នាយ កុយ​ ស្ទុះស្ទា​ទាំង​ទឹក​ភ្នែក​រលីង​រលោង​​ទៅ​រក​ វីតាមីនសេ នៅ​ដង្ហើម​ចុង​ក្រោយ

  • 2018-03-29 09:32:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ភ្លាម​​ថា​​ស្ថាន​ភាព​ជំងឺ​ តាវីតាមីនសេ ​​ធ្លាក់​ដល់​ដំណាក់​កាល​ចុង​ក្រោយ​​មិន​អាច​ស្រោច​ស្រង់​បាន​​​​នាយ កុយ ដែល​ជា​ក្រុម​កំប្លែង​រួម​ជំនាន់​​បាន​រួត​រះ​​ទៅ​ដល់​ផ្ទះ​ ឪពុក​ប៉េង​ប៉ោង​មុន​គេ​ទាំង​ទឹក​ភ្នែក​រលីង​រលោង​ ដើម្បី​ឲ្យ​ទាន់​ដង្ហើម​ចុង​ក្រោយ​។

​​​​​​នាយ កុយ បាន​ឲ្យ​ដឹង​ថា​ គ្រាន់​តែ​លឺ​ដំណឹង​ថា តាវីតាមីនសេ ត្រូវ​បាន​កូន​ៗ​ដឹក​ចេញ​ពី​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត្រ​ មក​សូត្រ​មន្ត​សុំ​សីល​នៅ​ផ្ទះ​ក្នុង​​ដង្ហើម​ចុង​ក្រោយ​ភ្លាម​ ខ្លួន​បាន​​ទាញ​រថយន្ត​​​ចេញ​​ផ្ទះ​សំដៅ​ទៅ​គេហដ្ឋាន​ វីតាមីនសេ ដែល​ស្ថិត​នៅ​ផ្លូវ​ ២៧១ ត្រឡោក​បែក​ ហើយ​ខ្លួន​​ក៏​បាន​ទៅ​ដល់​មុន​ ដោយ​អង្គុយ​រង់ចាំ​​រង់ចាំ​មិត្តភ័ក្ដិ​ចាស់​​ប្រហែល​កន្លះ​ម៉ោង​ទើប​មក​ដល់​។

ជាមួយ​ទឹក​ភ្នែក​រលីង​រលោង​​ ដោយ​មិន​នឹក​ស្មាន​ថា តាវីតាមីនសេ ធ្លាក់​ខ្លួន​​​ដល់​ដំណាក់​កាល​ចុង​ក្រោយ​នៅ​អាយុ​ ៦៩ ឆ្នាំ នាយ កុយ បាន​រៀប​រាប់​ថា៖" ខ្ញុំ​មាន​ពាក្យ​ចង់​និយាយ​ច្រើន​ទៅ​កាន់ តាវីតាមីនសេ តែ​មិន​អាច​និយាយ​បាន ដូច្នេះ​មាន​សូម​ជូន​បុណ្យ​កុសល​​ ដែល​ខ្ញុំ​ធ្វើ​ល្អ​ទាំង​ប៉ុន្មាន​​ ជូន​ទៅ​ដល់​គាត់​ផង​ចុះ​"។

នាយ កុយ បាន​បញ្ជាក់​​ខ្លួន​ និង​ តាវីតាមីនសេ បាន​កំប្លែង​ជាមួយ​គ្នា​ជាង​ ៣០ មក​ហើយ​តាំង​ពី​សម័យ​រដ្ឋ​កម្ពុជា​មក​ម្ល៉េះ​។ ហេតុ​ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ លោក មាន​អារម្មណ៍​ក្ដុក​ក្ដួល​ ព្រោះ​តែ​នឹក​ឃើញ​អនុស្សាវរីយ៍​កម្សត់​កម្រ​ជាមួយ​​នា​ពេល​កន្លង​មក​។

នាយ ​វីតាមីនសេ មាន​ជំងឺ​មហារីក​ថ្លើម​ធ្ង​ន់ធ្ងរ​ជា​ច្រើន​ឆ្នាំ​មក​ហើយ លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​ជា​ច្រើន​លើក​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស៕​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន