ថៅកែស្រីវ័យ២៣ឆ្នាំ ត្រាវកុដិ Sky Bike ប្រាប់ពីគម្រោងសេវាកម្មកម្សាន្តថ្មី
- 2018-04-23 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៅកែស្រីវ័យ២៣ឆ្នាំ ត្រាវកុដិ Sky Bike ប្រាប់ពីគម្រោងសេវាកម្មកម្សាន្តថ្មី
ចន្លោះមិនឃើញ
ប្រិយមិត្តអ្នកអានអាចស្គាល់ និងឃើញរូបដែលគេបង្ហោះតាម Facebook សេវាកម្មកម្សាន្តថ្មីប្លែកកំពុងពេលនិយម ជិះកង់លើអាកាស មនុស្សជិះខ្សែរ៉ត និងជិះខ្សែក្រវាត់ដេកដូច Superman ដែលមានទីតាំងនៅតំបន់ត្រាវកុដិនៅខេត្តសៀមរាប។
សេវាកម្មកម្សាន្តថ្មីប្លែកនេះបានដាក់ឲ្យភ្ញៀវចូលលេងកម្សាន្តកាលពីពាក់កណ្ដាលខែ កុម្ភៈកន្លងទៅ ដោយ៨០ភាគរយជាភ្ញៀវ និង២០ភាគរយជាភ្ញៀវបរទេសមកលេង។ បើតាមម្ចាស់ទីតាំងកម្សាន្តទើបបង្កើត អ្នកនាង អ៊ីវ នីតា បានប្រាប់ថា ត្រាវកុដិSky Bike ទើបតែបើឲ្យភ្ញៀវចូលកាលពីថ្ងៃចូលឆ្នាំចិន ភ្ញៀវភាគច្រើនមកលេងនៅទីនេះគឺស្គាល់តាមរយៈ Facebook។ នៅក្នុងខែមីនាកន្លងទៅ មានភ្ញៀវមកលេងនៅទីនេះមានរហូតជិត ៤០០នាក់។
ម្ចាស់សេវាកម្សាន្តវ័យ ២៣ឆ្នាំរូបនេះបន្តថា ដោយតែមានភ្ញៀវចាប់អារម្មណ៍ និងមកលេងកាន់តែច្រើន ត្រាវកុដិ Sky Bike គ្រោងនឹងបន្ថែមសេវាកម្សាន្តថ្មីៗមួយចំនួនទៀតនៅពេលខាងមុខដែលក្នុងនោះមានដូចជា កន្លែងបោះតង់ ឆ្នេរខ្សាច់សិប្បនិមិត្ត កោះសិប្បនិមិត្ត ជិះកង់លើទឹក និងអង្រឹងលើទឹក។
សម្រាប់គម្រោងទីមួយដែលមានខ្សែក្រវាត់ដេក(Superman Style) ជិះកង់លើអាកាស (Sky Bike) និងជិះខ្សែរ៉តដែលកំពុងមានវត្តមានស្រាប់នោះម្ចាស់ស្រីរូបនេះបានបង្ហើបថាចំណាយជិតអស់១០ម៉ឺនដុល្លារ ហើយសម្រាប់គម្រោងទី២ កំពុងតែស្ថិតក្នុងការសិក្សាបន្ថែម។
សម្រាប់កញ្ចប់សេវាកម្សាន្តខ្សែក្រវាត់ដេក(Superman Style) ជិះកង់លើអាកាស (Sky Bike) និងជិះខ្សែរ៉ត នេះមានតម្លៃ ១៥ដុល្លារសម្រាប់ភ្ញៀវម្នាក់ ដែលមានពេលជិះបានរហូតដល់ ៤៥ នាទី។
ទីតាំងកន្លែងកម្សាន្តថ្មី ត្រាវកុដិ Sky Bike មានទីតាំងក្នុងភូមិក្រពើ ឃុំ បល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានចម្ងាយពីក្រុងសៀមរាប ប្រមាណ ៣០គីឡូម៉ែត្រ៕