Apple Love​ ទទួល​បាន​ឱកាស​ថ្មី​មួយ​ទៀត​ នៅ​ហូលីវូដ

  • 2018-05-02 10:55:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ឌូ ពុធ​ម៉ូលីតា ដែល​មាន​ឈ្មោះ​ក្រៅ Apple Love បន្ទាប់​ពី​ទទួល​បាន​អាហារូបករណ៍​ទៅ​រៀន​ខាង​ផ្នែក​ផាត់​មុខ​ក្នុង​វិស័យ​ភាពយន្ត​នៅ​ហូលីវូដ​កាល​ពី​ឆ្នាំ ២០១៧​ ពេល​នេះ​ទទួល​បាន​ឱកាស​ថ្មី​មួយ​ទៀត​ពី​សិល្បករ​ឯកទេស​ខាង​ផ្នែក​ផាត់​មុខ​ឱ្យ​តារា​សំខាន់ៗ​ក្នុង​រឿង​ហូលីវូដ​ដ៏ល្បីម្នាក់។

កាលដើមឡើយ កញ្ញា Apple Love ជាសិល្បករផាត់មុខដែលរៀនសូត្រជំនាញដោយខ្លួនឯងតាម Youtube និងអនុវត្តន៍ការងារផាត់មុខ​ក្នុងភាពយន្ត​ជាច្រើន​នៅប្រទេសកម្ពុជា ហើយដោយការស្រលាញ់ និងទេពកោសល្យ​ កញ្ញា ក៏ទទួលបាន​ការងារជាបន្តបន្ទាប់។ ពិសេសស្នាដៃរបស់កញ្ញា Apple Love ក៏ត្រូវបានផលិតករភាពយន្តបរទេសពេញចិត្ត​រហូតទទួលបានឱកាសរៀនបន្តខាងផ្នែកបច្ចេកទេសផាត់មុខនេះនៅ សាលា The Academy of Motion Picture Arts and Sciences ។ ​

កាលពីព្រឹកមិញនេះ កញ្ញា បានប្រកាសថាខ្លួនទទួលបានឱកាសចុះអនុវត្តផ្ទាល់ជំនាញផាត់មុខដោយ លោក ​ Leonard Engelman ដែលជាបុគ្គលមានស្នាដៃលើវិស័យ​ភាពយន្ត​ដ៏​មាន​សក្តានុពល​សហរដ្ឋអាមេរិក ខាងផ្នែកផាត់មុខ​តែងតួភាពយន្ត។ កញ្ញា រៀបរាប់ថា ៖ «នាងខ្ញំុទេីបតែបានសាលា ជ្រេីសរេីសឲ្យជាប់ក្នុងការបង្រៀន​ដេាយ​ផ្ទាល់ពីលេាក Leonard Engelman អ្នកផាត់មុខលំដាប់ខ្ពស់នៅហូលីវូដ ដែលជាអ្នកផាត់មុខក្នុងរឿង វីរបុរសប្រចៀវ (Batman) រឿង រាំបូ (Rocki ) និងរឿងជាច្រេីនទៀត»។

លោក Leonard Engelman គឺជាម្ចាស់ពានរង្វាន់ Emmy Award របស់ហូលីវូដ លើស្នាដៃជំនាញ​ផាត់មុខ និងការតែងតួយ៉ាងមានភាពច្នៃប្រឌិតក្នុងបណ្តាភាពយន្តកំពូលរបស់ហូលីវូដ។ ការទទួលបានការចាប់អារម្មណ៍​ពី​ Leonard Engelman ជាសញ្ញាបញ្ជាក់ថា​សិល្បករ Apple Love ពិតជាមានលទ្ធភាព និងទេពកោសល្យ ព្រោះតែ​នេះជាការជ្រើសពីសាខាសាលាសិល្បៈ The Academy of Motion Picture Arts and Sciences ដោយផ្ទាល់។ នេះជាសេចក្តីរីករាយសម្រាប់សិល្បកររូបនេះដែលទទួលបានឱកាសដ៏កម្រមួយ ដែលនាងនឹងទទួលបានការបណ្តុះបណ្តាល និងបទបង្ហាញពីការងារផាត់មុខតួភាពយន្តរយៈពេលមួយអាទិត្យនេះពេញ៕

អត្ថបទ៖ Sunny