នាយ​ក្រឹម រម្លឹក​រឿង​​​ខំ​ទូល​រែក​ ជំនាន់​សម្ដែង​ដូរ​អង្ករ​ជា​មួយ តា ​វីតាមីនសេ

  • 2018-03-31 04:42:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ការ​ចាក​ចេញ​ដ៏​គួរ​ឲ្យ​ស្ដាយ​របស់​អតីត​កូន​ក្រុម នាយ​ក្រឹម​ ដែល​ជា​អ្នក​ដឹក​នាំ​បាន​បង្ហាញ​ពី​ក្ដី​សោក​សង្រេង​ និង​រម្លឹក​អតីតកាល​ដែល​ខ្លួន​ធ្លាប់​ហែល​ឆ្លង​ជា​មួយ​គ្នា ​តាំង​ពី​សម្ដែង​ដូរ​អង្ករ រហូត​បាន​​ជា​មាស ​​រែកពុន​​​សម្ភារៈ​ក្រោយ​សម្ដែង និង​ឆ្លង​កាត់​សង្គ្រាម​ជា​ច្រើន​ដំណាក់​កាល​មក។

នាយ​ ក្រឹម និយាយ​ថា លោក​ រីតាមីនសេ គឺ​ជា​ដៃ​គូ​ល្អ ដែល​តស៊ូ​ជា​មួយ​គ្នា​​តាំង​ពី​ទសវត្សរ៍​ទី​៨០​មក។ លោក​ជា​ធនធាន​កម្រ​មួយ​ក្នុង​សិល្បៈ ដែល​គ្មាន​អ្នក​ណា​អាច​ប្រដូច​បាន​ ទាំង​ទម្រង់​សិល្បៈ​ល្ខោន​បាសាក់ និង​កំប្លែង​សម័យ។

ក្នុង​នោះ​លោក​រៀបរាប់​ពី​អត្តចរិត​របស់​ឪពុក​អ្នក​នាង​ប៉េងប៉ោងថា ​ជា​មនុស្ស​ដែល​គោរព​ការងារ​ និង​ស្ដាប់​​ ត្រងត្រាប់​តាម​លោក​ដែល​ជា​មេ​ក្រុម​ជានិច្ច។ ម្យ៉ាង​នាយ វីតាមីនសេ ​ថែម​ទាំង​​ជា​បុគ្គល​ដែល​​​តែង​ឈឺ​ឆ្អាល​នឹង​ការងារ​​សង្គម​ផ្សេងៗ ហើយ​ក៏​​​​បុគ្គលិក​ក្នុង​ស្ថាប័ន​រដ្ឋ​ដ៏​ល្អ​ផង​ដែរ។

នាយក្រឹម និង​ភរិយា នាយ​ វីតាមីនសេ

ថ្លែង​ពី​រឿង​កម្សត់​កម្រ លោក អ៊ូ ប៊ុណ្ណារ៉ាត់ អ្នក​ដឹក​នាំ​ក្រុម​កំប្លែង "សំណើច​ចុង​សប្ដាហ៍​" លើក​ឡើង​ថា៖ "កាល​ណោះ​នៅ​ឆ្នាំ​៨០​ក្រាស់ គាត់​បាន​​ប្តូរ​ពី​អ្នក​ល្ខោន​បាសាក់ មក​លេង​កំប្លែង​ក្នុង​ក្រុម​ខ្ញុំ។ យើង​លេង​តាំង​ដូរ​អង្ករ ដូរ​មាស ទើប​រហូត​បាន​​ប្រាក់​រៀល។ កាល​សម័យ​ដូរ​អង្ករ​នោះ យើង​ទៅ​លេង​នៅ​​ខេត្ត ដែល​ខេត្ត​គេ​មិន​ចាយ​លុយ​រៀល​ទេ ជា​ចាយ​អង្គរ​ជា​តៅៗ។ សម្ដែង​ហើយ​ នាំ​គ្នា​សែង​អង្ករ​មក​ជា​មួយ​គ្នា និង​ឆ្លង​កាត់​ជីវិត​ក្នុង​សង្គ្រាម​ជា​មួយ​គ្នា​ទៀត តែ​ដល់​ពេល​ស្រុក​មាន​សន្តិភាព​គាត់​ក៏​បាន​ចាក​ចេញ​ទៅ"៕

អត្ថបទ៖ សុខណា