ទិដ្ឋភាពមិត្តរួមជំនាន់ មកលាលោក វីតាមីនសេ ជាលើកចុងក្រោយ

  • 2018-04-02 03:37:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សពតារាកំប្លែងជើងចាស់ វីតាមីនសេ បានរំលាយកាលពីល្ងាច ថ្ងៃទី១មេសា ឆ្នាំ២០១៨នៅ វត្តវង្គដបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ វេលាម៉ោង ៦ ល្ងាច ដោយមានការអញ្ជើញចូលរួមពីមិត្តរួមអាជីព និងភ្ញៀវកិត្តិយស ជិតឆ្ងាយជាច្រើន​រូប។ គ្រប់គ្នាបានបង្ហាញទឹកមុខក្រៀមក្រំបង្ហាញនូវការសោកស្ដាយពន់ពេក ចំពោះការបែកគ្នាគ្មានថ្ងៃជួបនេះ។

មិនត្រឹមតែសាច់ញាតិ អ្នកគាំទ្រជាច្រើន ដែលបានចូរួមលាលោក វីតាមីនសេ ជាលើកចុងក្រោយនោះទេ ក្នុងនោះយើងក៏ឃើញមិត្តរួមជំនាន់ លោក សង់ស៊ីស បើទោះបីជាមាន ជំងឺជាប់ខ្លួននិយាយមិនបាន ក៏នៅតែមកចូលរួម លាមិត្តសម្លាញ់របស់ខ្លួនជាលើកចុងក្រោយដែរ។ តាមការបញ្ជាក់របស់លោកសង់សេត កូនប្រុសរបស់លោកសង់ស៊ី ថាឪពុកខ្លួន ចង់មកចូលរួមតាំងពីដឹងដំណឹងភ្លាម។ លោក សង់ស៊ីស បានបង្ហាញអារម្មណ៍ខ្សឹកខ្សួល និងសោកសៅយ៉ាងខ្លាំង ព្រោះតែនឹកឃើញអនុស្សាវរីយ៍កម្សត់កម្រជាមួយគ្នានាពេលកន្លងមក។

ជាមួយគ្នានេះ អ្នកស្រីយ៉យ ក៏បានបង្ហាញនូវអារម្មណ៍ នឹកស្រណោះរៀបរាប់ទាំងទឹកភ្នែកថា អ្នកស្រី និងលោក វីតាមីនសេ បានរួមការងារជាមួយគ្នាតាំងពីខ្លួននៅកំលោះក្រមុំ រហូតរៀបការមានកូនចៅរៀងខ្លួន។ អ្នកស្រីរម្លឹកថា៖ កាលពីបែកហើយ ខ្ញុំ និងគាត់ (លោក វីតាមីនសេ)បានចេញទៅសម្ដែងតាមខេត្ត ពេលនោះគឺគ្មានកន្លែងដេក ឲ្យស្រួលបួលទេ គឺមានតែអង្រឹងដែលចងនៅដើមឈើដើម្បីដេកប៉ុណ្ណោះ ជួនកាលដេកហាលភ្លៀងក៏មាន ហើយចេះតែនាំគ្នាខំធ្វើការទៀត ព្រោះអត់អ្នកណាស្រលាញ់សិល្បៈមួយនេះផង»។ អ្នក​ស្រីបញ្ជាក់ថា​ អ្នក​ស្រី​គ្មាន​អ្វី​ក្រៅពីសោកស្តាយនោះទេ ចំពោះការបែកគ្នាលើកនេះ។

កំពូលតារាកំប្លែង វីតាមីនសេ បានទទួលមរណភាពកាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៨ ដោយជំងឺមហារីកថ្លើម។ ។ ពិធីបុណ្យ៧ថ្ងៃ នឹងប្រារព្ធនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១៨ ក្នុង វត្តវង្គដបុរី ដោយសារបណ្តាំរបស់លោកមុនស្លាប់ទៅ ណាមួយទៀតលោកក៏ជាពុទ្ធបរិស័ទ ចំណុះជើងវត្តនេះដែរ៕

អត្ថបទ៖ ច្រឹក ស្រីអូន