាប៊ីអាយជី»​«Sunday  concert» និងកំប្លែង show នៅក្នុងកម្មវិធី «A  1 Concert»។ ក្រៅពីនេះនាយ ពែកមី​ក៏​កំពុង​មមាញឹក​យ៉ាង​ខ្លាង​នឹង​ការ​ចេញ​កំប្លែង​តាម​កម្មវិធី​ Concert​ នានា ក៏​ដូច​ជា​កម្មវិធី​មង្គល​ការ​ផ្សេងៗ​ដែល​ទទួល​បាន​ប្រាក់​​ចំនូល​យ៉ាង​ ច្រើន​គួរ​សម​ផង​ដែរ​។ ពែក​មី​បាន​ទទួល​ស្គាល់​ថា អាជីព​កំប្លែង​ពិត​ជា​បាន​ជួយ​ឲ្យ​ជីវភាព​របស់​នាយ​គេច​ផុត​ពី​ភាព​ទី​ទាល់​ ខ្វះ​ខា​ត​ដូច​ពេល​មុន​។ «ចាប់​តាំង​ពី​ខ្ញុំ​ចូល​ប្រឡូក​សិល្បៈ ខ្ញុំ​ជួយ​គ្រួសារ​បាន​ច្រើន​​ ត្បិត​អី​ខ្ញុំទ​ទួល​បាន​ប្រាក់​ចំនូល​ច្រើន​គួរ​សម​ដែរ​។ ម្យ៉ាង​ទៀត​ខ្ញុំ​មាន​លទ្ធភាព​ជួយ​យឹត​យោង​ប្អូន​ប្រុស​(នាយ​គ្រឿន​)​ម្នាក់ ​ឲ្យ​ចូល​កំប្លែ​ជា​មួយ​ខ្ញុំ​ដែរ។ ជា​ពិសេស​នោះ​បាន​ជួយ​សម្រាល​បន្ទុក​ភរិយា​មិន​ឲ្យ​គាត់​ធ្វើ​ការ​លំបាក​ដូច ​មុន​ទេ​»​ពែកមីនិយាយ។

 

គោល ​បំណង​ទៅ​ថ្ងៃ​អនាគត​ ពែកមី មិន​ទាន់​គិត​អ្វី​ក្រៅ​ពី​ការងារ​សិល្បៈ​នោះ​ទេ​។ តារា​កំប្លែង​រូប​នេះ​ថ្លែង​ថា​«សព្វ​ថ្ងៃ​ខ្ញុំ​រវល់​ច្រើន​ជា​មួយ​អាជីព​ កំប្លែង​ស្ទើ​តែ​គ្មាន​ពេល​សម្រាក​។ ដូច្នេះ​ខ្ញុំ​មិន​ទាន់​បែង​គំនិត​​គិតអ្វី​ផ្សេង​ក្រៅ​ពី​​ការងារ​នេះ​ឡើយ​ ពោល​គឺ​ខ្ញុំ​ត្រូវ​តែ​បន្ត​អភិវឌ្ឈន៍​គំនិត​ខិត​ខំ​រិៈរ​ក​នូវ​អ្វី​ដែល​ ថ្មី​ៗ​ប្លែក​ដើម្បី​បំរើ​ទស្សនិក​ជន និង​បង្កើន​ប្រជា​ប្រិយ​ភាព​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​នេះ​»។

 

លោក ចែម ចាន់ដារ៉ា ហៅ​នាយ ពែកមី ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយ​រៀងជា​តារា​កំប្លែងមុខ​ស្ងួត​​ពោរពេញ​ ដោយ​ភាព​ប៉ិនប្រសប់​ និង​ទេពកោសល្យ​ក្នុង​ការ​និយាយ​ស្តី។ លោក​ជា​តារា​កំប្លែង​ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លំាង​ពី​មហាជន បន្ទាប់ពី​​បាន​ក្លាយ​ជា​សមាជិក​ក្រុម​កំប្លែង​នៅ​ទូរទស្សន៍​ស៊ីធីអិន។  មុន​នឹង​មាន​ថ្ងៃ​នេះ​លោក​ឆ្លងកាត់​ការ​លំបាក​គ្រប់​បែប​យ៉ាង​សម្រាប់​ ភាពយុវវ័យ​របស់​លោក​ដែល​ត្រូវ​ធ្វើ​ជា​កម្មករ និង​រោងចក្រ​កាត់​ដេរ៕

 

អត្ថបទ៖ សុខមេត្តា

កែ​សម្រួល៖ ជាន ចាន់រ៉ា

 

អត្ថបទថ្មី