នេះហើយ ប្រជុំបទចម្រៀងពី "ឆ្កែ" ល្បីៗតាមឆ្នាំរៀងៗខ្លួន
- 2018-03-19 05:15:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយ ប្រជុំបទចម្រៀងពី "ឆ្កែ" ល្បីៗតាមឆ្នាំរៀងៗខ្លួន
ចន្លោះមិនឃើញ
ប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតកម្មធំៗប្រជែងគ្នាដណ្ដើមយកប្រជាប្រិយភាពពីប្រិយមិត្តរបស់ខ្លួនយ៉ាងខ្លាំងក្នុងឱកាសពិសេសៗ។ ជាក់ស្ដែង នៅចំរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ បុណ្យអុំទូក ជាពិសេសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ផលិតកម្មនីមួយប្រឹងប្រែងបញ្ចេញបទប្រភេទរាំលេងសប្បាយៗ ដែលពាក្យពេញនិយម ក្នុងចង្កោមយុវវ័យហៅថា "បែកស្លុយ" ច្រើនប្រជែងគ្នា។
បទចម្រៀងប្រភេទនេះ ចង្វាក់ក៏ស្លុយ ចំណងជើងក៏ប្លែកៗ ក្នុងនោះ មាន់ ទា ពស់ ជាដើម ត្រូវបានលើកមកពណ៌នាអមជាមួយបទភ្លេងឲ្យយុវវ័យរាំលេងក្នុងឱកាសពិសេស។ មិនត្រឹមប៉ុណ្ណឹង "ឆ្កែ" សត្វចិញ្ចឹមដ៏គួរឲ្យស្រឡាញ់មួយប្រភេទ ក៏មានមុខក្នុងបទចម្រៀងរាំលេងសប្បាយៗដែរ ដែលថែមទាំងពេញនិយមទៀតរៀងៗខ្លួន។ បទទាំងនោះមាន៖
១.“ឆ្កែក្រុងឆ្កែស្រែ"៖ បទរបស់នាយពែកមីនេះ ចេញនៅក្នុងផលិតកម្មថោននៅឆ្នាំ ២០១៤។ ត្បិតថា មានខ្លឹមសារ ក៏ដូចជារសជាតិប្លែក បទនេះ ទទួលបានការពេញនិយមច្រើននាអំឡុងពេលនោះ។ ជាក់ស្ដែង ក៏មានអ្នកយកមកច្រៀងតាម (Cover) ជាច្រើនផង។
២. "បើអូនស្រឡាញ់បង ម៉ែឲ្យជិះឆ្កែ"៖ ជាចង្វាក់រាំវង់ លាយ Hip Hop ដែលបានបញ្ចេញតំណាលគ្នាជាមួយបទ "រាំញីកែងជើង"។ បទនេះឆ្លើយឆ្លងគ្នាដោយអ្នកនាង ពេជ្រ សោភា និង G-Devith។
៣. “ឆ្កែរត់បុកប៉ោត"៖ បទរបស់ ពេជ្រ សោភា មួយនេះ ក៏មិនអន់ទេ ក្រោយចេញជាផ្លូវការស្វាគមន៍បុណ្យចូលឆ្នាំខ្មែរឆ្នាំ ២០១៧។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បង្ហាញចំណាប់អារម្មណ៍លើបទនេះដែរ ដោយអះអាងថាប្លែក។
៤.មកដល់ឆ្នាំ ២០១៨នេះ ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងមកដល់នៅជិត៣សប្ដាហ៍ទៀតខាងមុខ ហង្សមាស គ៏បានបញ្ចេញចម្រៀងពាក់ព័ន្ធនឹងឆ្កែថ្មីទៀត មានចំណងជើងថា "បីឆ្កែចូលរាំ"នៅតែច្រៀងដោយ ពេជ្រ សោភា ដដែល។ បទនេះ មានសន្ទុះគាំទ្រមិនធម្មតាដែរ ដែលអាចនឹងក្លាយជាបទពេញនិយមមួយក្នុងចំណោមបទ រាំលេងសប្បាយៗផ្សេងទៀតនៅឆ្នាំនេះ។
ជាក់ស្ដែង សូម្បីមិនទាន់ចេញវីដេអូចម្រៀងផ្លូវការនៅឡើយក៏ដោយ ក៏មានអ្នកយកទៅច្រៀងរាំតាមហូរហែ។ ឯអ្នកខ្លះទៀត ក៏បានយកបទនេះទៅកាត់តដាក់ជាមួយកាយវិការផ្សេងៗផងដែរ។
៥. “ឱបអាប៉មទៅរាំ"៖ ត្បិតថា មិនចេញឈ្មោះចំលើចំណងជើង ប៉ុន្តែ អាប៉ម គឺជាឈ្មោះឆ្កែរបស់ សុខ ពិសីក្នុងបទចម្រៀង។ បទនេះ និពន្ធដោយ អ៊ាម វន្នី ឲ្យ សុខ ពិសី ត្រៀមចេញសម្រាប់បុណ្យចូលឆ្នាំខ្មែរខាងមុខនេះដែរ។
ឆ្នាំក្រោយមានចម្រៀងពីឆ្កែទៀត ឬអត់ បើរាំសប្បាយម្ល៉ឹងៗ!!!