​​មាន​សម្ដែង​ល្បុក្កតោ​ដ៏​ធំ​​មុខ​អង្គរ ថ្ងៃ​ប្រកាស​កីឡា​នេះ​ជា​សម្បត្តិ​​​បេតិកភណ្ឌ​ពិភព​លោក ​​

  • 2018-03-29 10:11:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ល្បុក្កតោ​កម្ពុជា នឹង​មាន​រៀប​ចំ​ព្រឹត្តិការណ៍​សម្ដែង​​​​ដ៏​ធំ​មួយ​ ​នៅ​ទីតាំង​មុខ​ប្រាសាទ​អង្គរ​វត្ត ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃ​ប្រកាស​លទ្ធផល​ដាក់​បញ្ចូល​​​​ជា​ផ្លូវ​ការ​កីឡា​នេះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក។ ​

កីឡា​ល្បុក្កតោ​របស់​កម្ពុជា ​​បាន​ដាក់​ឯកសារ​​​ទៅ​កាន់​អង្គការ​ UNESCO ដើម្បី​ចូល​ខ្លួន​ជា​​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​កាល​ដើម​ឆ្នាំ​២០១៧។ ​ខណៈ​នៅ​​ដើម​ខែ​មីនា ឆ្នាំ​២០១៨ អង្គការ​មួយ​នេះ​បាន​បើក​មើល​​ឯក​សារ​ដែល​ល្បុក្កតោ​បាន​ដាក់​ទៅ​ហើយ។

ឯក​ឧត្ដម វ៉ាត់ ចំរើន

​ក្នុង​ឱកាស​បើក​វគ្គ​បណ្ដុះ​បណ្ដាល​អាជ្ញាកណ្ដាល ចៅ​ក្រម និង​គ្រូ​បង្វឹក​ថ្នាក់​ជាតិ​​នៅ​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​មុន​នេះ ឯក​ឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ក្រោយ​ពេល​បើក​មើល​នេះ ​ដល់​ខែ​មិថុនា ឆ្នាំ​២០១៨ អង្គការ​មួយ​នេះ​ នឹង​ឆ្លើយ​​មក​កាន់​កម្ពុជា​ថា នៅ​មាន​ខ្វះខាត​ឯក​សារ​ឬ​យ៉ាង​​ណា។

​ឯក​ឧត្ដម​រូប​នេះ​បន្ថែម​ថា ​បើ​មើល​ឃើញ​ថា ឯក​គ្រប់​គ្រាន់​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ UNESCO នឹង​បញ្ជូន​​ទៅ​គណៈកម្មការ​វិនិច្ឆ័យ​ជា​លើក​ចុង​ក្រោយ។ បន្ទាប់​មក​ដល់​ខែ​មីនា ឆ្នាំ​២០១៩ ​អង្គការ​មួយ​នេះ​ នឹង​បញ្ជាក់​មក​កម្ពុជា​​​​ម្ដង​ទៀត​​អំពី​ឯក​សារ​​ដែល​ដាក់​ល្បុក្កតោ​ជា​សម្បត្តិ​ពិភព​លោក​នេះ​ថា តើ​គ្រប់​គ្រាន់​ឬ​យ៉ាង​ណា​ជា​លើក​ទី​២​។ ​​

​​ប្រសិន​បើ​ដល់​ដំណាក់​កាល​នេះ​មើល​ឃើញ​ថា ​លក្ខខណ្ឌ​គ្រប់​គ្រាន់​ហើយ​​នោះ​ ​ជា​ចុង​ក្រោយ​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ​អង្គារ​ UNESCO នឹង​ផ្ដល់​ដំណឹង​ថា ល្បុក្កតោ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​។ ​ជា​មួយ​គ្នា​នោះ​ឯក​ឧត្ដម ​វ៉ាត់​ ចំរើន ប្រកាស​ថា នឹង​រៀប​ចំ​ព្រឹត្តិការណ៍​សម្ដែង​ល្បុក្កតោ​​ដ៏​ធំ​មួយ​​នៅ​មុខ​ប្រាសាទ​អង្គរ​វត្តិ​ក្នុង​ថ្ងៃ​ប្រកាស​លទ្ធផល​នោះ​ ដើម្បី​ជា​ការ​អបអរ​។

​ក្នុង​ការ​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​ខាង​លើ​​គឺ​មាន​សិក្ខាកាម​ចូល​រួម​ចំនួន ២៧ រូប ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ ​បញ្ជាក់​ការ​សិក្សា​​ចន្លោះ​ពី​ថ្ងៃ​២៧-២៩ ខែ​មីនា ​ឆ្នាំ​២០១៨ នៅ​ NOCC ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​