ស្រីស្អាត នៅ សូនីតា ភ្លឺភ្នែក ក្រោយទទួលមេរៀនពីអ្នកនាង ស៊ឹម សូលីកា
- 2018-03-29 05:08:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាត នៅ សូនីតា ភ្លឺភ្នែក ក្រោយទទួលមេរៀនពីអ្នកនាង ស៊ឹម សូលីកា
ចន្លោះមិនឃើញ
ជារឿងមួយដែលពិតជាគួរឲ្យរំភើប និងមិននឹកស្មានដល់នោះទេ ដែលតារាសម្តែងស្រី កញ្ញា នៅ សូនីតា ត្រូវបានក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត តម្រូវឲ្យសម្ដែងជាតួអប្សរា ពោលគឺជាតួសំខាន់ក្នុងទស្សនីយភាពរឿង "អច្ឆរិយអង្គរ" ដែលបង្ហាញពីការកកើតប្រាសាទអង្គរវត្ត នាខេត្តសៀមរាប ។
អ្វីដែលកាន់តែពិសេសនោះ កញ្ញា សូនីតា ទទួលបានការណែនាំពីអតីតតួស្រីសំខាន់ដែលធ្លាប់សម្ដែងរឿងនេះ កាលពីរដូវកាលទី១ នាឆ្នាំ២០០៧ គឺអ្នកនាង ស៊ឹម សូលីកា។
ពី១ឆ្នាំទៅ១ឆ្នាំ សង្កេតឃើញថា ព្រឹត្តិការណ៍អង្គរសង្ក្រាន ដែលរៀបចំ និងដឹកនាំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ស្ថានីយទូរទស្សន៍បាយ័ន និងស្ថាប័នពាក់ព័ន្ធនានា តែងតែខិតខំប្រឹងប្រែងរៀបចំ ព្រឹត្តិការណ៍នេះឲ្យកាន់តែធំប្លែក និងតែងលើកកម្ពស់ប្រពៃណីវប្បធម៌បុរាណ មកបង្ហាញជូនបងអូនប្រជាពលរដ្ឋ បានកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ។
បើតាមតារាស្រីកញ្ញា នៅ សូនីតា ដែលជាតួអង្គស្រីក្នុងទស្សនីយភាពរឿង "អច្ឆរិយអង្គរ" បានរៀបរាប់ឲ្យដឹងថា ខ្លួនពិតជាមានមោទនភាពខ្លាំង ដែលខ្លួនបានក្លាយជាតួសំខាន់ហើយបានសម្តែងក្នុងសាច់រឿងមួយដែលនិយាយពីប្រវត្តិសាស្ត្រខ្មែរ។ នាងបន្ថែមថា ការសម្ដែងនេះគឺឆ្លងកាត់ភាពលំបាកច្រើន ទាំងការហាត់ពត់ដៃ ការដើរហើរ និងកាយវិការគ្រប់សណ្ឋាន។
ស្រីស្អាតដដែល បានប្រាប់ឲ្យដឹងទៀតថា ក្រោយពីបានហាត់សមជាមួយក្រុមការងារបានធ្វើឲ្យនាង អាចសម្របខ្លួន និងហាត់រៀនបានច្រើន ដូច្នេះការលំបាក គឺត្រូវបានកាត់បន្ថយ ដោយសារតែ ពិធីការិនី អ្នកនាង ស៊ឹម សូលីកា ជារៀមច្បងជួយបង្ហាត់បង្រៀន ចែករំលែកបទពិសោធន៍ពន្យល់ពីក្បាច់នៃការដើរ និងចំណុចពិសេសៗក្នុងការសម្តែង ទើបធ្វើឲ្យខ្លួនមានទំនុកចិត្តថាខ្លួនអាចធ្វើបាន៕