សូមប្រយ័ត្ន! ជីវិតអាចធ្លាក់ដល់សូន្យ បើយកខ្លួនបៀតជាមួយមនុស្ស៦ប្រភេទនេះ

  • 2018-03-19 05:12:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ចូល​មក​ជីវិត គឺ​សំខាន់​ណាស់ មនុស្ស​ខ្លះ​ចូល​មក​នាំ​នូវ​ភាព​រីក​ចម្រើន តែ​មនុស្ស​ខ្លះ​អាច​នាំ​ជីវិត​ឲ្យ​ដុនដាប​បាន​ ប្រសិន​បើ​ភ្លេច​ខ្លួន​តែ​បន្តិច។ ខាង​ក្រោម​នេះ គឺ​ជា​ការ​លើក​ឡើង​របស់ លោក នឹម លាងហេង ជា​គ្រូ​បង្រៀន​ភាសាបរទេស អាច​ប្រើប្រាស់​រហូត​ជិត​២០​ភាសា និង​កំពុង​ជោគជ័យ​ក្នុង​ជីវិត បាន​ចែករំលែក​ពី​ប្រភេទ​មនុស្ស​មួយ​ចំនួន​មិន​គូរ​សេព​គប់​ឡើយ៖ ​

លោក នឹម លាងហេង ចេះជិត២០ភាសា

**១. មនុស្ស​មាន​ខ្លាំង​ចូលចិត្ត​សម្ញែង​ទ្រព្យ​សម្បត្តិ**

លោក នឹម លាងហេង និយាយថា ការ​បង្កើត​ទំនាក់​ទំនង​ជាមួយ​បុគ្គល​ជោគជ័យ​ដោយ​ការ​ខិត​ខំ និង​បុគ្គល​មាន​ខ្លាំង​ដោយ​សារ​គ្រួសារ គឺ​ជា​រឿង​ខុស​គ្នា​ស្រឡះ។ ការ​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ចូល​ចិត្ត​បង្អួត​សម្ភារៈ​និយម ឬ​មនុស្ស​ចូល​ចិត្ត​ភាព​ហ៊ឺហា បាន​ត្រឹម​នាំ​យើង​ទៅ​រក​ការ​ចំណាយ​តាម​បែប​អ្នក​មាន​ ស្គាល់​ការ​សប្បាយ​ឡូយ​ឆាយ​ហួស​មាឌ។

ដូច​ពាក្យ​ចាស់​តែង​ពោល​ថា «ចាយ​ឲ្យ​មើល​មាឌ កុំ​ឃើញ​ដំរី​ជុះ​ធំ ជុំ​តាម​ដំរី» ដូចនេះ​ហើយ គួរ​បង្កើត​ទំនាក់ទំនង​ជោគជ័យ​ដោយ​ការ​តស៊ូ មនុស្ស​មិន​ចេះ​អួតអាង​ទ្រព្យ​សម្បត្តិ ទើប​អាច​ទទួល​បាន​បទពិសោធន៍​ល្អៗ​។

២. មនុស្ស​ដែល​រក​បាន​ប៉ុណ្ណា​ចាយ​ប៉ុណ្ណឹង​គ្មាន​គិត​វែង​ឆ្ងាយ

បុគ្គលតស៊ូក្នុង​ការសិក្សារមិនធម្មតានេះបនតទៀតថា ភាគ​ច្រើន​មនុស្ស​ប្រភេទ​នេះ តែង​ចាយ​លុយ​ដោយ​គ្មាន​គោលការណ៍​ គ្មាន​ការ​សន្សំ គ្មាន​គោលដៅ ដឹង​តែ​ថា ចាយ​លុយ​ឲ្យ​សប្បាយ​តាម​ចង់។ ការ​សេពគប់​មនុស្ស​ប្រភេទ​នេះ គ្មាន​ចំណុច​ណា​មួយ​គួរ​រៀន​សូត្រ​តាម​នោះទេ តែ​ផ្ទុយ​មក​វិញ​នាំ​ឲ្យ​យើង​លង់​ខ្លួន​ជាមួយ​ទឹក​លុយ ភ្លេច​គិត​ពី​រឿង​អនាគត ចុង​ក្រោយ​បាន​ត្រឹម​សោកស្ដាយ​ប៉ុណ្ណោះ។

៣. មនុស្ស​ដែល​យក​ការ​សប្បាយ​ជា​ធំ​ក្នុង​បច្ចុប្បន្ន​កាល

ជា​ការណ៍​ពិត​មនុស្ស​គ្រប់​រូប​មិន​អាច​រស់​ជាមួយ តែ​ការងារ និង​រៀន​សូត្រ​នោះ​ទេ គឺ​ត្រូវ​មាន​ពេល​វេលា​លម្ហែ​ខ្លះ​ដែរ។ ប៉ុន្តែ​ត្រង់​ចំណុច​នេះ​ គឺ​សំដៅ​ទៅ​ដល់​មនុស្ស​ដែល​មិន​គិតគូរ​ពី​រឿង​អនាគត​សោះ ការងារ​ក៏​មិន​ច្បាស់​លាស់ រៀន​សូត្រ​ក៏​មិន​ខំ​ស្រវា​ប្រទាញ គិត​តែ​រឿង​សប្បាយ។ ការ​សេពគប់​មនុស្ស​បែបនេះ​នឹង​ធ្វើ​ឲ្យ​រីករាយ​ក្នុង​បច្ចុប្បន្ន តែ​បើ​នាំ​ទៅ​រក​អនាគត​ដ៏​ល្អ គឺ​មាន​មិន​មាន​ឡើយ។

