អ្នក​ជំនាញ​កីឡា​៣២​ប្រទេស​នឹង​មក​ប្រជុំ​នៅ​កម្ពុជា​​ខែ​ក្រោយ​

  • 2018-04-25 02:59:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​ជាតិ​​អូឡាំពិក​​កម្ពុជា​​នឹង​ធ្វើ​ម្ចាស់​ផ្ទះ​​រៀប​ចំ​​វេទិកា​អូឡាំពិក​តំបន់​​រយៈ​ពេល​២​ថ្ងៃ​​​គិត​ចាប់​ពី​ថ្ងៃ​ទី​៦-៧​ ខែ​ឧសភា​ ឆ្នាំ​២០១៨​នៅ​សណ្ឋាគារ​សុខា​ រាជ​ធានី​ភ្នំពេញ។

ឯកឧត្តម វ៉ាត់ ចំរើន

ឯក​ឧត្តម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ប្រាប់​ថា​ កម្ពុជា​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​វេទិកា​អូឡាំពិក​តំបន់​ដែល​មាន​ប្រទេស​​៣២​ចូល​រួម។ ​អ្នក​ចូល​រួម​ទាំង​អស់​មាន​​​ចំនួន​១០០​នាក់។ បណ្តា​ប្រទេស​ដែល​ចូល​រួម​គឺ​ប្រទេស​មក​ពី​​តំបន់​អាស៊ី​កណ្តាល​ អាស៊ី​ខាង​ជើង​ និង​អាស៊ី​អាគ្នេយ៍។ ​គណៈកម្មការ​អូឡាំពិក​អន្តរជាតិ​មក​ពី​ប្រទេស​អង់គ្លេស​ និង​ស្វីស​ជា​ដើម។ ក្រុម​គណៈកម្មាធិការ​អូឡាំពិក​របស់​ជប៉ុន​ដែល​ត្រៀម​ខ្លួន​រៀប​ចំ​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​នៅ​ប្រទេស​ជប៉ុន​ឆ្នាំ​២០២០​ក៏​ចូល​រួម​ និង​ក្រុម​ការងារ​​រៀប​ចំ​កីឡា​ទ្វីប​អាស៊ី​ (Asian Games) ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ប៉ុន្មាន​ខែ​ខាង​មុខ​ក៏​ចូល​រួម​ដែរ។​​​

ឯក​ឧត្តម​​អគ្គលេខាធិការ​អូឡាំពិក​កម្ពុជា​បញ្ជាក់​ថា​ ការ​ទទួល​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​វេទិកា​អូឡាំពិក​តំបន់​នេះ​ជា​ផល​ចំណេញ​ល្អ​​សម្រាប់​កម្ពុជា​។ កម្ពុជា​នឹង​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​របស់​ខ្លួន​​ដែល​​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣។ ការ​បង្ហាញ​នេះ​ដើម្បី​​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ពី​​អូឡាំពិក​អន្តរជាតិ​ និង​កាន់​តែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​កម្ពុជា​ខ្លាំង​ឡើយ។

ឯក​ឧត្តម​បញ្ជាក់​ថា​ ក្រុម​​ប្រឹក្សា​អូឡាំពិក​អន្តរជាតិ​ទុក​ចិត្ត​លើ​កម្ពុជា​ក្នុង​ការ​បំផុស​ចលនា​អូឡាំពិក​កម្ពុជា​កន្លង​មក​ដោយ​ផ្អែក​លើ​ប្រទេស​ជាតិ​មាន​សន្តភាព​ ស្ថិរភាព​ និង​ជា​ឱកាស​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ផង​ដែរ។​

សម្តេចតេជោ ហ៊ុន សែន​ ទទួល​ពាន IOC

តាម​ការ​គ្រោង​ទុក​ ឯកឧត្តម​ កែ គឹមយ៉ាន ឧប​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នឹង​ធ្វើ​បទ​បង្ហាញ​ក្នុង​វេទិកា​អូឡាំពិក​តំបន់​នេះ។ ​នេះ​ជា​លើក​ទី​២​ហើយ​ដែល​កម្ពុជា​ទទួល​រៀប​ចំ​ បន្ទាប់​ពី​លើក​ទី​១​ធ្វើ​នៅ​ទី​រួម​ខេត្ត​សៀមរាប​​កាល​ពី​ឆ្នាំ​២០១៣។

ក្រៅ​ពី​កិច្ច​ប្រជុំ​ អ្នក​ចូល​រួម​ទាំង​អស់​នឹង​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​​ដែល​កំពុង​កសាង​ និង​ទស្សនា​រាជ​ធានី​ភ្នំពេញ​ដើម្បី​​វាយ​តម្លៃ​ពី​លក្ខណៈ​សម្បត្តិ​ដែល​កម្ពុជា​ត្រៀម​​ខ្លួន​រៀប​ចំ​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣៕​

អគារ​កីឡា​ក្នុង​សាល​នៃ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី