កុំច្រឡំ! ថ្ងៃចូលឆ្នាំថ្មី មិនមែនជាថ្ងៃឆ្លងពុទ្ធសករាជថ្មីនោះទេ
- 2018-04-20 08:21:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំច្រឡំ! ថ្ងៃចូលឆ្នាំថ្មី មិនមែនជាថ្ងៃឆ្លងពុទ្ធសករាជថ្មីនោះទេ
ចន្លោះមិនឃើញ
ប្រជាពលរដ្ឋមួយចំនួនទំនងជាមិនទាន់ដឹងច្បាស់ ឬក៏នៅភាន់ច្រឡំអំពីការកំណត់ពុទ្ធសករាជ ថាតើគួររាប់ឡើងមួយឆ្នាំទៀតក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ឬយ៉ាងណា។ ត្រង់ចំណុចនេះមន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនាលើកឡើងថានៅប្រទេសកម្ពុជាពុទ្ធសករាជថ្មីត្រូវចាប់គិតពីថ្ងៃ១រោច ខែពិសាខ ជារៀងរាល់ឆ្នាំ។
ឯកឧត្តម សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាឲ្យSabay ដឹងថានៅប្រទេសកម្ពុជាការឆ្លងចូលពុទ្ធសករាជថ្មីគឺកំណត់យកនៅថ្ងៃព្រះពុទ្ធយាងចូលនិព្វាន ពោលគឺនៅថ្ងៃ១រោច ខែពិសាខ។
បើតាមប្រក្រតិទិនថ្ងៃ១រោច ខែពិសាខ គឺត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំនេះ ដែលជាថ្ងៃឆ្លងចូលពុទ្ធសករាជ២៥៦២។
ឯកឧត្តមបន្ថែមថា៖ «រាប់ចាប់ពីថ្ងៃ១រោច ខែពិសាខ ពុទ្ធសករាជហ្នឹងលោករាប់ចាប់តាំងថ្ងៃព្រះពុទ្ធយាងចូលនិព្វានទៅ...អ៊ីចឹងទេយើងរាប់ថ្ងៃ១រោច ខែពិសាខ ជាថ្ងៃឆ្លងពុទ្ធសករាជថ្មី...ការប្រើប្រាស់ជារដ្ឋបាលអីហ្នឹងយើងយក ទៅតាមនីតិវិធីហ្នឹងគឺយកថ្ងៃ១រោច (ខែពិសាខ)ជាថ្ងៃឆ្លងសករាជ»។
ទោះយ៉ាងណាឯកឧត្តមឲ្យដឹងថា ក៏មានដែរប្រទេសកាន់ព្រះពុទ្ធសានាហើយកំណត់យកថ្ងៃផ្សេងពីនេះជាថ្ងៃឆ្លងចូលពុទ្ធសករាជថ្មី ដូចជានៅប្រទេសថៃកំណត់យកថ្ងៃទី១ ខែមករា ជាថ្ងៃឆ្លងពុទ្ធសករាជថ្មី៕