៤. មនុស្ស​ដែល​មាន​ទំនាក់ទំនង​ច្រើន​តែ​សុទ្ធ​តែ​អត់​ប្រយោជន៍​ដូច​គ្នា

មែន​ហើយ ការ​រាប់​អាន​គ្នា មិន​មែន​ទាល់​តែ​មាន​ផល​ប្រយោជន៍​ឲ្យ​ខ្លួន​ទើប​រាប់​អាន​នោះ​ទេ តែ​ក៏​មិន​មែន​មាន​ន័យ​ថា ត្រូវ​តែ​សេពគប់​មនុស្ស​គ្មាន​ប្រយោជន៍​អ្វី​នោះ​ដែរ។ មុន​សម្រេច​ចិត្ត​យក​អ្នក​ណា​មក​ធ្វើ​ជា​កល្យាណ​មិត្ត ក៏​ត្រូវ​សង្កេត​ដែរ​ថា តើ​មិត្ត​ភក្ដិ​គេ​ជា​មនុស្ស​បែប​ណា? ជា​អ្នក​រៀន​សូត្រ ឬ​បុគ្គល​ល្អ​ក្នុង​សង្គម​ឬ​ទេ? បើ​មើល​ទៅ​ឃើញ​ថា មនុស្ស​ដែល​គេ​សេពគប់​ភាគ​ច្រើន​សុទ្ធ​តែ​អ្នក​ចូលចិត្ត​សប្បាយ បង​ធំ​បង​តូច មិន​គួរ​យក​ខ្លួន​ទៅ​បៀត​ឡើយ ព្រោះ​គ្មាន​បាន​ប្រយោជន៍​អ្វី និង​មាន​អ្វី​គួរ​ឲ្យ​យក​គំរូ​តាម​ឡើយ។

៥. មនុស្ស​ដែល​មាន​បញ្ហា​ចាក់​ស្រេះ​ច្រើន

ត្រង់​ចំណុច​នេះ មិន​មែន​សំដៅ​ថា ឲ្យ​តែ​មនុស្ស​មាន​បញ្ហា​ច្រើន​មិន​រាប់​អាន​នោះ​ទេ តែ​ត្រូវ​ដឹង​ថា បញ្ហា​មនុស្ស​វា​មាន​ច្រើន​ខុស​គ្នា។ មនុស្ស​​មាន​បញ្ហា​ចាក់​ស្រេះ​មិន​គួរ​សេពគប់​ជាមួយ​ដូចជា៖ មនុស្ស​ញៀន​ល្បែង សេព​គ្រឿង​ញៀន ធ្វើ​បាប​ចិត្ត​ឪពុកម្ដាយ ឬ​មាន​ជម្លោះ​ទាស់ទែង​ជាមួយ​អ្នក​ជិត ខាង​រឿង​ជំពាក់​លុយ​មិន​សង។ល។ ដូច្នេះ​ការ​យក​ខ្លួន​ទៅ​ប្រឡូក​ជាមូយ​មនុស្ស​បែប​នេះ ស្រួល​មិន​ស្រួល​អាច​នាំ​រឿង​ដាក់​ខ្លួន​បាន។

៦. មនុស្ស​ដែល​យក​ជា​ការ​មិន​បាន​ពេល​មាន​ការ​សំខាន់

ដោយ​ឡែក​មនុស្ស​បែប​នេះ​វិញ សំដៅ​ថា អ្នក​ដែល​បាន​ត្រឹម​តែ​លេង​សើច​ឡេះឡោះ​អត់​ប្រយោជន៍ តែ​បើ​យក​ជា​សាច់​ការ​គឺ​គ្មាន​បាន​ការ​អ្វី​សោះ។ ការ​សេពគប់​មិត្តភក្ដិ មិន​មែន​ឲ្យ​តែ​ច្រើន​ចំនួន​ តែ​គ្មាន​គុណភាព​នោះ​ទេ មិត្ត​ភក្ដិ​ដែល​ល្អ គឺ​អ្នក​ដែល​ចេះ​ព្រឹក្សា​យោបល់​ល្អ​ៗ​ពេល​មាន​បញ្ហា មិត្ត​ភក្ដិ​ដែល​ចេះ​លើក​ទឹក​ចិត្ត​ជា​ដើម។ ដោយ​ឡែក​មនុស្ស​ខ្លះ ស្គាល់​យើង​តែ​ពេល​សប្បាយ​ប៉ុណ្ណោះ តែ​ពេល​មាន​បញ្ហា​រត់​ចោល​បាត​ជើង​សព្រាត៕

អត្ថបទ៖ វឌ្ឍនៈ