តារាចាស់វស្សា Shah Rukh Khan លាតត្រដាងចរិត​កូនទាំង ៣គ្មានសល់

  • 2018-03-29 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិត​គ្រួសារ​របស់​តារា​សម្ដែង​លំដាប់​កំពូល​របស់​ឥណ្ឌា​ Shah Rukh Khan តែង​ធ្វើ​ឲ្យ​ប្រជាជន​ក្នុង​ប្រទេស​ និង​គ្រប់​គ្នា​ដែល​ជា​អ្នក​គាំទ្រ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ ចង់​តាម​ដាន​ឥត​ស្រាកស្រាន្ត។

ពេល​នេះ​ អ្វីៗ​ត្រូវ​បាន​ស្រាយ​បញ្ជាក់​ចេញ​ពី​ឪពុក​របស់​តារា​ជើង​ចាស់​រូបនេះ​ ទាក់ទង​នឹង​កូនៗ​ទាំង​ ៣​របស់​លោក។ Shah Rukh Khan គឺ​ជា​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​មហាជន​គ្រប់​មជ្ឈដ្ឋាន​ ហើយ​ក្នុង​គ្រួសារ​ លោក​ជា​ស្វាមី​ និង​ឪពុក​ល្អ​ម្នាក់​ដែល​មាន​ចិត្ត​ស្មោះ​ភក្ដី​ ប្រកប​ដោយ​ព្រហ្មវិហារ​ធម៌។

និយាយ​ពី​កូន​ប្រុស​ស្រី​ទាំង​ ៣​របស់​លោក​ ក៏​មិន​ធម្មតា​ដែរ ព្រោះ​ម្នាក់ៗ​សុទ្ធ​តែ​មាន​មហិច្ឆតា​ខ្ពស់។ ផ្ដើម​ពី​កូន​ទី ១​មុន​ មាន​ឈ្មោះ​ថា​ Aryan គឺ​ជា​ក្មេង​ប្រុស​វ័យ​ជំទង់​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​មនុស្ស​ម្នាក់​អស្ចារ្យ​ជាង​ឪពុក​នៅ​ថ្ងៃ​ណា​មួយ។

ចំពោះ​កូន​ស្រី​ទី​ ២​ Suhana​ វិញ​ លោក​ឪពុក​រូបនេះ​និយាយ​ថា​ នាង​ជាមនុស្ស​ទន់​ភ្លន់ និង​ទទួល​បាន​ក្ដី​ស្រឡាញ់​ច្រើន​ជាង​គេ​ក្នុង​ផ្ទះ។ នាង​ចូល​ចិត្ត​មើល​កុន​ណាស់ ហើយ​ថ្ងៃ​ណា​មួយ​ក្មេង​ស្រី​រូបនេះ​ ចង់​ក្លាយ​ជា​ផ្នែក​មួយ​ក្នុង​វិស័យ​សិល្បៈ។

រីឯ​កូន​ប្រុស​ពៅ​ AbRam នៅ​តូច​ណាស់ ហើយ​ក៏​ជា​កូន​ដែល​លោក​យក​ចិត្ត​ទុកដាក់​ជាង​គេ​ដែរ។ អ្វី​ដែល​កាន់​តែ​រំភើប​នោះ​ កូន​ពៅ​ម្នាក់​នេះ​បារម្ភ​ពី​ឪពុក​ណាស់។ សូម្បី​មើល​រឿង​ ឃើញ​ឪពុក​ត្រូវ​គេ​វាយ​ ក៏​ AbRam ព្រួយ​ពី​ឪពុក​ទាំង​មិន​ដឹង​ថា​នោះ​ជា​ការ​សម្ដែង ហើយ​ថែម​ទាំង​និយាយ​ថា​ បើ​ថ្ងៃ​ណា​មួយ​គេ​ ជួប​មនុស្ស​ទាំង​នោះ​ គឺ​ធ្វើ​បាប​វិញ។ ខុស​ពី​បងៗ ក្មេង​តូច​ AbRam គឺជា​កុមារា​រួសរាយ​ និង​គួរ​ឲ្យស្រឡាញ់​បំផុត។ ឲ្យ​តែ​ពេល​បាន​ជួប​នឹង​អ្នក​គាំទ្រ​របស់​ឪពុក​ គេ​សប្បាយ​ចិត្ត​ណាស់។

កូន​ ៣​នាក់​របស់​តារា​ប្រុស​វ័យ​ ៥២​ឆ្នាំ​រូបនេះ​ ពិត​ជា​ក្ដី​សុខ​ពិត​របស់​លោក​ និង​ភរិយា។ ត្បិត​ជីវិត​ជា​អ្នក​សិល្បៈ​មាន​បញ្ហា​មិន​ឈប់​ ប៉ុន្តែ​សម្រាប់​ជីវិត​គ្រួសារ​លោក​ ស្គាល់​តែ​រឿង​រីករាយ​តាំង​ពី​ចាប់​ដៃ​គ្នា​សាង​សុភមង្គល​តាំង​ពី​ឆ្នាំ ១៩៩១មក៕

ប្រភព៖ timesofindia   ប្រែ​សម្រួល៖ យី សុធារី