នាយ​ សានម៉ៅ ត្រដរ​មក​​បុណ្យ​សព​លោក​តា​ វីតមីនសេ ទាំង​ខ្លួន​ល្ហិតល្ហៃ

  • 2018-03-30 03:19:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​វេលា​ដែល​អតីត​តារា​កំប្លែង​លោក​ វីតាមីនសេ បាន​លា​ចាក​លោក​ទៅ​នេះ សិល្បករ​ សិល្បការិនី​គ្រប់​វ័យ​ទូទាំង​ប្រទេស​បាន​បង្ហាញ​ក្ដី​សោក​សង្រេង​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់​បង់​បុគ្គល​ដែល​បន្សល់​ទុក​ស្នាដៃ​យ៉ាង​ច្រើនក្នុង​សង្គម​សិល្បៈ​ខ្មែរ។

ព្រឹក​នេះ សព​លោក​​លោក វីតាមីនសេ កំពុង​តម្កល់​នៅ​ផ្ទះ​ដើម្បី​ឲ្យ​ញាតិមិត្ត​មក​គោរព​លា និង​ធ្វើ​បុណ្យ​តាម​ពិធី​នៃ​ព្រះ​ពុទ្ធសាសនា។ ក្នុង​នោះ​ នាយ សាន​ម៉ៅ សិល្បករ​ជើង​ចាស់​ដែល​កំពុង​មាន​ជំងឺ​ច្រើន​​រុករាន​​កាយ​ ក៏​កំពុង​បង្ហាញ​វត្តមាន​ទាំង​សុខភាព​​​មិន​ល្អ​ប្រសើរ​នៅ​ឡើយ។

ថ្លែង​មក​កាន់​សារព័ត៌មាន Sabay នាយ សានម៉ៅ បាន​ឲ្យ​ដឹង​ថា​ខ្លួន​​ទើប​តែ​ចេញ​ពី​សម្រាក​នៅ​មន្ទីរពេទ្យ​រយៈ​ពេល​២ ៣​ថ្ងៃ​ប៉ុណ្ណោះ តែ​អ្វី​ដែល​ជំរុញ​ឲ្យ​លោក​ព្យាយាម​ក្រោក​ពី​កន្ទេល​មក​អង្គុយ​ក្នុង​រោង​បុណ្យ​ដែល​មាន​ទី​តាំង​នៅ​ខណ្ឌ​សែន​សុខ​នេះ ព្រោះ​តែ​អនុស្សាវរីយ​រាប់​មិន​អស់​ ដែល​លោក​ធ្លាប់​មាន​ជា​មួយ​រៀមច្បង។

លោក​រៀបរាប់​ទាំង​អស់​កម្លាំង​ថា៖ "មក​នេះ​ ទាំង​ល្ហិតល្ហៃ ដើរ​អត់​ចង់​រួច​ផង ដើរ​​បាន​តិចៗ​​ គ្មាន​កម្លាំង តែ​ក៏​ត្រូវ​មក​ព្រោះ​អនុស្សាវរីយ​តាំង​ពី​ឆ្នាំ​១៩៧៩ រហូត​មក"។​

តារា​កំប្លែង​ដដែល​បាន​ឲ្យ​​ដឹង​ទៀត​​ថា ខណៈ​នេះ​លោក​កំពុង​មាន​ជំងឺ​សាហាវ​៣​ប្រចាំ​កាយ គឺ​លើស​ឈាម ទឹក​នោម​ផ្អែម និង​បេះដូង។

បើ​​តាម​ការ​សួរ​បន្ថែម​ទៅ​ក្រុម​គ្រួសារ​​បាន​ឲ្យ​ដឹង​ថា សព​លោក​ វីតាមីនសេ ដែល​ទទួល​អនិច្ចកម្ម​កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​២៩ ឈាន​ចូល​៣០​នេះ​ នឹង​ត្រូវ​បូជា​នៅ​ល្ងាច​​ថ្ងៃ​អាទិត្យ​ ទី​០១​ ខែ​មេសា នៅ​វត្ត​​មកុដ​បុរី​ នា​ម៉ោង​៥ ឬ​៦​ល្ងាច៕​

អត្ថបទ៖ សុខណា

រាយការណ៍៖ ឆុង ស៊ីណាន

អត្ថបទថ្មី